បរទេស៖ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលពួក​គេ Bayern Munich បាន​ការ​ពារពាន German Super Cup យ៉ាង​ជោគ​ជ័យ​ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៣-១ នៅ​លើ​ទឹក​ដីក្រុម Borussia Dortmund កាលពីថ្ងៃ​អង្គារ ក្នុង​ការ​ប្រកួត​គ្នា​ដ៏ស្វិតស្វាញ​។

Lewandowski បាន​ជួយ​ឲ្យ​ក្រុម Bayern រក​បាន​គ្រាប់បាល់​នាំមុខ​មុន តាមរយៈ​ការ​តែត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​កីឡដ្ឋាន Signal Iduna Park នៅមុន​ពេល Thomas Mueller បាន​បន្ថែម​គ្រាប់បាល់​នាំមុខ​របស់​ក្រុម​ភ្ញៀវ ដើម្បី​ជួយ​ឲ្យ​ពួកគេនាំមុខ ២-០ បន្ទាប់​ពីស​ម្រាក​តង់​ទី​១​។ ខ្សែ​ប្រយុទ្ធ Marco Reus ប្រធានក្រុម​នៃក្រុម Dortmund បានវាយ​បក​១គ្រាប់​វិញ នៅពេល​ដែល​រូប​គេ​បាន​ស៊ុត​បាល់​កោង​ចូល​ទី​យ៉ាងល្អ នៅមុន​ពេល Lewandowski បំពេញ​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​នេះ​តែម្តង​។ បច្ចុប្បន្ន កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣២​គ្រាប់ហើយ​ពេល​ប្រកួត​ជាមួយនឹងក្រុម Dortmund ដែល​ជា​កន្លែង​រូប​គេ​ធ្លាប់​បាន​លេង​ឲ្យចាប់​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤​។ បច្ចុប្បន្ន Bayern បាន​ឈ្នះ​រាល់​ការ​​ប្រកួត​ទាំង​៦​លើក​ចុងក្រោយ​ជា​មួយនឹងក្រុម Dortmund​។

នេះ​គឺ​ជា​ជ័យ​ជម្នះ​ដ៏​កក់ក្តៅ​មួយ​សម្រាប់​ក្រុម Bayern ដែលមិនស្គាល់ឈ្នះ​សោះ​ក្នុងការ​ប្រកួតមិត្ត​ភាព​៤លើក​របស់​ខ្លួន នៅមុន​​ពេល​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​​ក្នុងការ​ប្រកួត​បើករដូវ​កាលថ្មីនៃក្រប​ខ័ណ្ឌ ​ Bundesliga ជាមួយ​នឹងក្រុម Borussia Moenchengladbach កាលពីថ្ងៃ​សុក្រ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia