វីរៈ​កីឡាការិនីជឺជិតស៊ូ នៃ​ក្រុម​ជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹង​ត្រូវ​ប្រឈមការ​ប្រកួត​ដ៏​លំបាក ក្នុង​ព្រឹត្តិការណ៍កម្រិត​ពិភព​លោក គឺ​ការប្រកួតកីឡាជឺជិតស៊ូ ដណ្ដើម​ខ្សែ​ក្រវាត់ WNO Strawweight Champion អម​ជា​មួយ​ប្រាក់​រង្វាន់ ៣ម៉ឺន​ដុល្លារ ដែល​កម្ពុជា​នេះ នឹង​ត្រូវ​ធ្វើ​នៅ​លើ​សង្វៀន “Who’s Number One ឬ​នរ​ណា​លេខ១” នៅ​ស​ហ​រដ្ឋ​អា​មេ​រិក។

បើ​ទោះបីជា ខាន់ ចេសា មាន​សមត្ថ​ភាព​ខ្លាំង ផ្នែកកីឡាជឺជិតស៊ូ ដោយ​ធ្លាប់​ដណ្តើម​បានមេដាយមាស និង​ពាន​លេខ​១ នៅក្នុងការ​ប្រកួតជើង​ឯក​ពិភព​លោក ហើយ​ក៏បាន​ឈ្នះ​មេដាយ​មាស ពីការ​ប្រកួត​កីឡា​អាស៊ី ដើម្បី​ចាប់ងារ​ជា​វីរកីឡាការិនី​របស់​កម្ពុជា ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ លើ​ប្រភេទ​ទម្ងន់ ១១៥ផោន ឬជាង ៥២គីឡូក្រាម​នេះ គឺ​គណៈកម្មការ បាន​សម្រិត​សម្រាំង​យក​សុទ្ធ​តែ​ជើង​ខ្លាំងលំដាប់កំពូលចំនួន​៨នាក់ មក​ប្រកួត​ប្រជែងគ្នា។

នៅ​ក្នុងចំណោម​បេក្ខភាព​ទាំង​៨នាក់ ដែល​គណៈកម្មការ​ បាន​សម្រិតសម្រាំង និង​ជ្រើសរើស​មក​ប្រកួត ដណ្តើម​ខ្សែក្រវាត់ WNO Strawweight Champion ​នេះ កីឡការិនីប្រេស៊ីល Mayssa Bastos ​បាន​ក្លាយជា​ឧបសគ្គ​យ៉ាង​ធំ សម្រាប់ ខាន់ ចេសា ព្រោះ​​​កីឡាការិនី​ដែល​មានចំណាត់លេខ​១ លើពិភព​លោក លើ​ប្រភេទ​ទម្ងន់​ជាង​៥២​គីឡូក្រាម​រូប​នេះ ធ្លាប់បាន​ឈ្នះ ខាន់ ចេសា របស់​កម្ពុជា ចំនួន២​ដង​​មក​ហើយ កាល​ពីដើមខែមេសា និង​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​ទៅ។ នេះបើយោងតាមរបាយការណ៍ WNO។

ជាមួយ​គ្នា​នេះ កីឡាការិនីចិន Grace Gundrum ដែលឈរលេខរៀងទី២ កម្រិតពិភពលោក បន្ទាប់​ពី Mayssa Bastos ក៏​បានក្លាយ​ជា​ឧបសគ្គ​ធំ ចំពោះ ខាន់ ចេសា ផងដែរ ខណៈ​អ្នកទាំង​២​នេះ ធ្លាប់ត្រូវបានផ្គូរផ្គងឱ្យ​​ជួបគ្នា ក្នុងកម្ម​វិធី WNO នេះ កាលពីចុងខែមេសា ម្តង​ហើយ ប៉ុន្តែត្រូវបាន​លុប​ចោល​វិញ ដោយសារ​ពេល​នោះ​កីឡាការិនី​ចំណាត់​ថ្នាក់លេខ​៣ពិភពលោក ក្នុងទម្ងន់ជាង​៥២គីឡូក្រាម ខាន់ ចេសា បាន​ដកខ្លួន ព្រោះមាន​បញ្ហារបួស។

ចំណែក​បេក្ខភាព​បន្ទាប់ គឺ​កីឡាការិនីអាមេរិក Daniele Kelly ដែល​មាន​ចំណាត់ថ្នាក់លេខ៦ លើពិភព​​លោក ​ក្នុង​ប្រភេទទម្ងន់ ៥៦,៧ គីឡូក្រាម ប៉ុន្តែ​ជើង​ខ្លាំង​ម្នាក់​នេះ ធ្លាប់​បានចាញ់ ខាន់ ចេសា ម្តង​ហើយ កាលពីចុងខែកុម្ភៈកន្លងទៅ។ រីឯបេក្ខភាព​៤នាក់ទៀត​មាន កីឡាការិនីអាមេរិក Amanda “Tubby” Alequin ឈរ​ចំ​ណាត់​ថ្នាក់​ប្រភេទទម្ងន់ Flyweigh (៥៦,៧ គីឡូក្រាម) កីឡាការិនី Jessica Crane ឈរនៅ​លេខ៧ លើ​លោក​ ប្រភេទទម្ងន់ជាង​៥២​គីឡូក្រាម កីឡាការិនី Alex Nguye ឈរ​​នៅ​លេខ៩ ក្នុង​ប្រភេទទម្ងន់​ជាង​៥២គីឡូក្រាម និង​កីឡាការិនី Tammi Musumeci ដែល​អ្នកទាំង​៤នេះ សុទ្ធ​តែជា​អត្តពលិក​របស់​សហរដ្ឋអាមេរិកដូចគ្នា។

យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់នេះ នឹង​ត្រូវ​ធ្វើ​ នៅ​​ថ្ងៃ​ទី​២៥ និងទី​២៦ ខែ​កញ្ញា​ ឆ្នាំ​០២១ ហេតុនេះ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និង​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឆ្នាំ​២០១៩ ខាន់ ចេសា នៅមាន​​ពេល​វេលា​ច្រើន​ទៀត ដើម្បី​ហ្វឹកហាត់​ពង្រឹង​សមត្ថ​ភាព​បន្ថែម ខណៈ​​ការ​បង្ហាញ​ខ្លួន​កន្លងមក កីឡាការិនី​កូនកាត់ ៣​សាសន៍​កម្ពុជា-ម៉ិកស៊ិក-អាមេរិក ខាន់ ចេសា តែងតែ​ធ្វើបាន​ល្អ និង​ដណ្តើម​បាន​ជោគ​ជ័យ ជា​បន្ត​បន្ទាប់ ជាមួយការ​ប្រកួត​ដ៏​ប៉ិន​ប្រសព្វ​​របស់ខ្លួន៕