បរទេស៖ ខ្សែប្រយុទ្ធ Erling Braut Haaland បានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន៣គ្រាប់ផ្សេងទៀត ខណៈដែលក្រុម Borussia Dortmund បានបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅសប្តាហ៍ទី១នៃក្របខ័ណ្ឌ Bundesliga នារដូវកាលនេះ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៥-២ លើក្រុម Eintracht Frankfurt កាលពីថ្ងៃសៅរ៍។
ដោយឡែក ក្រុមម្ចាស់ការពារតំណែងជើងឯក Bayern Munich បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួន ជាមួយនឹងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Moenchengladbach កាលពីថ្ងៃសុក្រ។ ក្រុម Dortmund នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bayern ក្នុងការប្រកួតពាន German Super Cup នៅក្នុងរយៈពេល៣ថ្ងៃទៀត។ ខ្សែប្រយុទ្ធ Haaland វ័យ២១ឆ្នាំ ដែលបច្ចុប្បន្នបានស៊ុតបាល់បញ្ចូលទី៦២គ្រាប់ ក្នុងការប្រកួត៦១លលើក សម្រាប់ក្រុម Dortmund បានបង្ហាញថា រូបគេក៏អាចបង្កើតឱកាសរកគ្រាប់បាល់ ក៏ដូចជាស៊ុតបាល់បញ្ចូលទីផងដែរ។
ខ្សែប្រយុទ្ធរូបនេះ ទើបតែបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងការប្រកួតពាន German Cup កាលពីសប្តាហ៍មុន ដើម្បីរកបានគ្រាប់បាល់សរុប៥គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន៣គ្រាប់ផ្សេងទៀត ក្រោយពីលេងបានត្រឹមតែ២ប្រកួត៕
ប្រភពព័ត៌មាន៖ Channel News Asia


