ភ្នំពេញៈ ក្រុម​កោះកុងអេហ្វស៊ី ​បាន​បន្ត​រក​ឃើញ​ជ័យជម្នះ​ដ៏មាន​ន័យ ​ដើម្បី​​បាន​ឡើង​ទៅកាន់​ការ​ប្រកួវគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់​សម្តេច​ហ៊ុនសែន (ថ្នាក់​ខេត្ត) លើក​ទី​១៥ ឆ្នាំ​២០២១ យ៉ាងរំភើប ប៉ុន្តែ​ក្រុម​ខេត្ត​បាត់ដំបង បាន​ជួប​នៅ​រឿងសយ ហើយក៏ជា​គ្រោះ​សម្រាប់ក្រុមទាំងមូល​​ផងដែរ ដែលនាំ​ឱ្យ ​ពួក​គេ ​ត្រូវបានកំណត់​ឱ្យ​ចាញ់​ក្រុម​ខេត្ត​ត្បូងឃ្មុំ ដោយ​ស្វ័យ​ប្រវត្តិតែ​ម្តង។

វា​ហាក់បី​ដូចជា​ពិបាក​នឹង​ទទួល​យកដែរ សម្រាប់ក្រុម​ខេត្ត​បាត់ដំបង ខណៈ​​ការ​ព្យាយាម​ហ្វឹកហាត់ ត្រៀមបញ្ចេញ​សមត្ថ​ភាព​របស់​ពួកគេ នៅ​ក្នុងការ​ប្រកួតវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ​ក្រុម​ខេត្តត្បូងឃ្មុំ កាលពី​ថ្ងៃពុធ ត្រូវបានបញ្ចប់​ដោយគ្មាន​ន័យ នៅ​ពេល​គណៈកម្មការ​សម្រេច​លុប​ចោល​ការ​ប្រកួត​នេះភ្លាមៗ ហើយ​បាន​ប្រគល់​ជ័យជម្នះ​ទៅ​ឱ្យក្រុម​ខេត្តត្បូងឃ្មុំ ដោយស្វ័យ​ប្រវត្តិ នោះ។

យ៉ាង​ណា​ក៏​ដោយ ការ​សម្រេច​នេះ ក៏​ព្រោះ​តែ​ កីឡាករ​របស់​ក្រុម​ខេត្ត​បាត់ដំបង ត្រូវ​បានធ្វើ​តេស្ត​​រក​ឃើញ​ ​វិជ្ជមាន​ជំងឺ​កូវីដ​ ដល់​ទៅ​២​លើក ហើយតាម​ច្បាប់ និង​លក្ខខណ្ឌ​នៃ​ការ​ប្រកួត គឺ​​ត្រូវ​ឱ្យ​​ក្រុម​នេះ មាន​អ្នក​ឆ្លងជំងឺ​កូវីដ​១៩​ ចាញ់​ដោយ​ស្វ័យប្រវត្តិ តែម្តង ហើយ​ក្រុម​ម្ខាង​ទៀត ជា​អ្នក​ឈ្នះ។

ដោយឡែក ក្រុម​របស់លោក ហុក សុជីវ័ន បាន​ទម្លាក់​ក្រុម​ខេត្ត​បន្ទាយមានជ័យ ជាមួយការ​ប្រកួត​យ៉ាងស្វិតស្វាញ និងលំបាក​ ទម្រាំ​រក​ឃើញ​ជ័យជម្នះ​ដ៏​រំភើប នៅ​កីឡដ្ឋាន​អេអ៊ីយូ​ស្ពតផាក កាលពី​ថ្ងៃ​ពុធនោះ។

បើ​ទោះបីជា ក្រុមកោះកុងអេហ្វស៊ី បាន​លត់​ក្រុម​ខេត្ត​កំពង់​ឆ្នាំង រហូត​ដល់ ៩-១ នៅវគ្គ​ជម្រុះ​៨ក្រុមចុង​ក្រោយ ប៉ុន្តែ​សម្រាប់ការ​ជួបក្រុម​ខេត្ត​បន្ទាយ​មានជ័យ នៅ​​ក្នុង​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ក្រុម​កោះកុងអេហ្វស៊ី រកបាន​តែ​១​គ្រាប់​គត់ ដែល​ជា​គ្រាប់​បាល់​របស់​​ ហ៊ីម រ៉ស់សាលី នៅនាទីទី ៤៥+១ ដើម្បី​យក​ឈ្នះ​ក្រុម​ខេត្ត​បន្ទាយមានជ័យ និង​ឡើង​ទៅ​ជួបក្រុម​ជួបសំណាង ខេត្តត្បូងឃ្មុំ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ៕