ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អលស្តា​រ វគ្គ​២​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​យប់ថ្ងៃពុធ ម្សិលមិញ បាន​ក្លាយ​ជា​ការ​ប្រកួតដ៏កក្រើក ខណៈ​អ្នក​រៀបចំ បានអះអាង​ថា ការ​ប្រកួតនេះ ទទួល​បាន​លទ្ធផល​ល្អជាង​មុន​ទ្វេដង ហើយ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធិ និង​មន្រ្តីកីឡា​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត ក៏បានចូល​រួម​ជា​អធិបតី​ភាព និងទស្សនា ដោយ​ផ្ទាល់ នៅ​សង្វៀន​ផងដែរ។

 

សម្រាប់​​ការ​ប្រកួត ដែលមាន​ដាក់បញ្ចូល​ទាំង​​​ប្រដាល់​គុនខ្មែរ ប្រដាល់​សកល ប្រដាល់​ឃីក​បុកស៊ី ​ប្រដាល់គុនខ្មែរ​រុំអំបោះ​ឆៅ ហើយ​បន្ថែម​ដោយ​ការប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់ ពន្លកគុនខ្មែរ សរុបចំនួន​១០គូនោះ គឺ​អ្នកទស្សនា​តាម​ការ​ផ្សាយផ្ទាល់លើ​កញ្ចក់ទូរទស្សន៍ជាតិ​កម្ពុជា (ទទក) មាន​ការ​ចាប់អារម្មណ៍​ខ្លាំង ស្ទើរ​គ្រប់​គូ ជាពិសេស​គូ​សងសឹក​រវាង​ជើង​ខ្លាំងទាំង​៤ និងការ​វ៉ៃ​បែប​រុំអំពោះឆៅ។

តាម​រយៈការ​ប្រកួត​នោះ ជើងខ្លាំង ឃីម បូរ៉ា ពិតជា​អាច​សងសឹក​លើ អេលីត ចំរើន បាន​សម្រេច​មែន។ បើទោះបីជា បូរ៉ា មិន​អាច​យក​ឈ្នះលើ អេលីត ចំរើន ដោយការ​វាយ​ឱ្យ​សន្លប់វិញ តែ​តាម​រយៈការ​ប្រកួត​គុនខ្មែរ​៣​ទឹកនេះ ឃីម បូរ៉ា បាន​វាយ​ប្រហារ អេលីត ចំរើន ឡើង​ចង់​គាំងៗ​ម្តងៗ​ផងដែរ មុនពេលប្រកាស​ឱ្យ​ឈ្នះ​ដោយពិន្ទុ​ដាច់។

ចំណែក ឡៅ ចិត្ត្រា ក៏​សម្រេច​ការ​សង​សឹក​លើ​ជើង​ខ្លាំង ផល សោភ័ណ្ឌ ផង​ដែរ តាម​រយៈការ​យក​ឈ្នះ​ដោយ​ពិន្ទុ សម្រាប់ការ​វ៉ៃ​រុំអំបោះ​ឆៅ ចំនួន​៣​ទឹក ខណៈការ​ប្រកួតនេះ ពិតជា​មានភាព​ជក់ចិត្តខ្លាំង ប៉ុន្តែ​សម្រាប់ការ​វ៉ៃ​រុំអំបោះ​ឆៅ ១​គូ​ទៀត បាន​បញ្ចប់​យ៉ាង​លឿន គឺ​កីឡាករ​មុខរឹង ធន់ ចាន់តាក់ បាន​ម៉ាត់ត្រឹម​២​ដៃ បណ្តាល​ឱ្យ អេលីត ភក្តី សន្លប់​ធំ តាម​រយៈ​ពេល មិន​ដល់​១នាទី​ផង។

ចំណែក​ការ​ជួបគ្នា​រវាង អេលីត សាន់ និង វ៉ាន់ វឿន បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​បំផុត ព្រោះ វ៉ាន់ វឿន ត្រូវបាន អេលីត សាន់ បុក​កែង​ឆ្វេង បណ្តាលឱ្យ​ដួលទាំង​ជំហរ និង​ត្រូវបាន​អាជ្ញាកណ្តាល​រាប់ តាំង​ពីទឹក​ទី​១ ប៉ុន្តែ​ម្ចាស់​មេដាយ​សំរឹទ្ធ វ៉ាន់ វឿន បាន​ព្យាយាម​តាំង​ស្មារតី និង​វ៉ៃ​ប្តូរ​ជាមួយ អេលីត សាន់ រហូតចប់៣​ទឹក​ពេញ និង​បានចាញ់ត្រឹមពិន្ទុ គួរ​ឱ្យ​សរសើរ។

