ខ្សែកាពារលំដាប់ជួរមុខ​របស់​ក្រុមបឹងកេត ទេស សម្បត្តិ បានសម្រេចចាកចេញ​ពីទ្រនំ​ចាស់ ដែល​រូបគេ​បានរួមរស់​អស់រយ:ពេល៣​ឆ្នាំ​នេះហើយ ដើម្បីទៅចូល​រួមជាមួយ​ក្លិប​អ្នក​មាន​ទ្រព្យ វិសាខា ហើយ​ខ្សែ​ការពារ​កណ្តាល​វ័យ​ក្មេងកំពុង​មានទម្រង់លេង​លេចធ្លោម្នាក់ទៀត​របស់ក្លិបខេត្តព្រៃវែង ក៏បានផ្ទេរមកកាន់ វិសាខា ផងដែរ។

ក្លិប​វវិសាខា បាន​ប្រកាសស្វាគមន៍ និងចុះកុងត្រា​ជាមួយ ទេស សម្បត្តិ កាលពី​យប់ម៉ោង​៧ ថ្ងៃចន្ទ ម្សិលមិញ គឺ​តែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ក្លិប​បឹងកេត បានប្រកាស​ពីការ​ផ្ទេរ ខ្សែ​ការពារ​ជា​ប្រធាន​ក្រុម ទេស សម្បត្តិ ទៅកាន់ក្លិបថ្មី ហើយការ​ប្រកួត ដែលបាន​ធ្វើ​ឡើងក្នុងកំលុងម៉ោង​៤រសៀល ថ្ងៃចន្ទនោះ បានធ្វើអ្នកស្នេហាវិស័យកីឡា​បាល់ទាត់ នៅ​កម្ពុជា មានការ​ចាប់អារម្មណ៍ខ្លាំង។

នៅក្រោយការប្រកាស​ផ្ទេរ ទេស សម្បត្តិ ទៅកាន់​ក្លិបថ្មី ខ្សែប្រយុទ្ធ​​ឆ្នើម ដែល​ចាប់ផ្តើម​បង្ហាញទម្រង់លេងលេចធ្លោ​ឡើងវិញ ចាន់ វឌ្ឍនាកា ដែល​ជា​រៀមច្បង​របស់ ទេស សម្បត្តិ ក៏មានចិត្តអាឡោះ​អាល័យ សម្រាប់ការ​ចាកចេញ​របស់ប្អូនប្រុសម្នាក់នេះផងដែរ ប៉ុន្តែ វឌ្ឍនាកា បានគោរពតាមការសម្រេចចិត្តនេះ។

ម្ចាស់អាវ​លេខ​១១ ចាន់ វឌ្ឍនាកា បាន​សរសេរ​អមដោយ​រូប​ភាព ពេល​ហ្វឹក​ហាត់​ជាមួយ ទេស សម្បត្តិ ថា៖​ «បាល់​ទាត់ គឺ​បែប​នេះ ថ្ងៃ​ណា​មួយ យើង​នឹង​ប្រឈម​មុខ​ជា​មួយ​គ្នា។ ពួក​យើង គោរព​នៅ​ការ​សម្រេច​ចិត្ត​របស់​ប្អូន  ប្អូនធំ​ហើយ ប្អូន​ត្រូវ​រៀន​ពី​ជីវិត​ថ្មី​មួយ​ទៀត បទ​ពិសោធថ្មី មិត្តរួមក្រុមថ្មី អ្វីៗ​នឹង​ថ្មី សម្រាប់​ប្អូន តែ​បង​នៅតែ​ជូន​ពរប្អូន​ជោគ​ជ័យ​លើ​វិថី​បាល់​​ទាត់​​មួយ​នេះ Tes Sambath»។

ជាមួយគ្នានេះ ទេស សម្បត្តិ ក៏បានបង្ហាញការនឹកគុណ​ដល់​គ្រប់គ្នា នៅក្លិប​បឹងកេត ផង​ដែរ សម្រាប់ការសម្រេចចាកចេញ​របស់គេ នៅពេលនេះ ជាពិសេស​លោកស្រី ពុធ ធីតា ដែល​ជា​ប្រធាន​ក្លិប​បឹងកេត ព្រមទាំងរៀមច្បង និងមិត្តរួមក្លិប​ទាំង​អស់។«ខ្ញុំ​សូម​អរ​គុណ​ដល់​ថ្នាក់​ដឹកនាំ​បឹងកេត ទាំងអស់ ដែល​បាន​មើល​ថែ​ខ្ញុំ​អស់​រយៈ​ពេល​ជិត​៣​ឆ្នាំ​នេះ​ I love Boeungket FC and BK12»។

គួរបញ្ជាក់ថា ទេស សម្បត្តិ ជាកីឡាករ​យ៉ាងសំខាន់ ដែល​បាន​​ជួយ​ឱ្យ​​ក្លិប​​បឹងកេត ឈ្នះ​បានតំណែង​ជើងឯក ការ​ប្រកួត​លីគកំពូលកម្ពុជា ឆ្នាំ​២០២០ និង​ឈ្នះ​​ពាន​​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩ ហើយ​គេក៏ជា​ខ្សែការពារ​ដ៏រឹងមាំ​របស់ក្រុម​ជម្រើសជាតិកម្ពុជា ផង​ដែរ។

ជាមួយគ្នានេះ ក្លិបវិសាខា ក៏បាន​នាំយកខ្សែ​ការពារ​កណ្តាលវ័យ​ក្មេង​ ញឹម លីហួរ ពីក្រុម​​ខេត្តព្រៃវែង មក​ពង្រឹងតំបន់ការពារ​របស់ខ្លួន​ផងដែរ បន្ទាប់ពី​ក្លិបនេះ បានផ្ទេរ​ខ្សែ​ការពារ ងយ ស្រ៊ីន ទៅកាន់ក្លិប​ខេត្តព្រៃវែង។ ប៉ុន្តែ​ការដោះដូរ លក្ខណៈ​ខ្ចី​ជើងនេះ វាគ្មាន​អ្វីចម្លែក​ទេ ព្រោះ វិសាខា និង​ខេត្តព្រៃវែង ជា​ក្លិប​ជ្រក​ក្រោម​ឆត្រ​តែមួយ ដែលមាន​លោក ស សុខា និង​ភរិយា គឺ​លោកស្រី កែ សួនសុភី ជា​ថ្នាក់​ដឹកនាំ៕