ការប្រកួតប្រដាល់គុនខ្មែរអលស្តារ (Kun Khmer All Star) វគ្គ២ ដែលនឹងត្រូវធ្វើ នៅយប់ម៉ោង ៧:៣០ រហូតដល់ម៉ោង ១០:៣០ ថ្ងៃពុធនេះ នឹងក្លាយជាការប្រកួត ដែលមានភាពទាក់ទាញ និងជក់ចិត្តខ្លាំង ព្រោះព្រឹត្តិការណ៍នេះ ប្រមូលផ្តុំសុទ្ធតែជាកីឡាករជើងខ្លាំង លំដាប់ប្រទេស ហើយអ្វីដែលកាន់តែកក្រើកទៀតនោះ គឺជាការប្រកួតច្រើនទម្រង់ លាយបញ្ចូលគ្នា ដែលមិនធ្លាប់មាន កន្លងមក។
បើតាម លោក ស៊ន អេលីត ម្ចាស់សង្វៀននាយកដ្ឋានអង្គរក្ស និងជាស្ថាបនិកកម្មវិធី Kun Khmer All Star នេះ បានប្រាប់ថា ការប្រកួតវគ្គ២នេះ មានការប្រកួតចម្រុះ ច្រើនទម្រង់ ក្នុងនោះមានប្រដាល់គុនខ្មែរ ប្រដាល់ឃីកបុកស៊ីង ប្រដាល់បុរាណខ្មែរលក្ខណៈរុំអំបោះឆៅ គ្មានពាក់ហ្គង់ ប្រដាល់សកលអាជីព និងក៏មានបន្ថែមគូដណ្តើមខ្សែក្រវាត់វគ្គផ្តាច់ព្រ័ត្រទម្ងន់៤៥គីឡូក្រាម នៃកម្មវិធី ពន្លកគុនខ្មែរ រវាងកីឡាករវ័យក្មេង ឆូយ សុថាត់ និង អេលីត សំណាង ផងដែរ។
នៅក្នុងចំណោមការប្រកួតសរុបចំនួន១០គូនេះ ការវិលមកជួបគ្នារវាងជើងខ្លាំង ឃីម បូរ៉ា និងអ្នកលេងស្នៀតជើង អេលីត ចំរើន បានក្លាយជាការប្រកួត ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះនេះជាការប្រកួតសងសឹកដ៏ក្តៅគគុក របស់ ឃីម បូរ៉ា ទៅលើ អេលីត ចំរើន ខណៈការជួបគ្នា កាលការប្រកួតវគ្គ១ បូរ៉ា ត្រូវបាន ចំរើន ប្រើក្បាច់ពិសេស ផ្តួលឱ្យសន្លប់ ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។
យ៉ាងណាក៏ដោយ ការចាញ់ដោយសន្លប់ នៅពាក់កណ្តាលទឹកទី២ របស់ ឃីម បូរ៉ោះា នាពេលនោះ ត្រូវបានគេមើលឃើញថា ជាការភ្លាត់ស្នៀត ខណៈសាច់ប្រកួត ឃីម បូរ៉ា មានប្រៀបលើ អេលីត ចំរើន ដាច់ទៅហើយ។ ឃីម បូរ៉ា មានការសោកស្តាយខ្លាំង ចំពោះការចាញ់ដោយសន្លប់នោះ ហើយបាននិយាយថា រូបគេ ចង់សងសឹក អេលីត ចំរើន ម្តងទៀត តែពេលនេះ ការរង់ចាំរបស់គេ បានមកដល់ហើយ។
