ប្រតិភូ​កីឡា​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក វ៉ាត់ ចំរើន ជានាយ​បេសកកម្ម ​បាន​វិលត្រឡប់​មក​ដល់មាតុ​ប្រទេស​វិញ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ក្រុម​មួយ​នេះ បាន​បញ្ចប់​បេសកកម្ម នៅ​ក្នុងការ​ប្រកួតកីឡា​អូឡាំពិក​ ទី​ក្រុងតូក្យូ ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន ដែល​បាន​លើក​មក​ធ្វើ​នៅ​ឆ្នាំ​២០២១​នេះ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុងចំណោម​ប្រតិភូ​កីឡា​កម្ពុជា​ទាំង​៨នាក់ ដែល​បាន​វិល​ត្រឡប់​មកកាន់ប្រទេស​នេះ គេ​មិន​បាន​ឃើញ​វត្ត​មានកីឡាករ​អត្តពលកម្ម ប៉ែន សុគង់ នោះ​ទេ ហើយ​បើតាម​សាមី​ខ្លួន​ផ្ទាល់ បាន​ឱ្យ​ដឹង​ថា រូបគេ បាន​បន្ត​ហ្វឹកហាត់នៅប្រទេស​ជប៉ុន​រហូត​ដល់​៨​ខែ​ទៀតឯណោះ ដើម្បីពង្រឹង​សមត្ថ​ភាព ត្រៀម​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ដែល​បាន​លើក​ពេល​ទៅ​ធ្វើ​បនៅ​ចុងខែ​មេសា និងដើម​ខែ​ឧសភា ឆ្នាំ​២០២២។

​តាម​រយៈ CAMSOC កីឡាករជម្រើសជាតិ​កម្ពុជា ប៉ែន សុគង់ ​បាន​ប្រាប់​ពីទីក្រុងតូក្យូ តាមរយៈសារអេឡិចត្រូវនិក ​កាល​ពី​យប់ថ្ងៃទី២ ខែសីហា មក​ថា រូប​គេ​មិន​ទាន់​បាន​វិល​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​ជាមួយ​ក្រុម​ប្រតិភូ​កីឡា​កម្ពុជា ដែល​ដឹកនាំ​ដោយ​​លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែល​ទទួល​បន្ទុក​នាយបេសកកម្ម​អូឡាំពិក​ហ្គេម លើកនេះទេ​។

ប៉ែន សុគង់ បាន​បញ្ជាក់ថា៖​ «​ខ្ញុំ​​ត្រូវ​បន្ត​ការ​ហ្វឹក​ហាត់ ​នៅ​ជប៉ុន​រយៈ​ពេល​៨​ខែ​ទៀត ហើយ​កាបន្តហាត់​នៅជប៉ុន​នេះ ​ក្លិប​កីឡា​អត្តពលកម្ម YUMEOMIRAI ស្ថិតនៅទីក្រុង Kanagawa ក្រោម​​ការ​សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​អត្តពលកម្មស្ម័គ្រចិត្ត ជា​អ្នក​រ៉ាប់រង​​រាល់​ការ​ចំណាយ​លើ​ការ​ហូបចុក ស្នាក់នៅ និង​ការ​ធ្វើដំណើរ ក្នុង​រយៈ​ពេល​ហ្វឹក​ហាត់​៨ខែ​​នេះ ផ្ទាល់តែម្តង»។

កីឡាករ​ជំនាញ​រត់​ល្បឿន​១០០​ម៉ែត្រ ប៉ែន សុគង់ បាន​ប្រាប់​ទៀត​ថា សម្រាប់​ការ​បន្ត​ហ្វឹកហាត់ នៅ​ជប៉ុន​នេះ បានចាប់​ផ្តើម​ កាល​ពី​ថ្ងៃទី១ ខែសីហា​នេះ​តទៅ រហូតដល់ខែមេសា ឆ្នាំ២០២២ គឺ​មុនពេលដែលស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅ​ប្រទេស​វៀតណាម ​បាន​ចាប់​ផ្តើម​ប្រកួត។

សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ប្រទេសជប៉ុន​លើកនេះ ​ប៉ែន សុគង់ ជា​អត្តពលិក​កម្ម​របស់​កម្ពុជា​តែ​ម្នាក់គត់ ក្នុងចំណោម​៣នាក់ ដែល​មិនអាច​បំបែក​ឯតទគ្គ​កម្ម​ខ្លួន​ឯង ដោយ​រូបគេធ្វើ​បាន​ក្នុង​ថិរវេលា ១១.០២ វិនាទី ក្នុងការរត់​ចម្ងាយ​១០០ម៉ែត្រ គឺ​មានការ​ធ្លាក់​ចុះ ជាងឯតទគ្គកម្មចាស់​របស់ខ្លួន ដែល​ធ្លាប់ធ្វើ​បានត្រឹម ១០.៨៧ វិនាទី ខណៈ​អត្ត​ពលិក​ហែល​ទឹក ឃឺន ប៊ុនពេជ្រមរកត និង ហែម ប៉ុច សុទ្ធតែ​បាន​បំបែក​ថិរវេលា​ចាស់​របស់​ខ្លួន​ឯង នៅ​ក្នុង​ការ​​ប្រកួត​​ហែល​សេរី ៥០​ម៉ែ​ត្រដូចគ្នា។

​តាម​រយៈ​ការ​ប្រកួត​នោះ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ​ធ្វើ​​បាន​​ក្នុង​ថិរវេលា ២៩:៤២ វិនាទី ល្អ​ជាង​ឯតទគ្គ​កម្មចាស់ ដែលនាង​ធ្លាប់​​ធ្វើ​​បាន ២៩:៩៩ វិនាទី ចំណែក​កីឡាករ ហែម ប៉ុច ធ្វើបាន​ក្នុងថវិរវេលា ២៤:៩១ វិនាទី គឺ​បានបំបែក​សិទ្ធផល​ចាស់ ២៤:៩២ វិនាទី ដូច​គ្នា។ យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​បន្ត​ហ្វឹកហាត់នៅ​ជប៉ុន​៨​ខែ​ទៀត​នេះ ប៉ែន សុគង់ ​បាន​ប្តេជ្ញា​ខិតខំ​ហ្វឹកហាត់ ដើម្បី​បង្កើនគុណភាពបច្ចេកទេសឱ្យ​កាន់តែល្អប្រសើរ ​ត្រៀម​​ចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម នៅវៀតណាម៕