បរទេស៖ ខ្សែការពារ Miles Robinson បានរកគ្រាប់បាល់នៅនាទីបន្ថែម១៥នាទី២ដង ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិសហរដ្ឋអាមេរិក បានផ្តួលក្រុមម្ចាស់ការពារតំណែងជើងឯក ម៉ិកស៊ិក ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ (ព្រឹកថ្ងៃចន្ទនៅកម្ពុជា) ដើម្បីឈ្នះពាន CONCACAF Gold Cup ជាលើកទី៧។
ក្រោយពីការបំពេញតួនាទីយ៉ាងល្អពីអ្នកចាំទី Matt Turner កីឡាករ Robinson បានលោតពីលើខ្សែការពារម៉ិកស៊ិក Edison Alvarez នៅនាទីបន្ថែម និងបានតែតបាល់ផុតដៃអ្នកចាំទី Alfredo Talavera ដើម្បីនាំឲ្យមានការអបអរយ៉ាងអរយ៉ាងខ្លាំងក្លា នាកីឡដ្ឋាន Allegiant ក្នុងទីក្រុង Las Vegas។ Robinson បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលយើងបានទទួលជ័យជម្នះ។ ពិតជាអស្ចារ្យណាស់ និងពោរពេញដោយភាពរំភើប។ ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំអាចរកឃើញចន្លោះ និងបោះ១ជំហានទៅមុខ នោះខ្ញុំអាចរកបានគ្រាប់បាល់បញ្ចូលទីបានហើយ»។
នេះគឺជាការឈ្នះពាន Gold Cup ជាលើកដំបូងរបស់ក្រុមជម្រើសជាតិអាមេរិក បើគិតចាប់តាំងពីឆ្នាំ២០១៧ និងបានបំពេញការសងសឹករបស់ពួកគេក្រោមស្នាដៃក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៩។ លទ្ធផលនេះ មានន័យថា អាមេរិក បានបញ្ចប់ដោយការមិនស្គាល់ចាញ់សោះក្នុងយុទ្ធនាការនៅឆ្នាំនេះ៕