ជាមួយគ្នានេះ ការវិលមកជួបគ្នារវាងជើងខ្លាំង ឡៅ ចិត្ត្រា និង ផល សោភ័ណ្ឌ វាបានក្លាយជាការប្រកួត ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ព្រោះនេះជាការប្រកួតរុំអំបោះឆៅ ដែលត្រូវបានធ្វើឡើង ជាលើកដំបូង នៅកម្ពុជា ហើយទាំង ឡៅ ចិត្ត្រា និង ផល សោភ័ណ្ឌ សុទ្ធតែប្តេជ្ញាចិត្តវ៉ៃឱ្យអស់ពីសមត្ថភាព។
ឡៅ ចិត្រ្តា បាននិយាយថា៖ «ទោះបីជាគាត់ល្អដៃ តែខ្ញុំក៏មិនឈរឱ្យគាត់វ៉ៃនោះដែរ ព្រោះការជួបគ្នាលើកមុនៗ ខ្ញុំរាងនៅខ្ចី តែលើកនេះ នឹងសាកជាមួយគាត់ឱ្យអស់សមត្ថភាពតែម្តង»។ ចំណែក ផល សោភ័ណ្ឌ បាននិយាយថា៖«ចំណុចល្អរបស់ ចិត្ត្រា មានតែកែង ជង្គង់ និងការទាត់ឆ្វេង ប៉ុន្តែការប្រកួតយើងមិនអាចមើលស្រាលគេបានទេ គឺបើយើងប្រហែស នឹងមានគ្រោះថ្នាក់ហើយ ព្រោះកម្មវិធីនេះវ៉ៃអំពោះឆៅ ដែលប្រៀបដូចវ៉ៃដៃទទេអ៊ីចឹង»។
ជាមួយគ្នានេះ កីឡាករ អេលីត ភក្តី និងអ្នកប្រដាល់មុខរឹង ធន់ ចាន់តាក់ ក៏ត្រូវដាក់ឱ្យប្រកួតវ៉ៃអំបោះឆៅផងដែរ ខណៈអ្នកទាំង២នេះ សុទ្ធតែជាកីឡាករចូលចិត្តវាយបុក ហេតុនេះឱកាសសន្លប់ នឹងអាចកើតមានឡើង បើសិនជាអ្នកណាម្នាក់ មានការធ្វើប្រហែសនោះ។
ជើងខ្លាំងវ័យក្មេង អេលីត ភក្តី បាននិយាយថា៖«ខ្ញុំ និងបង ធន់ ចាន់តាក់ សុទ្ធតែជាកីឡាករដើរចូលបុកដូចគ្នា ហេតុនេះបើអ្នកណា មានការប្រហែស នឹងអាចសន្លប់ដូចគ្នា»។ ចំណែក ធន់ ចាន់តាក់ បាននិយាយថា៖ «អេលីត ភក្តី ជាកីឡាករចូលចិត្តវ៉ៃបុកដូចគ្នា ហើយណាមួយវ៉ៃអំពោះឆៅ ទៀត ដឹងតែកក្រើកហើយ»។
ដោយឡែក សម្រាប់ការប្រកួតចំនួន៧គូទៀត ក៏នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តផងដែរ ព្រោះពួកគេ សុទ្ធតែអ្នកប្រយុទ្ធដ៏ពិតប្រាកដ ដែលវ៉ៃអស់ពីសមត្ថភាព ខណៈព្រឹត្តិការណ៍នេះក៏មានផ្តល់ប្រាក់រង្វាន់បន្ថែម ពីលោកស្រី ទ្រី ដាណា ផងដែរ គឺអ្នកដែលប្រកួតឈ្នះ នឹងបាន១លានរៀល រីឯអ្នកចាញ់បាន៥០ម៉ឺនរៀល ហេតុនេះការប្រកួតរាល់គូនីមួយៗ ពិតជាវ៉ៃគ្នា អស់ពីសមត្ថភាព ដើម្បីដណ្តើមយកជ័យជម្នះ ហើយបន្ថែមលើនេះ លោកស្រី ទ្រី ដាណា ក៏បានចូលរួមឧបត្ថម្ភដល់ការប្រកួតគុនខ្មែរអលស្តារវគ្គ២នេះ ចំនួន៥ពាន់ដុល្លារ ផងដែរ៕