បរទេស៖ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អន្តរ​ជាតិ​ហៅ​​កាត់​ថា FIFA កំពុង​តែ​ស៊ើ​ប​អង្កេត​លើ​ការផ្អាក​ការ​ប្រកួត​​ជម្រុះ World Cup រវាង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល និង​អាហ្សង់ទីន ខណៈ​ដែល​ប្រធាន​អង្គ​ភាព​នេះ​លោក Gianni Infantino បាន​ចាត់​ទុក​សកម្មភាព​ផ្អាក​នេះ «គឺ​ជា​ទង្វើ​ដ៏ឆ្កួតលេលា» ស្រប​ពេល​ដែលក្លិប Tottenham Hotspur បញ្ជាក់​ថា ពួកគេ​ត្រៀម​រួច​រាល់​ហើយ​ក្នុងការ​ចាត់​វិធាន​ការផ្នែក​ច្បាប់​ប្រឆាំង​នឹង​​កីឡាករ​អាហ្សង់​ទីន​របស់​ខ្លួន​។

អាជ្ញា​ធរ​សុខាភិបាល​ប្រេស៊ីល បាន​ចូល​​បង្អាក់​ការ​ប្រកួត​កាលពីថ្ងៃ​អាទិត្យ ក្រោយពី​បាន​ចោទ​ប្រកាន់​កីឡាករ​៤​នាក់​ដែល​លេង​ឲ្យ​ក្រប​ខ័ណ្ឌ Premier League ក្នុងក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ពី​បទ​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ធ្វើ​ចត្តាឡីស័ក​កូវីដ ១៩ របស់​ប្រទេស​នេះ​។ អ្នក​ចាំ​ទី Emiliano Martinez របស់​ក្លិប Aston Villa និង​កីឡាករ​២នាក់​របស់​ Spurs គឺ Cristian Romero និង Giovani Lo Celso កំពុង​តែ​ស្ថិតនៅលើ​ទីលាន​ Neo Quimica Arena ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន នៅពេលនោះ​មន្ត្រី​ជាច្រើន​មក​ពី​និយ័តករ​សុខា​ភិបាល​ប្រេស៊ីល Anvisa បាន​ដើរ​ចូល​ទៅកាន់​ទីលាន​ប្រកួត និង​បាន​បញ្ឈប់​ការ​ប្រកួតភ្លាម​ៗ ក្រោយពី​ទើប​តែ​លេង​បាន​៥នាទី​។ ខ្សែ​បម្រើ Emiliano Buendia របស់​ក្លិប Aston Villa ក៏​បាន​ធ្វើ​ដំណើរមក​ពី​ចក្រ​ភព​អង់គ្លេស​ផង​ដែរ និង​បាន​ស្ថិត​ជា​កីឡាករ​បម្រុង​។

អង្គ​ភាព Anvisa បាន​​បញ្ជាក់​ថា ច្បាប់​របស់​ប្រេស៊ីល បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​ដំណើរ​ដែលមកពី​ចក្រ​ភព​អង់គ្លេស អាហ្វ្រិក​ខាង​ត្បូង ឬ​ឥណ្ឌា ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ពេល​មក​ដល់ និង​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​នេះ​ឡើយ លុះ​ត្រា​តែ​ពួកគេ​ជា​ប្រជា​ជន​ប្រេស៊ីល ឬ​មាន​ទីលំនៅអចិន្ត្រៃយ៍​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia