ខ្សែ​ប្រយុទ្ធមាន​ធំ Timothy Okereke ដែល​បាន​​បាត់​មុខ​ពី​ការ​ប្រកួត​លីគកំពូល​កម្ពុជា ​​ក្រោយបញ្ចប់កុង​ត្រាជាមួយ​ក្រុម​ភ្នំពេញ​ក្រោន នា​ចុង​រដូវកាល​ឆ្នាំ២០២០​នោះ នឹង​ត្រូវ​បង្ហាញ​វត្តមានជា​ថ្មី សម្រាប់ការ​ប្រកួត​ជើង​ទី​២ លីគកំពូល​កម្ពុជា ​​ឆ្នាំ​២០២១​នេះ ក្នុង​នាមជា​សមាជិក​ថ្មី​របស់​ក្រុមកង​យោធពល​ខេមរភូមិន្ទ (ទ័ព) ហើយ Timothy បាន​មើ​ល​ឃើញ​ថា រដូវ​កាលនេះ មានការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​មុន។

កីឡាករ Timothy ​​បាន​ចុះ​ហត្ថលេខា ផ្ទេ​រមក​កាន់​​ក្រុមកង​យោធពល​ខេមរ​ភូមិន្ទ កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​កុងត្រា​នេះ ​​មាន​សុពលភាព​ដល់​ដាច់​រដូវ​កាលឆ្នាំ​​២០២១ ហើយ​ជាមួយការ​រក​បាន​ទ្រនំ​ថ្មីនេះ  Timothy បានអះអាង​ថា រូប​គេ​បាន ព្យាយាម​ហ្វឹកហាត់​រក្សា​កាយ​សម្បទា និង​កម្លាំង​មិន​ឱ្យ​ស្រក​ស្រុតនោះ​​ឡើយ បើ​ទោះបីជា​រូបគេ ​បាន​ខក​ខាន​ប្រកួត​អស់​រយៈ​ពេល​៧​ខែ​មក​ហើយ​ក៏​ដោយ។

សម្រាប់ការ​​វិល​មក​កាន់​ការ​ប្រកួត​លីគកំពូល​កម្ពុជា ជា​ថ្មី​នេះ Timothy ​បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយ ដែល​បាន​ត្រឡប់​មក​វិញ បន្ទាប់ពី​មិន​បាន​លេង​រយៈ​​ពេល​​៧​ខែ​មក​នេះ ហើយ​ក្ដី​រំពឹង និង​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​នៅ​តែ​ដដែល ដោយក្នុង​នោះ ការ​ជួយ​ក្រុម​ឱ្យ​ទទួល​បាន​ជ័យជម្នះ ជា​អាទិភាព​របស់​ខ្ញុំ ព្រោះខ្ញុំ​បាន​ព្យាយាម​ដាក់​គោលការណ៍​លើ​ខ្លួន​ឯង​បាន​​១០០ភាគរយហើយ សម្រាប់​ការ​ត្រឡប់​មក​វិញ​នេះ គឺ​ខ្ញុំ​​បាន​ត្រៀម​រួច​រាល់​ហើយ​»។

ខ្សែ​ប្រយុទ្ធនីហ្សេរីយ៉ា​ពាក់លេខ​៩៩ រូបនេះ បាន​បបន្ថែម​ថា៖ ​«ខ្ញុំ​មើល​ឃើញ​ថា ការ​ប្រកួត​​លីគកំពូល​កម្ពុជា រដូវ​កាល​នេះ​ វា​ពិត​ជា​ល្អ​ប្រសើរ​ជាង​មុន និង​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​មុន ព្រោះ​ក្រុម​ទាំងអស់ សុទ្ធតែ​ចង់​ឈ្នះ ​មិន​ថា ស្ថានការណ៍​បែបណា​នោះ​ទេ ហើយ​ចំណុច​ទាំងនេះ​ហើយ ដែល​ធ្វើឱ្យ​ការ​ប្រកួត​កាន់​តែតាន​តឹង និង​ធ្វើឱ្យ​លីគ កាន់​តែ​ប្រសើរ​ជាង​មុន»។

គួររំឭកថា កីឡាករ Timothy បាន​ឈាន​ជើងមក​ប្រកប​អាជីព​បាល់​ទាត់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ ដោយ​លេង​នៅ​ក្រុម​ស៊ីម៉ាក់​យូណាយធីត ដល់​ឆ្នាំ​២០១៦ មុន​ផ្លាស់​ទៅ​ខេមបូឌាន​ថាយហ្គឺរ ឆ្នាំ​២០១៧។ លេង​នៅ​​ក្រុម​ខេមបូឌាន​ថាយ​ហ្គឺរ បាន​​មួយ​រដូវកាល កីឡាករ​វ័យ​២៧​ឆ្នាំរូបនេះ ​បាន​ទៅ​ប្តូរ​ទៅ​​ឱ្យក្រុម​​អាស៊ីអឺរ៉ុប​យូណាយ​ធីត រដូវ​កាលឆ្នាំ​​២០១៨។

លេង​នៅ​ក្រុមអាស៊ីអឺរ៉ុប បានត្រឹម​ជើង​ទី​១ Tomothy  ​បាន​បន្ត​​​ផ្ទេរ​ទៅលេង​នៅ​​ក្លិប UiTM ដែល​កាល​ណោះ​ នៅ​ក្រប​ខណ្ឌ​ទី២​ ម៉ាឡេស៊ី ជុំ​ទី២ ឆ្នាំ​​២០១៨ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩ ខ្សែ​ប្រយុទ្ធ​មាន​ធំ​រូបនេះ បានវិល​​ត្រឡប់​មក​កម្ពុជា​វិញ និងបាន​​ចូល​រួម​ជាមួយ​ក្រុម​​អង្គរថាយ​ហ្គឺរ ​ម្ដង​ទៀត ហើយ​នៅ​ឆ្នាំ​២០២០ រូបគេ​​ក៏​បាន​​ផ្ទេរ​ទៅ​ក្រុម​​ភ្នំពេញ​ក្រោន និង​រក​បាន​១២​គ្រាប់ ក្នុងការ​បង្ហាញខ្លួនពេញមួយ​រដូវ​កាល​នោះ៕