បរទេស៖ កីឡាករ Tyson Fury បាន​ការ​ពារ​ខ្សែក្រវាត់ WBC ទម្ងន់​ធ្ងន់​យ៉ាង​ជោគ​ជ័យ​របស់ខ្លួន កាលពីថ្ងៃ​សៅរ៍ នៅពេល​ដែល​រូប​គេ​បាន​ផ្តួលកីឡាករ Deontay Wilder ឲ្យ​ដួលនៅលើ​សង្វៀន​ប្រកួត​ជាលើក​ទី​៣ ក្រោយពី​បាន​វាយ​​កណ្តាប់​ដៃ​ស្តាំ​ដ៏ខ្លាំង​របស់​គេ ទៅលើ​ក្បាល នៅ​ទឹក​ទី​១១ នា​​សង្រៀន T-Mobile Arena នៅ​ទីក្រុង Las Vegas​។

ការ​ប្រកួត​នេះ​ពិត​ជា​មាន​ភាព​ស្វិត​ស្វាញ និង​ទាក់​ទាញ​ហួស​​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ប៉ុន្តែ នៅ​តែ​បញ្ចប់​ក្នុងលទ្ធផល​ដូច​ការ​រំពឹង​ទុក ខណៈ​ដែល​​កីឡាករ​អង់គ្លេស បានផ្តួល​ជើង​ខ្លាំង​របស់​អាមេរិក ដើម្បី​ស្ថិត​ជា​ម្ចាស់​ជើង​ឯក​ដែល​មិនស្គាល់​ចាញ់​សោះ​​។​ ក្រោយពី​បាន​បាត់​បង់​ខ្សែ​ក្រវាត់ WBC ក្រោម​ស្នា​ដៃ Fury កាលពី​២០​ខេមុន ក្នុង​​ជំនួប​ជាលើក​ដំបូង កីឡាករ Wilder បាន​បង្ហាញពី​ការ​ស្រេក​ឃ្លាន​ជ័យ​ជម្នះ​នោ​ដើម​ទឹក​ តាមរយៈ​ការ​​ប្រើ​កណ្តាប់ដៃ​វាយ​យ៉ាង​សន្ធាប់​ទៅលើ Fury ខណៈ​ដែល​រូប​​គេ​ក៏​បាន​ដណ្តើម​យក​ឱកាស​ដើម្បី​វាយ​កណ្តាប់​ដៃ​ស្តាំ​ដ៏ខ្លាំង​របស់​គេ​ផង​ដែរ​។ Fury បាន​វាយ​បក​វិញ និង​បាន​វាយ​ឲ្យ Wilder ដួលនៅ​សង្វៀន​ប្រកួត នៅ​ទឹក​ទី​៣ ជា​មួយនឹង​ការ​​វាយ​ចំគោល​ដៅ​យ៉ាងល្អ​របស់​គេ ប៉ុន្តែ កីឡាករ​អាមេរិក Wilder បាន​វាយ​ឲ្យ​ដៃគូ​របស់​ខ្លួនដួល​ចំនួន​២លើក​​​វិញ​នៅ​ទឹក​ទី​៤ ជា​មួយ​នឹង​ការ​ប្រើកណ្តាប់​ដៃ​វាយ​ចំ​ក្បាល​។​

ប៉ុន្តែ ចាប់​ពី​តាំងពី​ទឹក​នោះមក Fury បានគ្រប់គ្រង​ស្ថានភាព​យ៉ាងល្អ និង​​មាន​ប្រៀប​​លើ Wilder ក្រោយពី​បាន​បាយ​ឲ្យ​​រូប​គេ​ដួល​ម្តង​ទៀតនៅ​ទឹកទី​១០ នៅមុន​​ពេល​បញ្ចប់​ការ​ប្រកួត​ តាម​រយៈ​ការ​វាយ​កណ្តាប់​ដៃស្តាំ​ចំគោល​ដៅ​យ៉ាងល្អ ដើម្បី​ឲ្យ Wilder ដួល​ជាលើក​ទី​៣នៅលើ​សង្វៀន និង​ដើម្បី​ដណ្តើម​យក​ជ័យ​ជម្នះ​តែម្តង​៕​

 

ប្រភព​ព័ត៌​មាន៖ Channel News Asia