អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលោក ប៊ុយ សុភ័ណ្ឌ អះអាងថា លោកនឹងពង្រឹងការ​ផ្គផ្គងគូប្រកួតឲ្យបានហ្មត់ចត់បន្ថែមទៀត ដើម្បីធ្វើឲ្យការប្រកួតប្រដាល់សកលក្នុងព្រឹត្តិការណ៍ Ultimate Boxing Championship 2021 នៅសប្តាហ៍បន្ទាប់ឲ្យកាន់តែមានភាពទាក់ទាញ និងល្អប្រសើរជាងមុខ។ ការប្តេជ្ញាបែបនេះ ធ្វើឡើងក្រោយលោកសង្កេតឃើញគូប្រកួតក្នុងសប្តាហ៍បើកឆាកកាលពីថ្ងៃទី១៩ ខែកញ្ញា កីឡាករហាក់គុណភាពខុសគ្នាខ្លាំង ដែលធ្វើឲ្យការប្រកួតខ្លះឈ្នះចាញ់ដោយភាគីម្ខាងសន្លប់។ តែយ៉ាងណាកីឡាករបានខិតខំប្រឹងប្រែងឲ្យប្រកួតអស់សមត្ថភាពដែលធ្វើឲ្យមានការទាក់ទាញខ្លាំងពីមហាជន។

ក្រោយមើលឃើញពីកម្រិតបច្ចេកទេសខុសគ្នារបស់កីឡាករនាការប្រកួតសប្តាហ៍បើកឆាកកាលពីថ្ងៃទី១៩​ កញ្ញា លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាប្តេជ្ញានឹងធ្វើឲ្យការប្រកួតប្រដាល់សកលក្នុងព្រឹត្តិការណ៍ Ultimate Boxing Championship នៅសប្តាហ៍បន្ទាប់ ឲ្យកាន់តែមានភាពទាក់ទាញ តាមរយៈការពង្រឹងការផ្គូរផ្គងគូប្រកួតបន្ថែមទៀត។

 

«យើងជឿជាក់ថា ការប្រកួតលើកក្រោយ យើងនឹងព្យាយាមកែលម្អនូវចំណុចខ្វះខាតមួយចំនួន ដែល​យើង​ទទួលស្គាល់នៅពេលនេះហើយយើងនឹងបន្តរៀបចំកាន់តែល្អ ដើម្បីទាក់ទាញមហាជនឲ្យ​ចូលរួម​​គាំទ្របានកាន់តែច្រើន ក្នុងគោលដៅត្រៀមឆ្ពោះទៅប្រកួតប្រជែង ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅ​ប្រទេសវៀតណាម ជាពិសេសគឺត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣តែម្តង»។ នេះជាការលើកឡើងរបស់លោក ប៊ុយ សុភ័ណ្ឌ។

សម្រាប់លោក ប៊ុយ សុភ័ណ្ឌ ព្រឹត្តិការណ៍ Ultimate Boxing Championship មិនត្រឹមតែជាឱកាសសម្រាប់កីឡាករបង្ហាញសមត្ថភាពនោះទេ តែវាទីលានប្រកួតដ៏ជក់ចិត្ត និងជាថ្នាល់វាស់ស្ទង់សមត្ថភាពកីឡាករ ដែលអនុញ្ញាតឲ្យសហព័ន្ធអាចជ្រើសរើសកីឡាករមានសមត្ថភាពខ្ពស់សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេ​មនៅវៀតណាម និងនៅកម្ពុជានាឆ្នាំ២០២៣។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«ចំពោះការប្រកួតនេះ គឺជាឱកាសសំខាន់បំផុត សម្រាប់កីឡាករ កីឡាការិនីតាមបណ្តាក្លឹប ក៏ដូចជា​កីឡា​ករ​ជម្រើសជាតិ ក្នុងការវាស់ស្ទង់កម្រិតគុណភាពបច្ចេកទេសរបស់ពួកគាត់ជាជំហានៗ ឈាន​​ឆ្ពោះទៅស្វែងរកកីឡាករ កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតប្រជែងអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម ២លើក​​ចំពោះមុខនេះ។ ប្រសិនបើការហ្វឹកហាត់ មិនបានចូលរួមប្រកួតប្រជែងទេ នោះពួកគាត់​ក៏មិនអាច​ដឹងពី​សមត្ថភាពរបស់ពួកគាត់បានដែរ»។

ដើម្បីចូលរួមអនុវត្តវិធានការសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានធ្វើតេស្តរកមេរោគកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់លើលើកីឡាករ មន្ត្រីបច្ចេកទេស ក៏ដូចជាអ្នកឲ្យទឹកទាំងអស់មុនអនុញ្ញាតឲ្យចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ។ អ្នកមិនបានធ្វើតេស្ត គឺអនុញ្ញាតឲ្យចូលរួមនោះទេ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុយ សុភ័ណ្ឌ ដែលអំពាវនាវឲ្យមហាជនចូលរួមទស្សនាឲ្យបានច្រើនក្នុងការប្រកួតសប្តាហ៍ ដើម្បីលើកទឹកចិត្តកីឡា​ករ ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍន៍កីឡាប្រដាល់សកលនៅកម្ពុជា។

ការប្រកួតសប្តាហ៍ទី១ ដែលមានការប្រកួតចំនួន៦គូ គឺទទួលបានការលើកទឹកចិត្តទស្សនាផ្ទាល់ពីលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងលោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School ដែលជាអ្នកឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍មួយនេះ៕