បរទេស៖ ក្រុម​ឥន្ទ្រី​ដែក អាល្លឺ​ម៉ង់ បាន​ក្លាយ​ជាក្រុម​ដំបូង​គេ​របស់​អឺ​រ៉ុប ក្នុងការ​ឈ្នះ​សិទ្ធិ​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២២ តាម​រយៈ​ការផ្តួលក្រុម​ជម្រើស​ជាតិ​ម៉ា​សេដ្វាន​ខាង​ជើង ក្នុងលទ្ធផល ៤-០  កាលពីថ្ងៃ​ចន្ទ ដើម្បី​មាន​សុវត្ថិភាព​ក្នុង​ការ​បញ្ចប់​ដោយ​ការ​ឈរ​លើកំពូល​តារាង​នៃពូល J ខណៈ​ដែលនៅ​សល់​២​ប្រកួត​ទៀត​។

គ្រាប់បាល់​​ស៊ុត​បញ្ចូល​ទី​២​គ្រាប់នៅ​តង់ទី​២​ពី​ខ្សែ​ប្រយុទ្ធ Timo Werner និង​១​គ្រាប់​ពី Kai Havertz និង Jamal Musiala បាន​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិអាល្លឺ​ម៉ង់ កត់ត្រា​ជ័យ​ជម្នះ​ជាលើក​ទី​៥ ក្នុង​ចំណោម​ការ​ប្រកួត​​ទាំង​៥​លើក ក្រោម​ការ​ដឹកនាំ​​របស់​គ្រូបង្វឹក​ថ្មី​លោក Hansi Flick និង​បាន​ជួយ​ឲ្យពួកគេ​មាន​២១ពិន្ទុ ខណៈ​ដែល​ក្រុមជម្រើស​ជាតិ​រ៉ូ​ម៉ានី កំពុង​តែ​ឈរលេខ​២ ដោយ​មាន​១៣ពិន្ទុ​។ រាល់​ក្រុម​ដែល​បញ្ចប់​ដោយការ​ឈរលេខ​១ក្នុងពូល​ទាំង​អស់ នឹង​ឈ្នះ​កៅអី​ជា​ស្វ័យ​ប្រវត្តិ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនា​ការ​នៅ​ប្រទេស​កា​តា​។

លោក Flick ដែល​បាន​ចូល​ជំនួស​កន្លែង​របស់​លោក Joachim Loew កាលពី​ដើម​ឆ្នាំ​នេះ បាន​ឲ្យដឹ​ង​ថា៖ «ផ្អែក​លើ​លទ្ធផល​នេះ វា​ពិត​ជា​លទ្ធផល​ដ៏ល្អ​ឥតខ្ចោះ​។ យើង​​បាន​ទទួល​របស់​ដែលយើងចង់​បាន បាន​ឈ្នះ​សិទ្ធិ​យ៉ាង​ឆាប់​រហ័ស​តាម​ដែលអាច ហើយ​បច្ចុប្បន្ន យើង​​បាន​ឈ្នះ​​ការ​ប្រកួត​៥​លើក​ជាប់​ៗ​គ្នា​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia