អតីតខ្សែ​ការពារ​ដ៏​ឆ្នើម​របស់​ក្រុមជម្រើសជាតិកម្ពុជា រស់ សំអឿន ដែលស្ទើរតែ​លេងមាន​មុខ នៅ​លើទី​លាន​ប្រកួត​នោះ បាន​ធ្វើការ​ប្តេជ្ញា​ថា នឹងខិតខំ​ប្រឹង​ប្រែង ដើម្បី​អភិវឌ្ឍ និងពង្រឹង​សមត្ថ​ភាព បន្ថែម ដើម្បី​អាច​​ប្រជែង​បាន​កៅ​អី​ ឬជម្រើស​១១​នាក់​ដំបូង នៅ​ក្នុង​ក្រុមវិសាខា ឡើងវិញ​នោះ។

​ការ​លើក​ឡើង​របស់ខ្សែ​ការពា​រូបនេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រូបគេ​បាន​បង្ហាញ​ខ្លួន​ប្រមាណ​១០នាទី បន្ទាប់​ពី​គ្រូ​បង្គោល​ជន​ជាតិអង់គ្លេស លោក Curtis Colum ដាក់​ឱ្យ​ចូល​លេង​នៅ​នាទីទី​៨២ ជំនួយ​ខ្សែ​ការពារ ឆេង ម៉េង នៅពេល​ក្រុមវិសាខា បាន​យក​ឈ្នះ​លើ​ក្រុម​សិស្សប្អូន ដែលបានផ្តាច់ខ្លួន​ទៅលេង​ឱ្យក្រុម​ខេត្ត​ព្រៃវែង ៣-២ កាល​ពី​ថ្ងៃអាទិត្យ ទី​១ ខែ​សីហា ឆ្នាំ​២០២១។

យ៉ាង​ណា​ក៏ដោយ រស់ សំអឿន ពិតជា​មាន​ការ​សប្បាយ​ចិត្តខ្លាំង ដែល​បាន​វិល​ចូល​ទៅ​កាន់ទី​លាន​ប្រកួត​ឡើង​វិញ​នេះ។ ​តាម​រយៈ​ក្លិបវិសាខា រស់ សំអឿន បាន​និយាយ​ថា៖ ​«​ខ្ញុំ​ពិតជាសប្បាយ​រីក​រាយ ដែលបាន​​ត្រឡប់​ចូលទី​លាន​ប្រកួត និង​ជួយ​ក្រុម​វិញ ទោះបីខ្ញុំ បានប្តូរ​ចូល​លេង នៅ​វគ្គ​ទី​២ ក៏​ដោយ»។

គួរ​រំឭលថា រស់​ សំអឿន ជា​លំដាប់ខ្សែ​ការពារ​ដ៏​ឆ្នើម​របស់​ក្រុមជម្រើសជាតិ​កម្ពុជា ដែលអាច​រត់ពី​តំបន់ការពារ ឡើង​ទៅ​ជួយ​ដល់​តំបន់ប្រយុទ្ធ ហើយ​ទម្រង់លេង​របស់​គេ ​បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​នៅ​កម្ពុជា មានការ​សរសើរ និងទុក​ចិត្តខ្លាំងបំផុត ទៅលើ​វត្តមាន​របស់  សំអឿន នៅ​លើ​ទី​លាន ហើយ​កាល​នោះ ជាមួយការ​​ចំណាយពេល​៥​ឆ្នាំ ​នៅ​​ក្លិប​បឹងកេត​ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ រស់ សំអឿន ​ក៏​បាន​ជួយ​ឱ្យ​ក្លិប​បឹងកេត លើក​ពាន​​លី​គ​កំពូលកម្ពុជា ​បាន​ពីរលើក ​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។

យ៉ាង​ណា​ក៏​ដោយ ភាព​ល្បី​ល្បាញ និងប្រជា​ប្រិយ​ភាព​របស់ រស់ សំអឿន បាន​ធ្លាក់​ជា​បណ្តើរ បន្ទាប់ពី​​រូបគេ​ បាន​ផ្លាស់ទ្រនំ ពី​ក្លិបបឹងកេត មក​ររួមរស់ជាមួយក្លិប​វិសាខា នេះ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨ ហើយ​ការ​ធ្លាក់ចុះ​នេះ ដោយសារ​តែ រស់ សំអឿន បានជួយ​គ្រោះជាមួយការ​មាន​របួស នៅ​លើទីលាន ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​រូបគេ​មាន​ពេល​មិ​ន​ច្រើន​ទេ ក្នុងការចូលលេង​នៅ​លើទី​លាន។

​​យ៉ាង​ណាក៏​ដោយ នៅពេលនេះ រស់ សំអឿន បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ខំ​ប្រឹង​ប្រជែងយកកៅ​អី​ក្នុងជម្រើស​១១នាក់​ដំបូង នៅ​ក្នុងក្រុម​វិសាខា ​ឱ្យបានវិញ។ សំអឿន បានបញ្ជាក់ថា៖ ​«ខ្ញុំ​ប្តេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​សមត្ថ​ភាព​ឱ្យកាន់តែ​ល្អ​ប្រសើរ និងឈាន​ទៅ​ទទួល​បាន​កៅ​អី​១១​នាក់​ដំបូង​ឡើង​វិញ ជា​ពិសេស​គ្រប់ការ​ប្រកួត​សេសសល់ ទាំង​ក្នុងលីគ និង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន គឺ​ខ្ញុំ​ប្តេជ្ញា​នឹង​​ខំប្រឹង​ប្រែង​លេង​ឱ្យ​អស់​ពី​សមត្ថ​ភាព ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​ជូន​ក្លិប និងអ្នកគាំ​ទ្រ​របស់យើង»។

តែ​ទោះបីជា​យ៉ាង​ណា ​គេ​នៅមិន​ប្រាកដ​ថា រស់ សំអឿន អាច​ធ្វើបានកម្រិតណា​ ដើម្បីសម្រេច​ក្តី​ស្រម៉ៃ​របស់ខ្លួន​នោះ​ទេ ព្រោះ​ វិសាខា ជា​ក្រុម​​ប្រមូល​ផ្តុំ​ដោយ​កីឡាករ​វ័យក្មេង ដែលមាន​សមត្ថ​ភាពល្អៗ ​ហេតុនេះ​ហើយ​ការ​ប្រកួតប្រជែង ដណ្តើម​យកកៅអី១១​នាក់ដំបូង នៅ​ក្នុង​ក្រុម​នេះ វា​នៅតែ​​មានការ​ពិបាក ដ្បិតអី​កីឡាករ​ល្អៗ​ផ្សេង​ទៀត ដែល​មាន​ញ៉ាំញី​ដោយ​របួស​​ផង​នោះ ក៏​មិនបានជាប់ នៅ​ក្នុងជម្រើស​១១​នាក់ដំបូង​ដែរ៕