បរទេស៖ ក្លិប Tottenham បានយល់ព្រមលើតម្លៃខ្លួន៣០លានអឺរ៉ូ (ស្មើនឹង៣៥,៤លានដុល្លារអាមេរិក) ដើម្បីចុះហត្ថលេខាជាមួយនឹង Emerson Royal ពីក្លិប Barcelona ខណៈដែលលោក Nuno Espírito Santo ព្យាយាមបន្ថែមជម្រើសក្នុងតំន់ការពាររបស់លោក។
ក្លិប Arsenal ក៏បានបង្ហាញការចាប់អារម្មណ៍លើការចុះហត្ថលេខាជាមួយនឹង Emerson ដែលបានចូលរួមជាមួយនឹងក្លិប Barcelona ក្នុងឆ្នាំ២០១៩ ពីក្លិប Atlético Mineiro ផងដែរ ប៉ុន្តែ Spurs បានបញ្ចេញប្រតិកម្មយ៉ាងឆាប់រហ័ស ដើម្បីធ្វើការចរចាលើការផ្ទេរមួយសម្រាប់កីឡាករវ័យ២២ឆ្នាំរូបនេះ។ ស្របពេលដែលខ្សែការពារអន្តរជាតិកូតឌីវ័រ Serge Aurier បច្ចុប្បន្នកំពុងតែធ្លាក់ចេញពីការចាប់អារម្មណ៍នៅក្លិប Tottenham កីឡាករ Japhet Tanganga បានចូលលេងក្នុងតំបន់ការពារស្លាបខាងស្តាំ នៅពេលប្រកួតជាមួយនឹងក្រុម Watford កាលពីថ្ងៃអាទិត្យ។ Emerson នឹងផ្តល់ការប្រជែងមួយសម្រាប់រូបគេ និង Matt Doherty ដែលធ្លាប់បានលេងក្រោមការដឹកនាំរបស់លោក Nuno នៅឯក្លិប Wolves។
ខ្សែការពារអន្តរជាតិប្រេស៊ីលរូបនេះ ដែលបានង្ហាញខ្លួនជាអន្តរជាតិ៤លើក បានចំណាយពេល២ឆ្នាំក្នុងនាមជាកីឡាករកម្ចីនៅក្លិប Real Betis ដោយរូបគេបានជួយឲ្យក្រុមនេះ ឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Europa League កាលពីរដូវកាលមុន ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Manuel Pellegrini៕
ប្រភពព័ត៌មាន៖ The Guardian


