ក្រុម​កីឡាករ​ជម្រើសជាតិ​វាយ​កូន​បាល់​កម្ពុជា ឡុង ​សំនៀង, ​​ប៊ុន ​កេន្នី និង ឃ្លាំង ពន្លក នឹង​ត្រូវ​រួមគ្នា​ប្រកួតជាមួយ​ក្រុម​ខ្លាំង​របស់អ៊ីរ៉ង់ នៅលើ​ទឹក​ដី​ប្រទេស​បារ៉ែន នា​រសៀល​ម៉ោង​១ (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បី​ប្រជែង​គ្នា​យក​​លេខ​១ ក្នុងពូល​C ​ នៃ​ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី ​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2021 កម្រិត​ទី៤ (Asia/Oceania Group IV)។

ការ​ជួបគ្នា​រវាង​ក្រុម​កម្ពុជា និង​អ៊ីរ៉ង់ នាការ​ប្រកួត​បញ្ចប់​ក្នុង​ពូល​ C នៅ​លើ​ទីលាន Bahrain Tennis Federation Courts ក្នុង​​ទីក្រុង Isa Town ប្រទេស​បារ៉ែន ថ្ងៃ​នេះ វា​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ និងសំខាន់​បំផុត ព្រោះ​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ នឹង​ក្លាយជា​ម្ចាស់​ជើងឯក ​ប្រចាំពូល​Cនេះ ព្រោះ​ទាំង​កម្ពុជា និង​អ៊ីរ៉ង់ សុទ្ធតែ​បាន​យក​ឈ្នះ​លើ​ក្រុម​មក​ពីប្រទេស ​​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​យេម៉ែន ដូចគ្នា។

យ៉ាង​ណា​ក៏​ដោយ តាមរយៈ​លទ្ធផល​នៃ​ការ​ប្រកួត​កន្លង​មក​នេះ កីឡាករ​ទាំង​៣​នាក់​របស់​ក្រុមអ៊ីរ៉ង់ ធ្វើបាន​ល្អ​ជាង​​កីឡាករ​ទាំង​៣​នាក់​របស់​កម្ពុជា ព្រោះ​ក្រុម​អ៊ីរ៉ុង បាន​យក​ឈ្នះ​លើ​ក្រុមកៀហ្ស៊ីស៊ីស្ថាន និង​យេម៉ែន ដោយ​លទ្ធផល​ឈ្នះ​ដាច់ ៣-០ ទាំង​ការ​ប្រកួត​វាយទោល​១ទល់​២ (២​វិញ្ញាសា) និងការ​ប្រកួត​វាយ​គូ ចំណែក​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ២-១ និង​ឈ្នះក្រុមយេម៉ែន ៣-០។

ជាមួយ​គ្នា​នេះ លោក​ ជា ​ពៅ​ ដែលជា​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិកម្ពុជា បាន​ចាត់​ទុក​​ក្រុមជម្រើសជាតិអ៊ីរ៉ង់ ថាជា​ឧបសគ្គ​ធំ សម្រាប់កម្ពុជា ដោយ​លោក​បាន​និយាយ​ថា៖ ​«កម្ពុជា​យើង នៅ​​មាន​បច្ចេកទេស​ ​ក្រោម​​ប្រទេស​អ៊ីរ៉ង់ ​នៅ​ឡើយ​ទេ»​។​

យ៉ាង​ណា​ក៏​ដោយ ប្រធាន​ប្រតិភូ​កីឡាកម្ពុជា លោក ទេព រិទ្ធីវិទ្ធ និង​គ្រូ​បង្វឹក​បរទេស លោក Braen Aneiros ហាក់មាន​ទំនុក​ចិត្ត​ខ្ពស់ថា កម្ពុជា មាន​ភាគ​រយ​ខ្ពស់ ក្នុងការ​ឆ្លង​ផុត​ពី​ការ​ប្រកួត​កម្រិត​៤​នេះ ដើម្បី​ឡើងទៅ​លេង​នៅ​កម្រិត​៣ ជា​ថ្មី​ម្តង​ទៀត ព្រោះ​លោក ទេព រិទ្ធីវិទ្ធ បាន​​បញ្ជាក់ថា៖​«​ការ​ប្រកួត​នៅ​ឆ្នាំនេះ គេ​យក​៣​ក្រុម សម្រាប់​ឡើង​ទៅលេង​នៅ​កម្រិត​៣ ហេតុ​នេះ​ កម្ពុជា​​យើង​មាន​សង្ឃឹម​ច្រើន»៕