បរទេស៖ ការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុង១ប្រកួត ឬ ហាតទ្រីក ជាលើកទី៥៨ ពីខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ លត់ក្រុមជម្រើសជាតិលុចសំបួរយ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតជម្រុះ World Cup ពូល A កាលពីថ្ងៃអង្គារ។
ការស៊ុតបាល់បញ្ចូលទីបាន៣គ្រាប់នេះ ដែលបានធ្វើឲ្យ Ronaldo ក្លាយជាកីឡាករដំបូងគេក្នុងការធ្វើបាន ហាតទ្រីក ១០លើកក្នុងការប្រកួតកម្រិតអន្តរជាតិ ធ្វើឲ្យគ្រាប់បាល់សរុបជាអន្តរជាតិរបស់គេកើនដល់១៨២គ្រាប់ ខណៈដែលរូបគេបន្តបន្ថែមការនាំមុខលើតារាងអ្នករកបានគ្រាប់បាល់អន្តរជាតិច្រើនជាងគេ។ ជ័យជម្នះនេះ ធ្វើឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ដេញតាមត្រឹមតែ១ពិន្ទុគត់ពីក្រោយក្រុមឈរលេខ១ ស៊ែប៊ី ដែលមាន១៧ពិន្ទុ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិអាស៊ែបៃហ្សង់ ក្នុងលទ្ធផល ៣-១ ខណៈដែលនៅសល់១ប្រកួតក្នុងដៃ។
នៅខែក្រោយ ក្រុមព័រទុយហ្គាល់របស់លោក Fernando Santos នឹងធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ នៅមុនពេលធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមស៊ែប៊ី ក្នុងការប្រកួតដែលត្រូវតែឈ្នះជាដាច់ខាត ដើម្បីឈ្នះកៅអីទៅលេងក្នុង World Cup ឆ្នាំ២០២២ នៅប្រទេសកាតា៕
ប្រភពព័ត៌មាន៖ Daily Mail