ក្រុម​ស.ស.យ.ក​ខេត្តបាត់ដំបង ក្រុម​មន្ទីរអយក​ខេត្តត្បូងឃ្មុំ ក្រុម​ខេត្តបន្ទាយមាន​ជ័យ និងក្រុម​កោះកុងអេហ្វស៊ី ដែលទើប​ឈ្នះ​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ការ​ប្រកួត​ថ្នាក់​ខេត្ត​ពាន​រង្វាន់​សម្តេចហ៊ុនសែន លើកទី​១៥ ឆ្នាំ​២០២១ នោះ នឹង​ត្រូវ​ប្រកួត​គ្នា នៅរសៀល​ម៉ោង​៣ ថ្ងៃ​ពុធនេះ ដើម្បី​រក​ក្រុម ដែល​ឈាន​ឡើងចទៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​ឈ្នះ​កៅអី សម្រាប់​ឡើង​ទៅ​ប្រកួត​ថ្នាក់​ជាតិ ជា​បន្ត​ទៀត។

ក្រុម​ស.ស.យ.ក​ខេត្តបាត់ដំបង និង​ក្រុម​មន្ទីរអយក​ខេត្តត្បូងឃ្មុំ នឹង​ត្រូវ​ប្រកួត​គ្នា នៅកីឡដ្ឋានព្រីសន៍ នា​រសៀល​ម៉ោង ៣ ថ្ងៃពុធ​នេះ ហើយ​ការ​ជួបគ្នា​រវាង​ក្រុមទាំង​២​នេះ ត្រូវ​បានគេ​មើល​ឃើញ​ថា អាច​នឹង​មាន​ភាពតានតឹងខ្លាំង ព្រោះ​ក្រុមទាំង​២​នេះ សុទ្ធ​មាន​កម្រិត​លេខ​ល្អ និង​ធ្វើបាន​ល្អ ខណៈការ​ប្រកួត​វគ្គជម្រុះ​៨​​ក្រុម កន្លងមកនេះ ក្រុម​ខេត្តបាត់ដំបង បាន​លត់​ក្រុម​ខេត្តកណ្តាល ៧-១ ហើយ​ខេត្តត្បូងឃ្មុំ បាន​យក​ឈ្នះ​​ក្រុមខ្លាំង ភ្នំពេញ​ហ្គាឡាក់ស៊ី ២-០។

ដោយ​ឡែក​ក្រុម​ខេត្ត​បន្ទាយ​មានជ័យ ត្រូវប្រឈម​ជាមួយ​ក្រុមកោះកុងអេហ្វស៊ី នៅ​កីឡដ្ឋាន​អេអ៊ីយូស្ពតផាក នា​រសៀល​ម៉ោង ៣ ថ្ងៃនេះ​ដូច​គ្នា ហើយ​ជំនួប​នេះ អ្នក​គាំ​ទ្រ ហាក់ផ្តល់ទំនុក​ចិត្តខ្ពស់ទៅ​លើ​ក្រុម​មក​ដែន​សមុទ្រ កោះកុងអេហ្វស៊ី ព្រោះ​ក្រុម​នេះ មានការ​រៀបចំ​កាន់តែ​ល្អ និង​​លេង​កាន់តែ​ល្អ។

​ការ​ទម្លាក់ក្រុម​​ខេត្តកំពង់ឆ្នាំង ជាមួយការ​យក​ឈ្នះ ៩-១ ក្នុង​វគ្គ​ជម្រុះ​៨​ក្រុម​ចុងក្រោយ កាលពី​ពេលថ្មីៗនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​ដែល​ដឹកនាំ​ដោយ​លោកគ្រូ ហុក សុជីវ័ន កោះកុង​អេហ្វស៊ី ពិតជា​មាន​ទម្រង់លេង​ល្អ ហើយអាច​នឹង​បន្ត​យក​ឈ្នះ​ក្រុម​ខេត្ត​បន្ទាយ​មានជ័យ ដែល​បាន​ឡើងមក​ដល់​វគ្គ​នេះ តាម​រយៈការ​យក​ឈ្នះ​ក្រុម​សៀម​រាបអេហ្វស៊ី ត្រឹម ១-០។

តែ​ទោះបីជា​យ៉ាងណា លទ្ធផល​ជាក់ស្តែង​ទៅ​ជា​យ៉ាងណា​នោះ នៅ​មិនទាន់អាច​កំណត់​​បាន នៅ​ឡើយទេ ខណៈ​ក្រុម ដែល​​ឈ្នះ នៅ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនេះ មិន​ត្រឹម​តែ​​បាន​ឡើងទៅជួបគ្នា នៅវគ្គ​ផ្តាច់ព្រ័ត្រប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំងបាន​ឈ្នះ​កៅអី​ដោយ​ស្វ័យ​ប្រវត្តិ សម្រាប់​ចូល​ប្រកួត​ថ្នាកជាតិ ជាមួយក្រុម​លីគកំពូលកម្ពុជា ទាំង​១៣ ផងដែរ ចំណែក​ក្រុម​លេខ​៣ នៅ​ថ្នាក់ខេត្តនេះ ក៏​បាន​ឡើង​ទៅ​ប្រកួត​ថ្នាក់ជាតិ ផងដែរ៕