ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត ប្រចាំ​ឆ្នាំ​២០២១ បាន​រក​ឃើញ​បេក្ខភាព​ជា​ក្រុមខ្លាំង ទាំង​៤ ដើម្បី​ឡើង​ទៅ​ប្រកួត​នៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពីការ​ប្រកួត​វគ្គ​ជម្រុះ​៨​ក្រុម​​ចុងក្រោយ បាន​បញ្ចប់ កាលពី​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ។

តាម​រយៈការ​ប្រកួត​ជម្រុះ​៨​ក្រុម​ចុងក្រោយ​នោះ ក្រុមខេត្ត​ត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្ត​បន្ទាយមានជ័យ និងកោះកុងអេហ្វស៊ី សុទ្ធតែ​បាន​កត់ត្រា​ជ័យជម្នះ​ដ៏មាន​ន័យ នៅ​ក្នុងការ​ប្រកួត ដោយ​ភាព​ប្រយ័ត្ន​ប្រយែង ជាមួយ​វិធាន​ការពារ​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​ឡើង​ទៅជួបគ្នា នៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ។

សម្រាប់ ការ​ប្រកួត ចំនួន​២​គូ ដែល​ត្រូវបាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​សៅរ៍ ក្រុម ស.ស.យ.ក ខេត្តបាត់ដំបង បានទម្លាក់ក្រុមខេត្តកណ្ដាល ជាមួយការ​យក​ឈ្នះ​រហូត​ដល់ ៧-១ នៅ​កីឡដ្ឋាន 7NG ​ចំណែក​ក្រុម​ខេត្តត្បូងឃ្មុំ បានយកឈ្នះភ្នំពេញហ្គាឡាក់ស៊ី ២-០ នៅ​លើ វាលស្មៅ AEU Sport Park។

យ៉ាង​ណា​មិញ សម្រាប់​២​ប្រកួត ដែល​បាន​ធ្វើ នៅ​ថ្ងៃអាទិត្យ ​ក្រុម​ខេត្ត​កោះកុង​អេហ្វស៊ី បាន​លត់​ក្រុម​ក្រុមខេត្តកំពង់ឆ្នាំង រហូត​ដល់ ៩-១ នៅ​ទីលាន​កីឡ​ដ្ឋាន​កង​យោធ​ពល​ខេមរភូមិន្ទ រីឯ​ក្រុម​ខេត្ត​បន្ទាយមានជ័យ បាន​យក​ឈ្នះ​ក្រុម​សៀម​រាប​អេហ្វស៊ី ត្រឹម ១-០ ទាំង​លំបាក នៅកីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ ដើម្បី​ឡើង​ទៅកាន់វគ្គ​បន្ត។

ដោយ​ឡែក សម្រាប់​ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើមនៅថ្ងៃពុធ ទី២០ ខែតុលា ដោយ​ក្នុង​នោះ ក្រុមត្បូងឃ្មុំ ត្រូវជួបជាមួយក្រុម ស.ស.យ.ក ខេត្តបាត់ដំបង ហើយ​ក្រុម​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ប្រឈម​ជាមួយ ក្រុម​កោះកុងអេហ្វស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា៕