ក្រុមបាល់​ទះ វិសាខា និងក្រសួងមហាផ្ទៃ បានបញ្ចប់ការ​ប្រកួត​វគ្គជម្រុះ​តាមពូល ​នៃ​ពានរង្វាន់​បាល់ទះ Special Volleyball Challenge 2021 ជាមួយការ​ឈ្នះ​គ្រប់​ការ​ប្រកួត​ដូចគ្នា មុនពេល​ក្រុមទាំង​២ បាន​ឈាន​ទៅកាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ត្រូវ​ធ្វើ នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១​នេះ។

តាម​រយៈការ​ប្រកួតវគ្គជម្រុះ​តាមពូល ដែល​ត្រូវ​បាន​ធ្វើ​ឡើង ​​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ហើយ​ទើប​បាន​បញ្ចប់ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ ក្រុម​វិសាខា ដែរ​ឈរ​នៅ​ពូល​A A នោះ បាន​យក​​ឈ្នះ​លើ​ក្រុម S&E Cambodia ក្រុម​​កោះដាច់ ក្រុម​កងពល​អន្តរាគមន៍​លេខ​៣ ក្រុម​​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង​ក្រុម PS Concrete ជាមួយ​លទ្ធផល ២សិត​ដាច់ (២-០) ដូច​គ្នា ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់លេខ​១ មាន​១៥ពិន្ទុពេញ។

ចំណែក​ក្រុម​ PS Concrete ទទួល​បានចំណាត់​ថ្នាក់លេខ​២ ប្រចាំពូល​នេះ ដើម្បី​ឡើង​ទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ ដោយ​ឈ្នះ ២-០ ចំនួន​២​ប្រកួត ឈ្នះ​ដោយ​ ២-១ ចំនួន​១​ប្រកួត ហើយ​បាន​ចាញ់ ២-០ ចំនួន​១​ប្រកួត និង​ចាញ់ ២-១ ចំនួន​១​ប្រកួត ធ្វើ​ឱ្យ​ពួកគេ មាន​៩ពិន្ទុ ព្រោះ​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​នេះ គឺ​ឈ្នះ ២-០ បាន​៣ពិន្ទុពេញ រីឯ​ឈ្នះ ២-១ គឺ​ក្រុម​ឈ្នះ​បាន​២ពិន្ទុ និងក្រុម​ចាញ់​បាន​១ពិន្ទុ។

ដោយ​ឡែក សម្រាប់ការ​ប្រកួត​ជម្រុះ​ប្រចាំពូល​B វិញ ដែល​មាន​ត្រឹម​៥​ក្រុម​នោះ គឺ​ក្រុម​ក្រសួងមហាផ្ទៃ  បាន​យក​ឈ្នះ​ក្រុម​គង់​នៅ​វត្ត​ប្រាសាទ ក្រុម​​យុវជន​ស្រុកល្វាឯម ក្រុម​អធិរាជ​ប្រអប់ និង​​ក្រុម​យុវជនខេត្តបន្ទាយមានជ័យ ដោយ​លទ្ធផល ២-០ ដូចគ្នា ដើម្បី​ទទួលបាន​លេខ​១ ជាមួយការ​មាន​១២ពិន្ទុ​ពេញ ចំណែក​ក្រុមអធិរាជប្រអប់ បានលេខ​២ ជាមួយការ​​ឈ្នះ​៣ដង និងចាញ់​១ដង មាន​៨ពិន្ទុ។

យោងតាម​លទ្ធផលនេះ ​ក្រុម​វិសាខា នឹង​ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម​អធិរាជប្រអប់ នៅ​ទីលានបាល់​ទះកីឡដ្ឋាន​ព្រីនស៍ នា​រសៀល​ម៉ោង ២ ថ្ងៃពុធ​ស្អែក​នេះ ហើយ​ក្រុមក្រសួង​មហាផ្ទៃ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ PS Concrete នៅ​រសៀល​ម៉ោង ៣:៣០ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ ដើម្បី​ស្វែង​រក​ក្រុម​ឈ្នះ ឡើង​ទៅ​ជួបគ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៧ ខែតុលា ខាងមុខ​នេះ៕