កីឡាករជម្រើសជាតិកម្ពុជា សារ៉េត គ្រីយ៉ា ដែលបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ មុនគេនោះ គឺពេលនេះ រូបគេបានជាសះស្បើយពីជំងឺនេះហើយ ក្រោយសម្រាកព្យាបាល ១០ថ្ងៃ នៅប្រទេសបារ៉ែន ចំណែលកកីឡាករ ៥នាក់ទៀត រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល និង អ៊ាន ពិសី រង់ចាំការធ្វើតេស្ដ PCR តាមក្រោយ។
ខ្សែការពារដ៏រឹងមាំ សារ៉េត គ្រីយ៉ា ទទួលបានលទ្ធផលអវិជ្ជមាន កាលពីថ្ងៃអង្គារ គឺបន្ទាប់ពីរូបគេបានធ្វើតេស្ដ PCR មួយថ្ងៃ ហើយនៅពេលនេះ សារ៉េត គ្រីយ៉ា ត្រូវបានទទួលការអនុញ្ញាតឱ្យចេញទៅសម្រាក នៅសណ្ឋាគារខាងក្រៅហើយ។ នេះបើតាមការបញ្ជាក់របស់ សារ៉េត គ្រីយ៉ា។
កីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀង រូបនេះ បានឱ្យដឹងទៀតថា ការបានធ្វើតេស្ដម៉ាស៊ីន PCR មុនគេនេះ ដោយសារតែរូបគេ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ មុនគេ គឺតាំងពីមុនការប្រកួតជើងទី១ ជាមួយក្រុមជម្រើសជាតិហ្គាម ហើយនេះជាមូលហេតុដែល សារ៉េត គ្រីយ៉ា មិនបានចូលលេងសូម្បីមួយនាទីសោះ សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2023 ទាំង២ជើង ជាមួយក្រុមហ្គាម នៅលើទឹកដីប្រទេសបារ៉ែន នេះ។
យ៉ាងណាក៏ដោយ សារ៉េត គ្រីយ៉ា នឹងបន្តសា្នក់នៅក្នុងសណ្ឋាគារមួយកន្លែង នៅប្រទេសបារ៉ែន ដើម្បីរង់ចាំមិត្តរួមក្រុម វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល និង អ៊ាន ពិសី ដែលគ្រោងនឹងធ្វើតេស្ដជាមួយម៉ាស៊ីន PCR នាថ្ងៃទី២១ ខែតុលាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ សារ៉េត គ្រីយ៉ា៕