ក្លិបមានមូលដ្ឋាននៅខេត្ត​ស្វាយរៀង ព្រះខ័នរាជស្វាយរៀង ​បាន​ប្រកាស​ជា​ផ្លូវការ ក្នុងការនាំ​យក​កីឡាករ​ជនជាតិ​កាមេរូន ម្នាក់​ទៀត គឺ​ខ្សែ​បម្រើ Emmanuel Mbarga មក​ជួយ​ដល់​ក្រុម សម្រាប់​ត្រៀម​ការ​ប្រកួត​ជើងទី​​២ នៃ​លីគកំពូលកម្ពុជា ឆ្នាំ​២០២១ នាពេល​ខាងមុខនេះ។

​ការប្រកាស​​ពីការចុះ​កុងត្រា​ជាមួយ​ខ្សែ​បម្រើវ័យ២២​ឆ្នាំ Emmanuel Mbarga ត្រូវបាន​ធ្វើឡើង កាលពីថ្ងៃអាទិត្យ គឺ​តែប៉ុន្មាន​ថ្ងៃ ដែល​ក្លិប​ព្រះខ័នរាជស្វាយរៀង បានប្រកាស​ចែក​ផ្លូវ​ជា​លើកទី​២ ជាមួយ​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេស៊ីល Thiago de Jesus អ៊ីចឹង​មាន​ន័យ​ថា Emmanuel Mbarga នឹង​ចូលមកជំនួយ​ទីតាំង​របស់ Thiago សម្រាប់​ត្រៀម​ការ​ប្រកួតជើងទី​​២។

យ៉ាងណា​ក៏​ដោយ ព្រះខ័នរាជស្វាយរៀង នៅ​មិនទាន់បាន​បង្ហាញ​ពីប្រវត្តិ និង​បទពិសោធ​ប្រកួត​របស់ Emmanuel Mbarga នៅ​ឡើយទេ ប៉ុន្តែបើតាមព័ត៌មាន ដែល​ទទួលបាន ពីការស្រាវជ្រាវ នៅ​លើអ៊ិនធើណេត បានបង្ហាញថា Emmanuel Mbarga មានបទពិសោធ​ជោគជាំ សម្រាប់ការ​ប្រកបអាជីព​បាល់ទាត់ នៅប្រទេស​ព័រទុយហ្គាល់។

ចាប់តាំងពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ២០២០ Emmanuel Mbarga បាន​លេខ​ឱ្យ​ក្លិប​ចំនួន​៣ នៅព័រទុយហ្គាល់ គឺក្លិប Condiexa ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ២០១៨ រួច​បន្ត​ផ្លាស់ប្តូរមក​ក្លិប Varzim B ពីឆ្នាំ​២០១៨ ដល់ឆ្នាំ​២០១៩ និងបន្តមកនៅក្លិប Agueda ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២០ ហើយចុងក្រោយបានប្តូរមក​លេងនៅ​ក្លិប Tours នៅ​ប្រទេស​បារាំង មុនពេល​ផ្ទេរ​មកាន់ក្លិប​ព្រះខ័នរាជស្វាយរៀង នៅពេលនេះ។

តាម​ការប្រកាសរបស់ក្លិប​ព្រះខ័នរាជស្វាយរៀង បាន​ឱ្យ​ដឹង​ថា Emmanuel Mbarga បានចាប់ហ្វឹកហាត់​ជា​ផ្លូវការ​ កាលពីថ្ងៃអាទិត្យ គឺ​ហ្វឹកហាត់​ជាមួយគ្រូ​បង្វឹក​ជន​ជាតិអៀរឡង់ លោក Connor Nestor និង​​មិត្ត​រួម​ជាតិ​របស់​គេ  Privat ដែល​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេចធ្លោ ប្រចាំនៅ​ក្លិបនេះ ហើយ​ក៏កំពុង​ឈរនៅកំពូលតារាង ក្នុងនាមជាអ្នករកបាន​គ្រាប់​បាល់​ច្រើន​ជាងគេ (១១​គ្រាប់) ជាបណ្តោះអាសន្ន នៅលីគ​កំពូលកម្ពុជា ផងដែរ​។

ជាមួយ​គ្នានេះ Privat នឹងក្លាយ​ជា​កីឡាករ​អ្នកសម្របសម្រួល​យ៉ាងសំខាន់ ដល់ Emmanuel Mbarga និង Privat ដើម្បីឱ្យខ្សែ​បម្រើចំណូលថ្មីម្នាក់នេះ យល់​ដឹងពីស្ថាន​ភាព​ទូទៅ​នៅក្នុងក្រុមស្វាយរៀង ព្រមទាំងរបៀបរបប​រស់នៅ ក្នុងប្រទេស​កម្ពុជា ផងដែរ មុន​ពេល​ជនជាតិកាមេរូន ទាំង​២នេះ ចាប់ដៃ​គ្នា​ជាមួយមិត្ត​រួមក្រុម ប្រកួតប្រជែង ជាមួយ​ក្រុមផ្សេងៗទៀត នៅលីគកំពូលកម្ពុជា ឆ្នាំ​២០២១៕