អ្នកចាត់ការទូទៅ​ក្រុម​ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានប្រាប់​ទៅ​កូនក្រុម​របស់​ខ្លួន ដែល​ទើប​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​អាយុក្រោម​២៣​ឆ្នាំ ៤-០ កាលពី​ថ្ងៃអង្គារ ត្រូវព្យាយាមកែតម្រូវ​ការ​លេង​ឱ្យ​បានល្អ​ថែម​ទៀត ព្រោះ​ពេល​ធ្វើ​ម្ចាស់​ផ្ទះ ស៊ីហ្គេម ឆ្នាំ​២០២៣ គឺ​ក្រុមកម្ពុជា នឹងត្រូវ​លេងជាមួយ​ក្រុម ដែល​មាន​កម្រិត​ស្មើ​ក្រុមជប៉ុន។

តាម​រយៈ​សហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា លោក Keisuke Honda បាន​និយាយ នៅ​ថ្ងៃ​ពុធ​នេះថា៖ «ពួក​យើងទាំងអស់​គ្នា វាមិនមែនជា​ការ​ប្រកួត​ដ៏​​អាក្រក់​​នោះ​ទេ ព្រោះ​ពួក​យើង បាន​បង្ហាញ​ទៅ​ពួកគេ ពីការ​លេង​ល្អ​ខ្លះហើយ ប៉ុន្តែ​ពួក​យើង ត្រូវតែ​កែ​តម្រូវ​ការ​លេង​របស់យើង​ជា​ច្រើន​ទៀត ដោយសារ​ពួក​យើង ត្រូវ​លេង​ជាមួយ​ក្រុម ដែល​មានកម្រិត​ស្មើ​ជប៉ុន នៅឆ្នាំ​២០២៣»។

វីរបុរស​បាល់​ទាត់​របស់​ជប៉ុន លោក Keisuke Honda បាននិយាយ​បន្ថែម ផ្តោត​ទៅ​ដល់​ការ​ត្រៀម​ខ្លួន ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ទៀត​​ថា៖​ «យើង​មាន​ពេលវេលាតែ​មួយ​​​​ឆ្នាំ​​ជាង​​ទៀត​ទេ ដូច្នេះ​យើង​មិនមាន​ពេល​ច្រើន​ទេ។ ហេតុ​នេះ​ទាំង​ផ្នែក​កលល្បិច​(Tactics) ផ្នែកបច្ចេក​ទេស និងផ្នែកកាយសម្បទា គឺ​អ្នកទាំង​អស់​គ្នា​ ត្រូវ​មាន​ភាព​ស្រេក​ឃ្លាន ចង់​​រីក​ចម្រើន​នូវសមត្ថភាព នៃ​ផ្នែកទាំង​នេះ ជា​រៀង​រាល់​ថ្ងៃ»។

សម្រាប់ការ​ប្រកួត​ជម្រុះតាមពូល ​K ទាំង​២​លើក នៃ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 នៅ​កីឡដ្ឋាន J-Village ប្រទេស​ជប៉ុន ដែល​ទើបបាន​បញ្ចប់ កាលពី​ថ្ងៃអង្គារ កន្លង​មក​នេះ ក្រុម​U23កម្ពុជា បាន​យក​ឈ្នះក្រុម​ U23ហុងកុង ៤-២ តែ​បាន​ចាញ់ក្រុម​ម្ចាស់​ផ្ទះ ជប៉ុន ៤-០ កាលពី​ថ្ងៃអង្គារ។

តាម​រយៈ​លទ្ធផល​នៃ​ការ​ប្រកួតនេះ ក្រុម​កម្ពុជា បាន​ធ្លាក់ពីលេខ​១ មក​ឈរ​នៅលេខ​២​វិញ ដោយមាន​៣ពិន្ទុស្មើជាមួយ​ក្រុមលេខ​១ ជប៉ុន ដែល​នៅ​សល់ការ​ប្រកួត​១​លើក​ទៀត ជាមួយ​ក្រុម​ហុងកុង នៅ​ថ្ងៃទី​២៨ ខែតុលា​នេះ ហើយ​កម្ពុជា ក៏កំពុង​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់លេខ​៤ ក្នុង​នាមជា​ក្រុម​លេខ​២​ល្អ ដែល​ជា​ចំណាត់​ថ្នាក់ អាច​មាន​សិទ្ធិ បាន​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត​ផងដែរ ប៉ុន្តែ​អ្វីៗ​ អាច​នឹងមានការ​ប្រែប្រួល តាម​រយៈការ​ប្រកួត​រវាង​ក្រុម​ជប៉ុន និង​ហុងកុង ព្រោះ​ទាំង​ការ​ជម្រុះ​តាម​ពូល​​ចំនួន​៩​ទៀត ដែល​នៅមិនទាន់​ បានបញ្ចប់ នៅ​ឡើយ​ទេ ខណៈ​ពូល​ខ្លះ ក៏​មិនបាន​បានចាប់ផ្តើម​ប្រកួត ផងដែរ៕