បរទេស៖ យុទ្ធនាការថ្មីនៃក្របខ័ណ្ឌ Bundesliga មានការផ្លាស់ប្តូរស្ទើរតែទាំងស្រុង នៅពេលដែលចាប់ផ្តើមនៅរាត្រីនេះ ខណៈដែលគ្រូបង្វឹកថ្មីនៅក្លិបកំពូលទាំង៦កាលពីរដូវកាលមុន នឹងខិតខំព្យាយាមរារាំងមិនឲ្យក្រុម Bayern Munich ឈ្នះពានលីកជាលើកទី១០ជាប់ៗគ្នារបស់ពួកគេ។
នេះគឺជារឿងគាប់ជួនគ្នាដ៏កម្រមួយ ខណៈដែលរាល់ក្លិបដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៦ ក្នុងរដូវកាលឆ្នាំ២០២០-២០២១ មានគ្រូបង្វឹកថ្មីដូចគ្នា។ សម្ពាធនានា កំពុងតែធ្លាក់ទៅលើគ្រូបង្វឹកថ្មីរបស់ Bayern លោក Julian Nagelsmann វ័យ៣៤ឆ្នាំ ដែលត្រូវទទួលខុសត្រូវលើការជួយឲ្យក្រុមម្ចាស់ជើងឯកមួយនេះ ឈ្នះពានលីកជាលើកទី១០ជាប់ៗគ្នាក្នុងរដូវកាលដំបូងរបស់លោក។ ពួកគេបានចំណាយប្រាក់ឲ្យក្លិប Leipzig រហូតដល់ទៅ២៥លានអឺរ៉ូ (ស្មើនឹង២៩លានដុល្លារអាមេរិក) ដើម្បីនាំយកលោក Nagelsmann ដែលត្រូវបានរំឭករួចជាស្រេចពីអ្វីដែលនឹងកើតឡើង។ នៅមុនពេលការប្រកួតបើករដូវកាល នៅលើទឹកដីក្រុម Borussia Moenchengladbach នៅរាត្រីនេះ លោក Oliver Kahn នាយកប្រតិបត្តិថ្មីរបស់ Bayern បានឲ្យដឹងថា៖ «ការប្រជែងគ្នាចាប់ផ្តើមហើយ»។
ក្រុមដែលនាំមុខគេក្នុងការបញ្ឈប់ក្រុម Bayern គឺ Borussia Dortmund ខណៈដែលខ្សែប្រយុទ្ធរបស់ពួកគេគឺ Erling Braut Haaland ទើបតែបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងការប្រកួតជុំទី១នៃពាន German Cup។ បច្ចុប្បន្ន Haaland បានស៊ុតបាល់បញ្ចូលទី៦០គ្រាប់ហើយ បើគិតចាប់តាំងពីចូលរួមជាមួយនឹងក្លិប Dortmund កាលពីខែមករា ឆ្នាំ២០២០៕
ប្រភពព័ត៌មាន៖ Channel News Asia


