​ក្រុមអ្នកសារព័ត៌មាន​ជិត​១០០នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​ជា​អ្នកព័ត៌មាន​ផ្នែក​កីឡា បាន​នឹងកំពុងសិក្សា​បន្ថែម នៅក្នុង​វគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣ ស្តីពី​តួនាទី​សារព័ត៌​មាន​កីឡា តាមរយៈបទពិសោធន៍ជនជាតិជប៉ុន ដែល​ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ កាល​ពី​ព្រឹក​ថ្ងៃចន្ទ នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។

នៅ​ក្នុង​ពិធីបើក​នោះ ទាំង​លោក ការិម៉ាតា អាត្សឹស៊ី ឧបទូត​នៃ​ស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ិសុង៉ាយ៉ា ហ៊ិរ៉ុយឹគិ ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ភ្នំពេញ នៃ​មជ្ឈមណ្ឌលអាស៊ី នៃមូល​និធិ​ជប៉ុន លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និង​ជា​អនុ​ប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយ និងព័ត៌មាន នៃ CAMSOC ព្រមទាំង​លោក ប៉ែន បូណា និងលោក វ៉ាត់ ចំរើន សុទ្ធ​តែ​បាន​លើក​ឡើង​ និង​ចាត់​ទុក​វគ្គ​នេះ​ ជា​វគ្គ​ដ៏​សំខាន់​មួយ ដែល​ផ្តោត​លើ​វិស័យ​សារព័ត៌​មាន​កីឡា ដើម្បី​ជំរុញ​ដល់​ការ​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ ស៊ីហ្គេម និង​អាស៊ាន​​ប៉ារ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា។

លោក ប៉ែន បូណា ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា បាន​ថ្លែង​ថា៖​«ក្នុង​នាម​ក្លិប​​អ្នក​កាសែត​កម្ពុជា ខ្ញុំ​ពិត​ជារីករាយ​ជា​ខ្លាំង ដែល​ឃើញ​វគ្គ​សិក្សា​នេះ​ ត្រូវ​បាន​​បង្កើត​​ឡើង ​ហើយ​មាន​សិក្ខា​កាម​ជា​​អ្នក​សារព័ត៌​មាន​ជិត​១០០​នាក់ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជា​ប្រវត្តិសាស្ត្រ​នេះ»។

«ខ្ញុំ​ជឿ​ជាក់​​ថា តាម​​រយៈ​​វគ្គ​​សិក្សា ក្រោម​កិច្ច​សហការ​របស់​មជ្ឈ​មណ្ឌល​អាស៊ី​នៃ​មូល​និធិ​ជប៉ុន គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​ម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ CAMSOC នា​ពេល​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព ​ក្នុង​ការ​រាយការណ៍​ព័ត៌​មាន​កីឡា ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​កីឡា ឱ្យ​​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​​ទៀត​ជូន​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ផងដែរ»។ លោក ​ប៉ែន បូណា បាន​បញ្ជាក់។

យ៉ាងណាក៏​ដោយ សម្រាប់សិក្ខាកាមជា​អ្នក​សារព័ត៌មាន​ជិត​១០០នាក់នេះ គឺ​មាន​តែ​អ្នក​សារព័ត៌មាន ជាង​៣០នាក់ប៉ុណ្ណោះ ដែល​​ត្រូវបាន​អនុញ្ញាត ឱ្យ​មក​មកជួប​ជុំ​គ្នា និង​សិក្សា នៅ​ទីស្នាក់ការ NOCC ចំណែក​អ្នកផ្សេង​ទៀត ត្រូវ​សិក្សា​តាម​រយៈ​អនឡាញ Zoom។

ចំណែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC ​បាន​ថ្លែង​​ថា៖ «វគ្គ​សិក្សា​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជំរុញ​ដល់​ការ​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ២០២៣ ឱ្យ​ទទួល​បាន​ជោគជ័យ ក្រោម​ការ​អនុញ្ញាត​ជា​គោលការណ៍​ពី​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ CAMSOC និង​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិ​ការ​ជាតិ CAMSOC»។

«នេះ​ជា​វគ្គ​បណ្តុះ​បណ្តាល​ដ៏សំខាន់​មួយ ស្រប​តាម​ផែន​ការ​មេ ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ​២០២៣ របស់ CAMSOC ដើម្បី​លើក​កម្ពស់​បន្ថែម​ដល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ ស៊ីជម្រៅ ក៏​ដូច​ជា​បន្ថែម​នូវ​គុណ​តម្លៃ​ដល់​ព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ ជាលើកដំបូង​របស់​កម្ពុជា ព្រោះ​សារព័ត៌​មាន គឺ​ជា​ផ្នែក​ដ៏​សំខាន់ ក្នុង​ការ​ជ្រោម​ជ្រែង​ដល់​ការ​ផ្សព្វផ្សាយ​ក្នុង​ព្រឹត្តិការណ៍​មួយ​ឱ្យ​កាន់​តែ​ល្បីល្បាញ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ»។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖ ​«បើសិន​ជា​គ្មាន​សារព័ត៌​មាន មិន​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​​ពី​ព្រឹត្តិការណ៍​កីឡា​ណា​មួយ​នោះ​ទេ នោះ​នឹង​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នោះ ខ្វះគ្រឿងផ្សំ។ ដូច្នេះ ការ​​ប្រកួត​កីឡា​អាច​រីក​ចម្រើន ឬ​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​មហា​ជន និង​ពី​មនុស្ស​ជាតិ​នៅ​លើ​ពិភព​លោក​នេះ​ទៅ​បាន អាស្រ័យ​ដោយ​មាន​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ ពី​បណ្តាសារ​ព័ត៌មាន​នេះ​ហើយ។ ទោះ​យ៉ាង​ណា ដើម្បី​អាច​ក្លាយ​ទៅ​ជា​អ្នក​សារព័ត៌មាន​កីឡា​បាន គឺ​អ្នក​សារ​ព័ត៌​មាន​ត្រូវ​ដាក់​បេះដូ​ង ជា​កីឡាករ​សិន ព្រោះ​បើ​កាល​ណា អ្នក​និពន្ធព័ត៌​មាន​កីឡា​ដាក់​បេះ​ដូច​ក្នុង​ភាព​ជា​កីឡាករ នោះ​អ្នក​សារព័ត៌​មាន​កីឡា​ទាំង​អស់ អាច​និពន្ធ​អត្ថបទ ឬ​អត្ថា​ធិប្បាយ​បាន​នូវ​​ព័ត៌មាន​កីឡា ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស៊ីជម្រៅ​ល្អ»៕