បរទេស៖ ខ្សែ​ម្រើ Serge Gnabry បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ បាន​រក​ឃើញ​ទម្រង់​លេង​ដ៏​មុតស្រួច​របស់ខ្លួន ដើម្បី​លត់ក្រុម​ជម្រើស​ជាតិ​អាមេនី យ៉ា​ង​ចាស់​ដៃក្នុងលទ្ធផល ៦-០ កាលពីថ្ងៃ​អាទិត្យ និង​ដើម្បី​ឡើង​ឈរ​លើកំពូល​តារាង​នៃ​ពូល J ក្នុងការ​ប្រកួត​ជម្រុះ World Cup ដោយ​មាន​១២ពិន្ទុពី​ការប្រកួត​៥​ប្រកួត​។

ក្រោយពី​តំបន់​ប្រយុទ្ធ​របស់​អាល្លឺ​ម៉ង់ ហាក់​មិន​បាន​បង្ហាញ​ពី​ភាព​មុតស្រួច ក្នុង​ពេល​យកឈ្នះ​លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​លិច​តិន​ស្តាញ ទាំង​ប្រផិត​ប្រផើយក្នុងលទ្ធផល ២-០ កាលពីថ្ងៃព្រហស្បតិ៍ Gnabry បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​រយៈពេល​១៥នាទី​ដំបូង ហើយ Marco Reus និង Timo Werner សុទ្ធ​សឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដូចគ្នា នៅមុន​ពេល​បញ្ចប់​តង់ទី​១ ខណៈ​ដែល​ពួក​គេ​បាន​ទម្លុះ​តំបន់​ការ​ពារ​របស់​អាមេរិក យ៉ាង​ងាយ ជាមួយនឹងការ​បញ្ជូន​បាល់ និង​ការ​​បណ្តើរ​បាល់​ប្រកបដោយភាពឆ្លាត​វៃ​​។

Jonas Hofmann បាន​បន្ថែម​គ្រាប់បាល់​ទី​៥ ក្រោយពី​​ចូល​លេង​ក្នុង​តង់ទី​២ ហើយ​កីឡាករ​បម្រុង Karim Adeyemi បាន​រក​គ្រាប់បាល់​បន្ថែម​១គ្រាប់​ទៀត​ក្នុង​ថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​លើក​ដំបូង​របស់​គេ ដើម្បី​ជួយ​ឲ្យ​ក្រុមខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ ៦-០ នៅ​ជិត​បញ្ចប់​ការ​ប្រកួត​​។

ស្រប​​ពេល​ជាមួយ​គ្នា​នេះ អង់គ្លេស បាន​អប​អរ​ការ​វិល​ត្រឡប់​ទៅកាន់​កីឡដ្ឋាន Wembley ជាលើក​ដំបូង បើ​គិត​ចាប់​តាំង​ពីការ​​ប្រកួតក្នុងព្រឹត្តិ​ការណ៍ Euro ឆ្នាំ២០២០ វគ្គ​ផ្តាច់​ព្រ័ត្រ តាមរយៈ​ការ​ផ្តួលអង់ដូរ៉ា ក្នុងលទ្ធផល ៤-០ កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​រក្សា​កំណត់ត្រា​យ៉ាងល្អ​ឥត​ខ្ចោះ​របស់​ពួកគេក្នុ​ជម្រុះ World Cup​៕

ប្រភព​ព័ត៌​មាន៖ Reuters