បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បានក្លាយ​ជា​អ្នក​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​គ្រប់​ពេល​ទាំង​អស់ ក្នុង​កីឡា​បាល់​ទាត់​​ផ្នែក​បុរស​អន្តរ​ជាតិ ក្រោយពី​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​បាន​ផ្តួល​ក្រុមជម្រើស​ជាតិសា​ធារណរដ្ឋ​អៀរ​ឡង់ ក្នុងលទ្ធផល ២-១ ស្រប​ពេល​ដែលក្រុម​ម្ចាស់​ការ​​ពារ​ជើង​ឯក​បារាំង បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​បូស្នី ក្នុងការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២២ កាលពីថ្ងៃពុធ​។

រយៈពេល​១​ថ្ងៃ ក្រោយពី​បាន​បំពេញការវិល​ត្រឡប់​របស់​គេ​ទៅកាន់ក្លិប Manchester United ខ្សែប្រយុទ្ធ​ជើង​ចាស់ Ronaldo បាន​​ស៊ុត​បាល់​ប៉េណាល់​ទីមិន​ចូល​ទី ក្រោយពី​អ្នក​ចាំទី​វ័យ​ក្មេង Gavin Bazunu បានស​ង្គ្រោះ​បាល់​យ៉ាងល្អក្នុង​ទីក្រុង Faro នៅមុន​ពេល​អៀរ​ឡង់ បាន​តែត​រក​គ្រាប់បាល់​នាំមុខ​មុននៅ​ជិត​បញ្ចប់​តង់​ទី​១​។ ការ​តែត​បាល់​យ៉ាងល្អ​របស់ John Egan បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Stephen Kenny ស្ថិត​លើ​ផ្លូវ​ក្នុងការ​ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ ប៉ុន្តែ Ronaldo បាន​ផ្តល់​ការ​ខកចិត្ត​ដល់​អៀរ​ឡង់ តាម​រយៈ​ការរកគ្រាប់បាល់​តាមស្មើ​នៅនាទី ទី​៨៩ ខណៈ​ដែល​គ្រាប់បាល់​​នេះ បាន​ជួយ​ឲ្យ​គេ​ឡើង​ឈរ​ពីលើ​ខ្សែ​ប្រយុទ្ធ​អ៊ី​រ៉ង់ Ali Daei លើ​តា​រាង​​អ្នក​រក​​គ្រាប់​បាល់បាន​ច្រើន​ជាង​តាមរយៈ​ការរក​បាន​១១០​គ្រាប់​។

បន្ទាប់​មក Ronaldo វ័យ​៣៦​ឆ្នាំ បាន​ជួយ​ឲ្យ​ព័រ​ទុយ​ហ្គាល់​រក​បាន​៣ពិន្ទុ​ពេញ នៅ​នាទី​៦​នៃ​នាទី​បន្ថែម តាមរយៈ​ការ​លោត​តែត​បាល់​យ៉ាងល្អ ពីការ​បញ្ជូន​បាល់​ឆ្លង​របស់ Joao Mario​។ បច្ចុប្បន្ន ព័រ​ទុយ​ហ្គាល់​កំពុង​តែ​នាំមុខលើ​​ក្នុងពូល A ដោយ​មាន​១០ពិន្ទុ​ពីការ​ប្រកួត​៤លើក​៕

ប្រភពព័ត៌​មាន៖ Channel News Asia