បរទេស៖ FIFA ដែល​ជា​អង្គ​ភាព​គ្រប់គ្រង​កីឡា​បាល់​ទាត់​ពិភព​លោក នឹង​ទទួល​បាន​ប្រាក់​ច្រើន​ជាង​២០១លាន​ដុល្លារ​អាមេរិក ដែល​ជាមូលនិធិបាន​មកពីការពិន័យ អំឡុង​ពេល​នៃការ​ស៊ើប​អង្កេត​​ពី​បញ្ហា​ពុករលួយ​ជា​សកល​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​​​នាយកដ្ឋាន​យុត្តិ​ធម៌​របស់​សហ​រដ្ឋ​អាមេរិក (DOJ) កាលពីថ្ងៃ​អង្គារ​។

ចាប់​តាំងពី​អង្គ​ភាព DOJ បាន​ប្រកាស​ពីការ​ស៊ើប​​​អង្កេតលើ​ករណី​ពុករលួយ ក្នុងឆ្នាំ​២០១៥ ចុង​ចោទច្រើនជាង​៥០នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​។ មនុស្ស​ចំនួន​២៧នាក់ និង​ក្រុមហ៊ុន​សា​ជី​វកម្ម​ចំនួន​៤ បាន​សារ​ភាព​ថា មាន​កំហុស ហើយ​​មនុស្ស​ចំនួន​២នាក់ ត្រូវ​បាន​កាត់​ទោសនៅក្នុង​តុលា​ការ​។ លោក Jacquelyn M Kasulis មេធាវី​បណ្តោះ​អាសន្ន​​អាមេរិក សម្រាប់ស្រុក​ភាគ​​ខាង​កើត​ក្នុង​ទីក្រុង​ញ៉ូវយ៉ក បាន​ឲ្យដឹង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយថា៖ «សេចក្តីប្រកាស​នៅ​ថ្ងៃ​នេះបញ្ជាក់​ថា សាច់​ប្រាក់​ដែល​ត្រូវ​បាន​លួច​ដោយ​មន្ត្រីកីឡា​បាល់ទាត់​ដែល​ពុក​រលួយ និ​ង​​ការ​ប្រតិបត្តិ​ទីផ្សារ​ក្នុងកីឡា តាម​រយៈ​ការ​បន្លំ និង​ស៊ី​សំណូក នឹង​ត្រូវ​បង្វែរ​ឲ្យ​ទៅកាន់​ដើមវិញ ហើយ​និង​ត្រូវ​ប្រើប្រាស់​ដើម្បីអត្ថ​ប្រយោជន៍​ក្នុង​កីឡា​នេះ​»​។

អង្គ​ភាព DOJ បាន​បញ្ជាក់​ថា ទឹកប្រាក់​ពិន័យ​ចំនួន​៣២,៣លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​អនុ​ម័ត​ជា​បឋម​ដើម្បី​បែង​ចែក​ទៅ​ឲ្យ FIFA សហព័ន្ធ​កីឡា​បាល់​ទាត់​ប្រចាំ​តំបន់​​អាមេរិក​ខាង​ជើង​ និង​កណ្តាល CONCACAF សហ​​ព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក​ខាង​​ត្បូង CONMEBOL និង​សហ​ព័ន្ធ​កីឡា​បាល់ទាត់​ជាតិ​ប្រចាំ​ទ្វីប​ជាច្រើន​ទៀត​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia