ខ្សែ​ប្រយុទ្ធ​វ័យក្មេង​របស់​ក្រុម​ខេត្តព្រៃវែង គី រីណា បាន​សម្រេច​បោះ​បង់​ចោល​នូវ​ឱកាស​ដ៏​សំខាន់ សម្រាប់​ការ​បង្ហាញ​ខ្លួន ​ជាមួយ​ក្រុមជម្រើសជាតិ​ក្រោមអាយុ​២៣​ឆ្នាំ ជា​លើក​ដំបូង ដោយ​រូប​គេ បាន​វិល​ត្រឡប់​ពី​ប្រទេសបារ៉ែន ​មក​មាតុប្រទេស​​វិញ ជាមួយ​ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា គឺ​មិន​បាន​បន្ត​ដំណើរ ​ទៅ​ចូល​រួមការ​ប្រកួត​​ជម្រុះ​ពាន​រង្វាន់ AFC U23 ASIAN Cup នៅប្រទេសជប៉ុន នោះ​ទេ។

គី រីណា ត្រូវបាន​កោះ​ហៅ​ឱ្យ​ចូល​រួម​ជាមួយ​ក្រុមជម្រើសជាតិ ជា​លើកដំបូង។ បើទោះជា រីណា មិន​ត្រូវបានដាក់ឱ្យ​លេង​សោះ សម្រាប់​ការ​ប្រកួត​​ជម្រុះ​​ពាន​រង្វាន់ AFC Asian Cup 2023 ជាមួយ​​ក្រុមជម្រើសជាតិ​ហ្គាម នៅប្រទេស​បារ៉ែន ប៉ុន្តែ គី រីណា ​អាច​ក្លាយ​ជា​បេក្ខភាព​ដ៏​សំខាន់​ម្នាក់ ដែលគេ​រំពឹង​ថា នឹង​ត្រូវបាន​ដាក់ឱ្យ​លេង នៅ​ក្នុងការ​ប្រកួត​ពាន​ AFC U23 ASIAN Cup នៅប្រទេសជប៉ុន នាពេល​ខាងមុខ​នេះ ដោយ​កម្ពុជា ត្រូវ​ជួបក្រុម​ហុងកុង នៅ​ថ្ងៃទី​២៣ និង​ជួបក្រុម​ម្ចាស់​ផ្ទះ ជប៉ុន នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ។

តែ​ទោះបីជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​ដ៏​សំខាន់របស់​ក្លិប​ខេត្ត​ព្រៃវែង គី រីណា បាន​សម្រេច​បោះ​បង់​ចោល​ឱកាស​ដ៏សំខាន់នេះ ដោយ​បាន​វិលត្រឡប់មក​ផ្ទះ​វិញ ជាមួយ​ក្រុម​ធំ​ជម្រើសជាតិ ហើយបញ្ហា​នេះ ត្រូវ​បាន គី រីណា ​ប្រាប់​ថា មក​ពី​រូប​គេ ​បានស្នាក់នៅ​ជា​មិត្ត​រួម​ក្រុម ដែលវជ្ជមាន​កូវីដ​១៩ ហេតុនេះគេ​ខ្លាច​ថា រូបគេ​មាន​ផ្ទុក​ជំងឺ​នេះ​ដែរ នឹង​ឆ្លង​ទៅ​ដល់​ក្រុម​U23ជម្រើសជាតិកម្ពុជា។

តាម​រយៈ​ក្លិប​ខេត្ត​ព្រៃវែង គី រីណា បាន​និយាយ​ថា៖​ «មូល​ហេតុ​ដែលខ្ញុំ​សម្រេច មិន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ ជាមួយ​ក្រុម​ជម្រើសជាតិក្រោមអាយុ​២៣​ឆ្នាំ ដោយសារ​ខ្ញុំ​ស្នាក់នៅ​បន្ទប់ជាមួយ​មិត្តរួមក្រុម​ជម្រើសជាតិ ដែលមាន​វិជ្ជមាន​កូវីដ​១៩»។

កីឡាករ​មានមាឌមិន​សូវ​ធំ​រូប​នេះ បាន​បន្ថែម​ថា៖​ «ទោះ​បីជា ខ្ញុំបាន​ធ្វើ​តេស្ត​លទ្ធផល​អវិជ្ជមាន ក៏​ខ្ញុំ​នៅតែ​សម្រេចមិន​ចូល​រួម​ប្រកួត ដោយខ្លាច​មាន​ការ​ឆ្លង​ទៅកាន់មិត្ត​រួមក្រុមផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​ជម្រើសជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ ព្រោះជំងឺ​កូវីដ តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ចំពោះ​អ្នកដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ»។

គួរ​រំឭក​ថា សម្រាប់​ការ​ប្រកួតជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2023 ជាមួយ​​ក្រុមជម្រើសជាតិ​ហ្គាម នៅប្រទេស​បារ៉ែន កាលពី​ពេល​ថ្មីៗនេះ កីឡាករ​ជម្រើសជាតិ​របស់​កម្ពុជា​ចំនួន​ ៦ នាក់ ​បាន​ឆ្លង​កូវីដ​១៩ ក្នុង​នោះមាន​កីឡាករ គួច សុកុម្ភៈ, សឿយ វិសាល, ចាន់ វឌ្ឍនាកា, អ៊ាន ពិសី, សារ៉េត គ្រីយ៉ា និង កែវ សុខសិលា ហើយ​បច្ចុប្បន្នអ្នកទាំង​៦នេះ កំពុង​សម្រាកព្យាយាល​បន្ត នៅ​ប្រទេសបារ៉ែន៕