ខ្សែ​ប្រយុទ្ធ Abee Adjoo ដែល​ជា​អ្នក​សម្លាប់​ដ៏សំខាន់​របស់​ក្លិបបាល់​ទាត់អាស៊ីអឺរ៉ុប ​ត្រូវ​បានផ្ទេច​ទៅ​កាន់​ក្លិបបឹងកេត ជា​ផ្លូវការ​ហើយ ប៉ុន្តែ​ជាមួយគ្នានេះ ខ្សែ​ប្រយុទ្ធ​ធ្លាប់មាន​ឈ្មោះល្បី និង​ធ្លាប់លេងបានច្រើន​ក្លិប Shane Booysen បាន​ធ្លាក់ខ្លួន និងក្លាយ​ជា​កីឡាករ​ ដែល​រក​ទី​ជម្រក សម្រាប់ការ​វិល​មកកាន់ទីលាន​ឡើង​វិញ មិន​ទាន់​បាន បន្ទាប់​ពីស្ថាន​ភាពជំងឺ បាន​ប្រសើរ​។

​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធពាក់លេខ​៩ Abee Adjoo ទៅ​កាន់​ក្លិបបឹងកេត ​ត្រូវបានក្លិប​អាស៊ីអឺរ៉ុប ​ប្រកាសនៅ​លើ​ផេច​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ពហស្បតិ៍​នេះ ហេតុនេះ​មាន​ន័យ​ថា​កីឡាករ​ជនជាតិកាមេរូន ដែល​កំពុង​ឈរ​នៅ​លេខ២ ក្នុងនាម​ជា​អ្នក​ទាត់បាល់បញ្ចូល​ទីបានច្រើនជាងគេ (១០​គ្រាប់) រូបនេះ នឹង​​ត្រូវ​បន្ត​អាជីព​របស់ខ្លួន ជា​មួយ​ក្លិប​បឹងកេត ដោយ​រូបគេ នឹង​ត្រូវ​ចូលលេង នៅ​ជុំ​ទី​២ នៃ​ការ​ប្រកួត​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១។

ផ្ទុយពីនេះ ខ្សែ​ប្រយុទ្ធ​មក​ពី​អាហ្វ្រិក​ខាង​ត្បូង Shane Booysen ដែល​ធ្លាប់លេង​នៅ​ក្លិប​ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ នោះ កំពុង​ក្លាយ​ជា​កីឡាករ​គ្មាន​ក្លិប​លេង នៅ​លីគ​កំពូល​កម្ពុជា​ បន្ទាប់​ពីរូប​​គេ​ត្រូវ​បាន​ក្លិប​នគរបាល​ជាតិ​ បញ្ចប់​កុងត្រា​ មុន​ការ​កំណត់​។

ខ្សែ​ប្រយុទ្ធ​ ដែល​ធ្លាប់បានសាង​ភាព​ល្បី​ល្បាញ​ខ្លាំង នៅក្លិប​ភ្នំពេញ​ក្រោន Booysen ពិតជា​មានបំណង​ចង់​​វិលត្រឡប់មកកាន់ទី​លានប្រកួតជា​ថ្មី បន្ទាប់ពី​របួស​ជំងឺ​ស្ទះសរ​សៃ​ឈាម​ខួរ​ក្បាល​របស់គេ មាន​ភាព​ប្រសើរ​វិញ។ Booysen បានប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​​ថា៖​«ជំងឺ​របស់​ខ្ញុំ​ជា​ហើយ​ វា​មិន​ធ្ងន់ធ្ងរ​ទេ វា​មាន​រយៈ​ពេល​បួន​ខែ​ហើយ ដូច្នេះ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដើម្បី​បាន​លេង​ម្ដង​ទៀត»។

តែ​ទោះបីជា​យ៉ាងណា គិតមក​ដល់ពេលនេះ Booyen នៅមិនទាន់រក​​បានទ្រនំ​ថ្មី នៅ​ឡើយ​ទេ ខណៈ​ខ្សែ​ប្រយុទ្ធ​រូបនេះ ​មានបទពិសោធ​ប្រកួតច្រើន នៅ​លីកកំពូល​កម្ពុជា ដោយ​រូបគេ​រក​បានគ្រប់បាល់​សរុបចំនួន​៧៣​គ្រាប់ សម្រាប់ការ​លេង​ឱ្យ​ក្លិប​ចំនួន​៤​ផ្សេង​ៗពី​គ្នា។

កីឡាករ Shane Booysen បាន​ចាប់អាជីព​​បាល់​ទាត់​ជា​លើក​ដំបូង នៅ​ឆ្នាំ​២០១៥ ពេល​រូបគេ​ចុះ​កុងត្រា​លេង​ឱ្យក្លិប​ភ្នំពេញ​ក្រោន ហើយការ​បង្ហាញ​ខ្លួន​ចំនួន​៤១​ដង ក្នុងនាម​ជា​កីឡាករ​សិង្ហក្រហម ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧​នោះ Booysen រក​បាន​៤១​គ្រាប់ មុនពេល​រូបគេ​ ផ្លាស់ទៅ​រួម​រស់​ជាមួយ​ក្រុមព្រះ​ខ័នរាជស្វាយ​រៀង នៅ​ឆ្នាំ​២០១៨ ដោយ​រក​បាន​៧​គ្រាប់ ក្នុងការ​បង្ហាញ​ខ្លួន​ចំនួន​១០​ដង។

នៅ​ឆ្នាំ​២០១៩ Booysen បាន​លេង​ឱ្យក្លិប​នគរ​បាល់​ជាតិ ចំនួន​១០​ប្រកួត ដោយ​រកបាន​១០​គ្រាប់ ហើយ​នៅ​ជើង​ទី​២ ក្នុងឆ្នាំ​ដដែលនេះ រូបគេ​បាន​វិល​មក​លេង​ឱ្យក្លិប​ភ្នំពេញ​ក្រោន ជា​ថ្មី ដោយលេង​បាន​១២​ដង រក​បាន​៨​គ្រាប់។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ Booysen បាន​ប្តូរ​មក​លេង​ឱ្យ ក្រុមណាហ្គាវើលដ៏ ដោយ​លេង​បាន​១៤​ដង រក​បាន​ត្រឹម​៥គ្រាប់។

ចំណែក​​នៅ​ដើមឆ្នាំ​២០២១​នេះ រូបគេបាន​វិល​មក​លេង​ឱ្យ​ក្រុមនគរ​បាលជាតិវិញ តែ​លេងបាន​ត្រឹម​២​លើក និងរកបាន​២​គ្រាប់ Booysen បានជួប​ហេតុការណ៍អាក្រក់ ​ដោយ​រូបគេ​ ត្រូវ​បាន​ពិនិត្យឃើញថា មានជំងឺស្ទះសរសៃឈាមខួរក្បាល និងបាន​ចូល​សម្រាក​ព្យាបាល​​នៅមន្ទីរពេទ្យ តាំងពី​ដើមខែមេសា ហើយក៏ជា​ពេល​រូបគេ បាន​ឃ្លាត​ឆ្ងាយ​ពី​បាល់​ទាត់​​រហូត​មក​ដល់​ពេលនេះ​ផងដែរ ក្រោយ​ក្លិប​នគរ​បាលជាតិ បាន​បញ្ចប់កុង​ត្រា​ជាមួយ​រូបគេ មុនពេល​កាល​កំណត់​នោះ៕