ក្រសួងអប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ណែនាំ ទៅ​ដល់​គ្រឹះស្ថាន និងស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​រៀបចំ​ផ្តល់​អាទិភាព​ខ្ពស់ និង​បង្កភាព​ងាយស្រួល ទៅ​ដល់​ក្រុម​អត្តពលិក​ជម្រើស​ជាតិ ដែលជា​សិស្សនិស្សិត ​ទាំងកំពុងសិក្សា នៅ​ថ្នាក់​មធ្យម​សិក្សា និង​ឧត្តមសិក្សា សាធារណៈ និង​ឯកជន ក្នុង​គោលបំណង​ឱ្យ​ពួកគេ មានពេល​វេលា​គ្រប់​គ្រាន់ ក្នុងការ​ហ្វឹក​ហាត់ បំពាក់បំប៉ន​កម្លាំង និងបច្ចេក​ទេស ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​ប្រជែង​យក​មេដាយជូនជាតិ នៅ​ក្នុងការ​ប្រកួត​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ គឺ​នៅពេល​កម្ពុជា ធ្វើជា​ម្ចាស់​ផ្ទះ ជា​ប្រវត្តិសាស្រ្ត។

សម្រាប់​ការ​រៀបចំផ្តល់​អាទិភាព​សិស្ស និស្សិត ដែល​ជា​កីឡាករ កីឡាការិនីជម្រើសជាតិ កំពុង​ហាត់ហ្វឹក​ហ្វឺនក្នុង និង​ក្រៅ​ប្រទេស​ ត្រៀម​លក្ខណៈ​រៀបចំ​ឆ្ពោះ​ទៅ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ​២០២៣នេះ ក្រសួងអប់រំ បានណែនាំ​ឱ្យ ​គ្រឹះ​ស្ថានមធ្យម និង​​ឧត្តមសិក្សាសាធារណៈ និងឯក​ជន ត្រូវ​បាន​អនុញ្ញាតឱ្យ​ធ្វើ​ស្វ័យ​សិក្សា តាមអនឡាញនៅជំរំ​ប្រមូល​ផ្តុំ ដោយមិនបាច់ មាន​វត្តមាន នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា ហើយ​ ត្រូវ​ផ្តល់​ឯកសារសិក្សាជា Hard និង Soft Copies ដោយឥត​គិត​ថ្លៃ ដល់​អត្តពលិក សម្រាប់សិក្សា នៅពេល​ទំនេរ ពីការ​ហ្វឹក​ហាត់។

បន្ថែម​លើនេះ ត្រូវ​​សម្រប​សម្រួល​ការ​បង្រៀន ការ​រៀន និងពិន្ទុសម្រាប់ត្រី​មាស ឆមាស និង​ប្រចាំ​ឆ្នាំ ហើយ​ត្រូវ​សហការ​សម្របសម្រួល​ដល់​កីឡាករ កីឡាការិនី បាន​ប្រឡង​ជាប់ជា​ស្ថាពរ សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ​២០២០-២០២១ ដល់​​ឆ្នាំ​២០២២-២០២៣។  ដោយ​ឡែក​ ក្រុមអត្តពលិក ដែល​ហាត់​នៅក្រៅប្រទេស ត្រូវ​បាន​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ។

ចំណែក​នាយក​ដ្ឋាន​មធ្យម​សិក្សា​ចំណេះដឹង​ទូ​ទៅ និង​ស្ថាប័ន​ពាក់ព័ន្ធ សូមសហការ​ផ្តល់អាទិភាព​ដល់​កីឡាករ កីឡាការិនី ក្នុង​ការ​ប្រឡង​យក​ពិន្ទុ​ប្រចាំ​ខែ ត្រីមាស និងឆមាស ហើយគ្រឹះស្ថាន​នីមួយៗ ត្រូវ​រៀបចំ​ឱ្យមានការ​រៀន និង​បង្រៀន​បន្ថែម​ម៉ោង​ដល់​កីឡាករ កីឡាការិនី ទៅ​តាមចំនួន​មុខ​វិជ្ជា និង​កម្រិត​ថ្នាក់​ ដែល​កីឡាករ កីឡាការិនី មិន​បាន​ចូល​រៀន តាមអនឡាញ នៅ​ថ្ងៃ​សុក្រ និងថ្ងៃសៅរ៍។

ដោយឡែក​ ការ​ដាក់ពាក្យ​ប្រឡង និង​ការ​ប្រឡង​ថ្នាក់ជាតិ ចំពោះ​សិស្ស ដែល​ជា​កីឡាករ កីឡាការិនី ក្រសួង​អប់រំ នឹង​ផ្តល់គោលការណ៍​អាទិភាពចំពោះ សិស្ស​ថ្នាក់​ទី​១២ ទាំង​អ្នក​ហាត់ នៅ​ក្នុងស្រុក ហាត់​នៅ​ក្រៅប្រទេស និង​​អ្នក​ដណ្តើម​បានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពី​ស៊ីហ្គេម អាស៊ាន​ហ្គេម។

អ្វី​ដែលកាន់តែ​ពិសេស​នោះ អ្នក​ដែល​ដណ្តើម​បានមេដាយមាស​ពីស៊ីហ្គេម នឹ​ងត្រូវ​ឱ្យ​ជាប់​ជា​ស្វ័យ​ប្រវត្តិ បើ​សិនជា​អ្នក​នោះ ចង់​បន្ត​វិជ្ជាជីវៈ​ជាគ្រូ​អ​ប់រំ និង​កីឡា ដោយ​ក្រសួងអប់រំ បាន​បញ្ជាក់ថា៖ ​«ចំពោះ​សិស្ស​ថ្នាក់​ទី​១២ ដែល​ជា​អត្តពលិកជម្រើសជាតិ ទទួលបានមេដាយមាស​ស៊ីហ្គេម ទទួលបាន​អាទិភាព​ជាប់​ជាស្វ័យ​ប្រវត្តិ បើ​មាន​បំណង​ចង់​បន្ត​វិជ្ជាជីវៈ​ជា​គ្រូអប់រំកាយ និងកីឡា ហើយ​បាន​ដាក់​ពាក្យ​ប្រឡង និងបាន​ប្រឡង​ចូល​គ្រូ​អប់រំ​កាយ កម្រិត​មូល​ដ្ឋាន ឬ​គ្រូអប់រំ​កាយ​កម្រិត​បរិបត្រ»៕