​ចំណែក ​វី ​សម្ភស្ស​ ត្រូវបាន លន បញ្ញា ទាត់​ចូល​កញ្ចឹងក បណ្តាល​ឱ្យ​ដួលទាំងជំហរ និង​ត្រូវបាន​អាជ្ញាកណ្តាប់ នៅទឹកទី​១​ដូចគ្នា ហើយ សម្ភស្ស បាន​ព្យាយាម​ក្រោក​ឈរ និងវ៉ៃ​បន្ត យ៉ាង​ខ្លាហាន ជាមួយចង្វាក់វ៉ៃ​ចេញលឿនៗ​របស់គេ ប៉ុន្តែ​ វី សម្ភស្ស បាន​ភ្លាត់​ស្មា និងសុំ​ចុះ​ចាញ់ នៅត្រឹមទឹកទី​២។ រីឯ​ការ​ប្រកួត​លក្ខណៈ​ឃីកបុកស៊ីង ​កីឡាករ កាន់ ​ម៉េង​ហុង បាន​​ឈ្នះពិន្ទុ​ ​ខាំ ​ខ្លានាង ​រីឯ ​គង់ ​សំបូរ​ ឈ្នះ ​សោម​ ពិសិដ្ឋ ​ដោយ​ពិន្ទុ សម្រាប់ការ​ប្រកួតគុនខ្មែរ។

ដោយឡែក សម្រាប់​ការ​ប្រកួត​ពន្លកគុនខ្មែរ វគ្គ​ផ្តាច់​ព្រ័ត្រ ដណ្តើមខ្សែ​ក្រវាត់ទម្ងន់​៤៥​គីឡូក្រាម កីឡាករវ័យ​ក្មេងមកពី​ខេត្តបន្ទាយមានជ័យ ​ឆូយ​ សុថាត់​ ​​បាន​ផ្តួល​អ្នក​ប្រដាល់​ទី​ក្រុង អេលីត ​សំណាង​ នៅត្រឹម​ទឹកទី​៣ ដើម្បីក្លាយ​ជា​ម្ចាស់ខ្សែ​ក្រវាត់ និង​ប្រាក់រង្វាន់ ៤ លាន​រៀល ហើយ​លោក ខៀវ កាញារិទ្ធិ ជា​អ្នក​ឡើងបំពាក់ខ្សែ​ក្រវាត់នេះ ដោយ​ផ្ទាល់​តែម្តង។

ទាក់ទង​នឹង​ការ​ប្រកួត​នេះ លោក​ ស៊ន​ អេលីត​ ​ស្ថាបនិក ​និង​ជា​អ្នក​គ្រប់​គ្រង​ការ​ប្រ​កួតនេះ ​បាននិយាយ​​ថា​ ការ​ប្រកួត​ប្រដាល់គុនខ្មែរ​អលស្តារ វគ្គ ​២ នេះ ទទួលបាន​លទ្ធផល កាន់​តែ​ល្អ​ជាង​មុន​ទ្វេ​ដង ហើយមាន​​ការ​គាំ​ទ្រយ៉ាង​ខ្លាំង ​​ពី​ថ្នាក់ដឹកនាំ មហា​ជន ​និង​វិស័យ​ឯក​ជន ពិសេស​មានអ្នកទស្សនា តាម​ដាន​​ការ​ប្រកួតនេះ តាម​រយៈការ​ផ្សាយ​ផ្ទាល់លើ​កញ្ចប់​ទូរ​ទស្សន៍​​ជាតិ​កម្ពុជា និងអនឡាញ យ៉ាងច្រើន គឺ​​ពេល​ចប់​ការ​ប្រ​កួត​ មាន​ចំនួន​ដល់​ទៅ​ 462 K ឬជាង​៤៦​ម៉ឺន​នាក់៕