បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ថៃហៅកាត់ថា FAT បានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយនឹងគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិលោក Akira Nishino។ នេះបើយោងទៅតាមការបញ្ជាក់របស់អង្គភាពមួយនេះ កាលពីរាត្រីថ្ងៃព្រហស្បតិ៍។
ការសម្រេចចិត្តនេះ បានកើតឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យលើសមិទ្ធផលរបស់គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ ក្រោយពីការប្រកួតជម្រុះ World Cup ឆ្នាំ២០២២។ ក្រុមជម្រើសជាតិថៃ រកបានត្រឹមតែ៩ពិន្ទគត់ ពីការប្រកួត៨លើក ក្នុងការប្រកួតជម្រុះប្រចាំតំបន់អាស៊ី សម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ហេតុនេះ សហព័ន្ធកីឡាបាល់ទាត់ថៃ បានសម្រេចចិត្តចែកផ្លូវជាមួយនឹងគ្រូបង្វឹករបស់ខ្លួនតែម្តង។ សហព័ន្ធបានបញ្ជាក់បន្តថា គណៈកម្មាធិការបច្ចេកទេស នឹងរៀបចំការជ្រើសរើសកីឡាករសម្រាប់យុទ្ធនាការកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ និងការប្រកួតជម្រុះ Asian Cup ឆ្នាំ២០២៣។
បន្ទាប់មក សហព័ន្ធកីឡាបាល់ទាត់ថៃ នឹងប្រកាសពីដំណើរការរបស់ខ្លួនក្នុងការជ្រើសរើសយកគ្រូបង្វឹកដែលមានសមត្ថភាពម្នាក់។ លោក Nishino វ័យ៦៦ឆ្នាំ បានចូលកាន់តំណែងក្នុងក្រុមដែលមានរហស្សនាមថា តំបន់ចម្បាំងមួយនេះ ក្នុងឆ្នាំ២០១៩ ក្រោយពីបានដឹកនាំឲ្យប្រទេសរបស់លោកទៅវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨៕
ប្រភពព័ត៌មាន៖ Bangkok Post

