បរទេស៖ ខ្សែប្រយុទ្ធ Samuel Kalu របស់ក្លិប Bordeaux បានដួលចន្លប់នៅលើទីលាន ក្នុងការប្រកួតក្របខ័ណ្ឌបារាំង Ligue 1 លើទឹកដីក្រុម Marseille កាលពីថ្ងៃអាទិត្យ ស្របពេលដែលកម្តៅបានឡើងរហូតដល់ទៅ៣០អង្សាសេ។
ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ារូបនេះ បានដួលសន្លប់នៅលើទីលាននៃកីឡដ្ឋាន Stade Velodrome អំឡុងពេលនៃការប្រកួតនៅដើមតង់ទី១។ ភ្លាមៗនោះ មិត្តរួមក្រុមរបស់គេក៏បានប្រមូលម្តុំគ្នានៅជុំវិញ Kalu ហើយបានឲ្យសញ្ញាដល់ក្រុមគ្រូពេទ្យឲ្យមកជួយសង្គ្រោះ។ ក្រោយពីហេតុការណ៍ដ៏សន្លត់ចិត្តនេះ Kalu ក៏អាចក្រោកឈរបាន ប៉ុន្តែ ត្រូវបានប្តូរចេញ និងជំនួសដោយកីឡាករ Remi Oudin។
ហេតុការណ៍នេះ បានកើតឡើងត្រឹមតែ២ខែប៉ុណ្ណោះ ក្រោយពីខ្សែបម្រើប្រយុទ្ធ Christian Eriksen របស់ក្រុមជម្រើសជាតិដាណឺម៉ាក បានជួបបញ្ហាគាំងបេះដូង នាការប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។ Oudin ដែលបានរកគ្រាប់បាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនទទួលលទ្ធផលស្មើ ២-២ បានឲ្យដឹងថា៖ «ឧប្បត្តិហេតុរបស់ Kalu បានធ្វើឲ្យយើងរន្ធត់ចិត្ត។ ហេតុការណ៍នេះតែងតែធ្វើឲ្យអ្នកគាំទ្រ និងកីឡាករនៅលើទីលានស្រឡាំងកាំង»៕
ប្រភពព័ត៌មាន៖ Channel News Asia


