សហព័ន្ធ​កីឡា​ប៊ូល និងប៉េតង់​កម្ពុជា នឹង​ធ្វើ​ការ​បោះ​ឆ្នោតជ្រើស​រើស​ថ្នាក់​ដឹកនាំ ឬ​គណៈកម្មាធិការប្រតិបត្តិ សម្រាប់អាណត្តិ​ថ្មី នៅ​ព្រឹក​ថ្ងៃ​សុក្រ​ស្អែក​នេះ បន្ទាប់​ពី​​ការ​បំពេញ​ការងារ​របស់​គណៈកម្មាធិការប្រតិបត្តិអាណត្តិទី​៦ បាន​ផុត​សុពល​ភាព ​តាំង​ពី​ឆ្នាំ​២០២០​នោះ។

សម្រាប់ការ​បោះ​ឆ្នោតជ្រើស​រើស​ថ្នាក់​ដឹកនាំ​ថ្មី សម្រាប់​អាណត្តិ​ថ្មី​ ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥នេះ នឹង​ត្រូវបាន​ធ្វើ​ឡើង ក្រោមអធិបតីភាពរបស់ លោក ស សុខា រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា តែ​ម្តង ហើយ​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ក៏​នឹង​ត្រូវ​ចូល​រួម នៅ​ក្នុង​មហាសន្និបាទ ស្អែក​នេះ​ផងដែរ។

​មន្តីព័ត៌​មាន​របស់​ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ​បាន​ប្រាប់ថា ៖ ​«សហ​ព័ន្ធ​កីឡា​​ប៊ូល និងប៉េតង់​កម្ពុជា នឹង​រៀបចំ មហា​សន្និបាត​បញ្ចប់​អាណត្តិ​ទី​៦ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គណៈកម្មាធិការ​ប្រតិបត្តិអាណត្តិទី៧ ឆ្នាំ២០២១ – ២០២៥ ក្រោម​អធិបតី​ភាព​របស់ ឯកឧត្តម ស សុខា រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និង​ជា​ប្រធាន​សហ​ព័ន្ធ​កីឡា​ប៊ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក តាមរយៈប្រព័ន្ធ Zoom»។

មន្រ្តី​ព័ត៌​មាន​ដដែលនេះ ​​បាន​បន្ថែម​ថា៖ ​«សម្រាប់​សមាសភាពចូលរួម នៅ​ក្នុង​មហា​សន្និបាត ​តាម​រយៈ​ប្រព័ន្ធ Zom នេះ រួម​មាន​សមាជិកគណៈកម្មាធិការប្រតិបត្តិ ទីប្រឹក្សា​សហព័ន្ធ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាង គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ព្រមទាំង​សម្ព័ន្ធ ក្លិបកីឡាប៊ូល និងប៉េតង់រាជធានី-ខេត្ត ដែល​ជាសមាជិក​របស់​សហព័ន្ធ»។

បើ​ទោះបីជា​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​អាណត្តិ​ថ្មី នៅ​មិនទាន់​បាន​បង្ហាញ ប៉ុន្តែ​សម្រាប់តួនាទីជា​ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់​កម្ពុជា ​ត្រូវ​បានគេ​គិត​ថា នឹង​នៅតែ​លោក ស សុខា ព្រោះ​សម្រាប់​ការ​ដឹក​នាំក្នុងអាណត្តិ​ចាស់​កន្លង​មកនេះ លោក ស សុខា ​បង្កើត​បានស្នាដៃ​ល្អៗជា​ច្រើន ពិសេស​លោក​ជា​ប្រធាន​សហព័ន្ធ ដំបូងគេ ដែល​បាន​រៀបចំ​ឱ្យមានការ​ប្រកួត​កីឡា​ប៉េង់​ជ្រើស​រើស​ជើងឯកពិភព​លោក នៅ​កម្ពុជា ហើយបានបញ្ចប់​ដោយ​ជោគ​ជ័យ។

បន្ថែម​លើនេះ លោក ស សុខា ជា​ប្រធាន​សហព័ន្ធ ដែល​តែង​តែ​ចូល​រួម​ជួយ​ដោះ​ស្រាយ​នៅរាល់បញ្ហា ដែលបានកើតមាន​ឡើង​ចំពោះ​សហព័ន្ធ​កីឡាប៊ូល និងប៉េតង់​កម្ពុជា ហើយ​​លោកទទួល​បានការគាំ​ទ្រខ្លាំង នៅ​ក្នុងចង្រោម​គ្រួសារ​ប៉េតង់ និង​​ត្រូវបានគេ​ចាត់ទុក​ថា «ជាមេល្អ» ហេតុនេះ លោក ស សុខា នឹង​​អាច​ត្រូវបាន​គេ​បោះ​ឆ្នោត ឬ​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ប្រធានសហព័ន្ធ​នេះ បន្ត​ទៀត៕