លោក Casey Barnett ដែល​ជា​អនុ​ប្រធាន​ទី​១​របស់សហព័ន្ធ​កីឡាចំបាប់​កម្ពុជា ​មានការ​រំពឹង​ថា ស្បែក​ជើងម៉ាក​អាមេររិក​ ដែល​លោក​បាន​កាម៉ង់ទិញ​មកពី​សហរដ្ឋ​អាមេរិក​ផ្ទាល់ នឹង​​ក្លាយ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុងការ​ជួយឱ្យ​ក្រុមចំបាប់​កម្ពុជា មានការ​រីក​ចម្រើន​ទៅ​លើបច្ចេក​ទេស ​ទាំង​ការ​ហ្វឹក​ហាត់ និងការ​ប្រកួត នៅ​លើទី​លាន ពិសេស​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ ដែលបានលើក​ទៅ​ធ្វើ​នៅ​ដើម​ខែ​មេសា និង​​ចុងខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខនេះ។

សាស្រ្តាចារ្យ​ផ្នែក​គណនេយ្យ មក​ពីអាមរិក លោក ខេស៊ី បាណេត បានថ្លែង​ថា៖​«ថ្ងៃ​នេះ ខ្ញុំ​​បាន​ប្រគល់​ស្បែក​ជើង​ហ្វឹកហាត់ និងប្រកួត​ ទៅ​ឱ្យ​​ក្រុមជម្រើសជាតិ​​ចំបាប់លម្ពុជា ចំនួន​៣៧គូ ដែល​ស្បែកជើងនេះ ផលិត​នៅប្រទេស​អាមេរិក ជា​ម៉ាក​របស់អាមេរិក គឺ​ជា​ស្វែក​ជើង​ពិសេស​ ទាំង​សម្រាប់ការ​ហ្វឹកហាត់ និងការ​ប្រកួត​»។

លោក Casey ដែល​ធ្លាប់​ជា​អ្នក​ហ្វឹកហាត់កីឡា​ចំបាប់មួយ​រូប​ដែរ​នោះ ​បានប្រាប់​បន្ថែម​​ថា៖«ចំពោះ​​ផ្នែក​កីឡាចំបាប់នេះ ចាំ​បាច់ត្រូវ​មានស្បែក​ជើង​​មានគុណ​ភាព​ខ្ពស់បែបនេះ ទើប​យើងអាច​ប្រើ​បច្ចេក​ទេស ក្នុងការ​ចូលចាប់ និង​បោក​ត្រឡប់​ដៃគូ​បានល្អ ហេតុ​នេះ​យើង​សង្ឃឹ​ម​​ថា ម៉ាក​ស្បែក​ជើង ដែល​​មានកីឡាករ​មួយចំនួន បានប្រើ​នៅក្នុងការ​ប្រកួតអូឡាំពិក ទីក្រុងតូ​ក្យូ ប្រទេស​ជប៉ុននោះ នឹង​ជួយ​ឱ្យ​ក្រុម​អត្តពលិក​ចំបាប់​កម្ពុជា មានបច្ចេក​ទេស​កាន់តែ​ល្អ»។

នាយក​វិទ្យាស្ថាន​ខេមអេដ លោក Casey Barnett កាល​ពី​ថ្ងៃច​ន្ទ ដើម្បី​សប្តាហ៍នេះ បាន​នាំ​យក​ស្បែក​ជើង​ចំនួន​៣៧​គូ ដែលមានតម្លៃ​ស្មើ​នឹង​ ៦០០០ដុល្លារ មក​ប្រគល់​ជូន​ដោយ​លោក ធិន វិចិត្ត អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់កម្ពុជា នៅទីតាំងវិទ្យាស្ថាន CamEd Business School តែ​ម្តង ដើម្បី​យក​ទៅ​ប្រគល់​ជូន​ដល់ក្រុមចំបាប់កម្ពុជា ដែល​កំពុង​មានការ​ខ្វះខាត​ទៅលើសម្ភារហ្វឹកហាត់ ពិសេស​គឺ​ស្បែក​ជើង​នេះតែ​ម្តង ដែល​លោក Casey អះអាង​ថា អ្នក​ខ្លះ​បាន​ហ្វឹក​ហាត់ទាំងគ្មាន​ស្បែក​ជើងពាក់។

អនុ​ប្រធានសហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក Casey បានបញ្ជាក់​ថា៖ ​«​ការ​ឧបត្ថម្ភ​ស្បែកជើង​ដល់​ក្រុមចំបាប់​នេះ ​ក៏​ព្រោះតែ​ស្បែក​ជើង​ចាស់​របស់​ពួកគាត់ បាន​រហែង ហើយ​អ្នក​ខ្លះ ក៏​ហ្វឹកហាត់ ទាំង​អត់​មានស្បែក​ជើង​ផងដែរ អ៊ីចឹងខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ ក្នុងការ​ផ្តល់​ជូនស្បែក​ជើងទាំង​​នេះ ជូនពួក​គេ សម្រាប់​​បន្តការ​ហ្វឹកហាត់ ដើម្បី​ឈាន​ទៅរក​ការ​ទទួល​បានជោគជ័យ នៅ​ក្នុងការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២១ នៅប្រទេស​វៀតណាម ដែល​បាន​លើក​យក​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២២»។

វា​មិន​មែន​ជា​លើកទី​១​នោះទេ ដែល​លោក Casey Barnett បាន​​ជួយ​ឧបត្ថម្ភ​ដល់​ក្រុមជម្រើស​ជាតិ​ចំបាប់​កម្ពុជា ព្រោះ​​​បុរសជនជាតិ​អាមេរិក ដែលមាន​ចិត្ត​ដិត​ដាម​ខ្លាំង ទៅនឹង​កីឡា​ប្រពៃណី​ចំបាប់កម្ពុជា រូបនេះ តែងតែ​ចូល​រួមជួយ​​ដល់​ក្រុមចំបាប់ និង​ក្លិប​ចំបាប់ នៅ​កម្ពុជា គឺ​លោក​បានជួយទាំងសម្ភារ និងថវិកា ដែលគិតមក​ដល់ពេលនេះ លោក​បាន​ចំណាយ​​​សរុបអស់មិនក្រោម​១០ម៉ឺន​ដុល្លារ​នោះ​ទេ ហើយការ​ជួយ​ ដោយ​គ្មាន​ចង់​បាន​ផល​ចំណេញ​ត្រឡប់​ទៅវិញ​នេះ ក៏​ព្រោះតែ​លោក Casey ចង់​ឃើញ ក្រុមចំបាប់កម្ពុជា ទទួលបាន​ជោគ​ជ័យ ពិសេស​ការ​ដណ្តើម​​បាន​មេដាយមាស ពី​ការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ជូន​ប្រទេស​កម្ពុជា៕