កីឡាករ​ជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជាចំនួន​៣នាក់ នឹង​ត្រូវ​ចេញ​ទៅ​ហ្វឹក​ហាត់​​​​រយៈ​ពេល​​៣​​ខែ នៅប្រទេសបារំាង ដើម្បី​ពង្រឹង​សមត្ថ​ភាព​កាន់តែ​ប្រសើរ ត្រៀម​ឆ្ពោះ​ទៅ​ប្រជែង​​រក​មេដាយ នៅ​ក្នុងការ​ប្រកួតកីឡា​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ដែលបាន​ពន្យារ​ពេល​ទៅ​រៀបចំ ចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២។

​ក្រុម​អត្តពលិក​ជម្រើសជាតិទាំង៣នាក់ ដែល​ត្រូ​វបានជ្រើស​រើស​ឱ្យ​ទៅ​ហ្វឹក​ហាត់ នៅ​ប្រទេស​បារាំងនេះ រួមមាន កីឡាករវ័យ​២១​ឆ្នាំ សៅ រង្សី ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទទម្ងន់ ៥២គីឡូក្រាម កីឡាករ​អាយុ​២៣​ឆ្នាំ ទម្ងន់​៦៤​គីឡូក្រាម សែត សារឹទ្ធ និងកីឡាករទម្ងន់​៦៩​គីឡូក្រាម វី សុភ័ស ដែល​មាន​អាយុ ២១ឆ្នាំ។

​បើតាម​អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ ​បាន​ប្រាប់​ថា ការគ្រោង​​បញ្ជូន​កីឡាករទាំង​៣​នាក់ខាង​លើ ទៅ​ហ្វឹកហាត់នៅ​ប្រទេស​បារាំង​នេះ គឺបន្ទាប់​គម្រោង​ចាស់ ត្រូវ​បាន​អាក​ខាន។ លោក​ថា៖ ​«តាមពិត គម្រោង​នេះ ត្រូវ​ចេញ​ដំណើរ​នា​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២១​នេះ ប៉ុន្តែ​ដោយសារ​ការ​ស្នើ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​បារំាង​មិន​ទាន់​បាន ដូច្នេះទើបយើងពន្យារពេល ចេញទៅ នៅ​ចុងខែសីហានេះ ឬ​ខែ​កញ្ញា​ខាង​មុខ​វិញ»។

សម្រាប់ការ​ហ្វឹក​ហាត់រយៈពេល​៣​ខែ នៅ​ប្រទេស​បារាំងនេះ គឺ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជា​អ្នក​ចំណាយ​ទៅ​លើ​ថ្លៃសំបុត្រយន្តហោះ ការហូបចុក និង​ការ​ស្នាក់​នៅ ក្នុង​កំលុងពេល​ហ្វឹក​ហាត់​នោះ ចំណែក​ប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ លោក ប៊ុយ សុភ័ណ្ឌ។

គួររំឭកថា ​តាម​រយៈការ​ចូល​ប្រកួតប្រជែង នៅ​ស៊ីហ្គេម ចំនួន​៣​ទៅ​៤​លើកចុង​ក្រោយនេះ ក្រុម​ប្រដាល់សកល​កម្ពុជា តែងតែ​ដណ្តើម​បាន​មេដាយ ជូនជាតិ​ជា​បន្តបន្ទាប់ ហើយ​ការ​ប្រកួត​ស៊ីហ្គេម លើក​ចុងក្រោយ នៅ​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៩ កន្លងមក​នេះ ក្រុម​ប្រដាល់សកល ដណ្តើម​បាន​មេដាយ​សំរឹទ្ធចំនួន៥។ ចំណែក​ការ​​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់ នៅ​បារាំង ក្នុងពេល​ខាងមុខ​នេះ វាក៏​ជា​យុទ្ធសាស្ត្រ ដើម្បី​រក្សា​ការ​ប្រជែង​ឱ្យបាន​មេដាយ នៅ​ស៊ីហ្គេម ក្នុង​ប្រទេស​វៀតណាម ផងដែរ។

លោក ប៊ុយ សុភ័ណ្ឌ បាន​បន្ថែម​ថា៖​ «នៅក្នុងអំឡុងពេលហ្វឹកហាត់នោះ កីឡាករ​របស់​យើង ក៏​មាន​ឱកាស​បាន​ចូលរួម​ប្រកួត​ប្រដាល់​សកល​លក្ខណៈ​អាជីព​របស់​ប្រទេស​បារំាង​ផងដែរ អ៊ីចឹង​វា​នឹង​ជួយជំរុញដល់​គុណ​ភាព​បច្ចេកទេស និង​បង្កើន​បច្ចេកទេស​កាន់​តែ​រឹងមាំ សម្រាប់​កីឡាក​រ​ទាំង​៣​នាក់​នេះ ក្នុង​គោល​ដៅ​​ឆ្ពោះ​ទៅ​​ប្រជែងរក​​មេដាយ ក្នុង​ស៊ីហ្គេម នៅប្រទេស​វៀតណាម ដែល​បាន​លើក​ពី​ឆ្នាំ​២០២១​នេះ ទៅ​ធ្វើ នៅ​ឆ្នាំ​២០២២»៕