បរទេស៖ ក្លិប Arsenal កំពុង​តែ​ប្រមាញ់​ទិញ​ខ្សែ​បម្រើ James Maddison ពីក្លិប Leicester ខណៈ​ដែល​ការ​ផ្ទេរ​នេះ​គឺ​ជាផ្នែកមួយ​នៃ​​ការ​ជួស​ជុល​ក្រុម​របស់​លោក Mikel Arteta ឡើង​វិញ​។ អ្នក​ចាត់ការទូទៅ​រូបនេះ ជឿជចាក់​ថា  Maddison អាច​ជួយ​ឲ្យ​ក្រុម​របស់​លោក​មានកម្រិត​ខ្លាំង​ជា​មុន​។

ក្លិប Arsenal កំពុង​តែ​សម្លឹង​រកកីឡាករ​ឆ្នើម​ៗ​បន្ថែម​ទៀត ខណៈ​ដែល Martin Ødegaard បាន​វិល​ទៅកាន់​ក្លិប Real Madrid ក្រោយពី​ការ​ខ្ចី​ជើង​របស់​គេ​ ហើយ​ក្រុម​កាំភ្លើង​ធំ​កំពុងតែ​ព្យាយាម​​ទាក់​ទង​ទៅនឹង​ក្លិប Leicester ដើម្បី​ឲ្យដឹងថា ពួកគេ​បើក​ចំហរ​ឲ្យ​មានការ​ផ្ទេរ​​កីឡាករ​ដ៏ឆ្នើម​ម្នាក់របស់​ពួកគេ ឬ​អត់​។ Arsenal ដែលបាន​ចំណាយ​ប្រាក់​អស់​៧៣លាន​ផោន​ហើយ​នៅរដូវ​ក្តៅនេះ មិន អាច​​ទិញ​យក Maddison បានឡើយ ប្រសិន​បើ​ពួក​គេមិន​បាន​ទទួល​កញ្ចប់ថិវិកា​ពីលក់​ចេញ​កីឡាករ​មួយ​ចំនួន​​ទេនោះ​។ កីឡាករម្នាក់​ដែលនឹង​មិន​ចាក​ចេញនោះគឺ​ខ្សែ​បម្រើ Granit Xhaka ដែល​បាន​យល់​ព្រមលើ​កុង​ត្រា​ថ្មី​រហូត​ដល់​ឆ្នាំ​២០២៥ ក្រោយពី​ការ​ពិភាក្សា​ពីការ​ផ្ទេរ​ទៅកាន់​ក្លិប Roma​ បាន​ទទួល​បរា​ជ័យ​។

Leicester ដែល​បានឈ្នះកៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Europa League ក្រោយពី​ទទួលបានលេខ​៥ មិន​ស្ថិតក្រោមសម្ពាធ​ក្នុងការ​លក់​កីឡាករ​ចេញឡើយ ហើយ​​គេ​យល់​ឃើញ​ថា ពួកគេ​អាច​នឹង​ទាម​ទារ​តម្លៃ​ខ្លួន​យ៉ាងហោចណាស់​៦០​លានផោន សម្រាប់កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ ដែលនៅ​ជាប់​កិច្ច​សន្យា​៣ឆ្នាំ​ទៀត​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian