បរទេស៖ ការប្រកួតជម្រុះ World Cup រវាងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន និងប្រេស៊ីល ត្រូវបានផ្អាក ក្រោមទិដ្ឋភាពដែលមិនគួរឲ្យកើតឡើង កាលពីថ្ងៃអាទិត្យ (ព្រឹកថ្ងៃចន្ទនៅកម្ពុជា) ក្រោយពីអាជ្ញាធរសុខាភិបាលប្រេស៊ីល បានចោទប្រកាន់កីឡាករជាច្រើនដែលលេងក្នុងក្របខ័ណ្ឌ Premier League ពីបទល្មើសនឹងច្បាប់ធ្វើចត្តាឡីស័កការពារវីរុសកូវីដ ១៩ របស់ប្រទេសនេះ។
អ្នកចាំទី Emiliano Martinez របស់ក្លិប Aston Villa និងកីឡាករ២នាក់ទៀតរបស់ក្លិប Tottenham គឺ Cristian Romero និង Giovani Lo Celso បានស្ថិតនៅលើទីលានប្រកួត Neo Quimica Arena ក្នុងនាមជាក្រុមជម្រើសដំបូងរបស់អាហ្សង់ទីន នៅពេលនោះមន្ត្រីជាច្រើនមកនិយតករសុខាភិបាលប្រេស៊ីល បានសម្រុកចូលទីលានប្រកួត និងបានបញ្ឈប់ការប្រកួតភ្លាមៗ ក្រោយពីទើបតែចាប់ផ្តើមប្រកួតបាន៥នាទី។
កីឡាករទាំង៣ រួមជាមួយនឹង Emiliano Buendia របស់ក្លិប Aston Villa ដែលជាកីឡាករបម្រុង បានប្រព្រឹត្តល្មើសនឹងច្បាប់របស់ប្រេស៊ីល ដែលបញ្ជាក់ថា រាល់អ្នកដំណើរទាំងអស់ មកពីចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង ឬឥណ្ឌា មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេសនេះឡើយ ក្នុងអំឡុងរយៈពេល១៤ថ្ងៃ លុះត្រាតែពួកគេប្រជាជនប្រេស៊ីល ឬជាប្រជាជនរស់នៅជាអចិន្ត្រៃយ៍។ បទបញ្ជានានា ត្រូវបានអនុវត្តដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនៃវីរុសកូវីដ ១៩ ដែលបានសម្លាប់មនុស្សច្រើនជាង៥៨ម៉ឺននាក់ក្នុងប្រទេសប្រេស៊ីល៕
ប្រភពព័ត៌មាន៖ Channel News Asia


