បរទេស៖ ក្លិប Newcastle កំពុង​តែ​សង្ឃឹម​ថា ​នឹង​អាច​តែង​តាំង​លោក​ Unai Emery ដែល​ជាគ្រូបង្វឹក​របស់​ក្លិប Villarreal ជា​អ្នក​ចាត់​ការ​ទូទៅថ្មី​របស់​ពួកគេ នៅ​ចុងសប្តាហ៍នេះ​។

នេះ​បើ​យោង​ទៅ​តាមការ​ចេញផ្សាយ​ព័ត៌​មាន​ជាច្រើន​កាលពីថ្ងៃ​អង្គារ​។ អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Arsenal រូបនេះ បាន​បង្ហាញខ្លួន​ក្នុង​ពេល​ដឹកនាំ​ក្រុម Villarreal សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ជាមួយនឹងក្រុម​របស់ស្វ៊ីស Young Boys កាលពីថ្ងៃ​អង្គារ​។ បណ្តាញ​សារ​ព័ត៌មាន BBC បាន​បញ្ជាក់​ថា ក្លិប Newcastle មាន​បំណង​ចង់​នាំ​យក​លោក Emery ក្នុង​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹកដីក្រុម Brighton នៅ​ថ្ងៃ​សៅរ៍ ចុងសប្តាហ៍នេះ​។ កិច្ច​ព្រម​ព្រៀង​ទៅលើ​សំណង​៦លាន​ផោន (ស្មើ​នឹង​៨​លាន​ដុល្លារ​អាមេរិក) កំពុង​តែ​ស្ថិតក្នុងការ​ចរចា ដើម្បី​​ធ្វើ​ឲ្យ​លោក Emery រួច​ផុត​ពី​កិច្ច​សន្យា​នា​ពេល​បច្ចុប្បន្ន​របស់​លោក​។

ក្លិប Newcastle ត្រូវ​បាន​កាន់កាប់ដោយ​ក្រុមហ៊ុន​មួយ ដែល​ដឹកនាំ​ឲ្យ​មហា​សេដ្ឋ​សញ្ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត កាលពី​ខែ​មុន និងមាន​មហិច្ឆតា​ក្នុងការ​បង្កើត​ភាព​ជោគ​ជ័យ​ដូចក្លិប Manchester City, Paris Saint-Germain និង Chelsea ដែល​សុទ្ធ​សឹង​មាន​ម្ចាស់​កម្ម​សិទ្ធិ​ជា​សេដ្ឋី​បរទេស​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គោល​ដៅ​ជា​ចម្បង​របស់ក្រុម​សា​រិកា​ព្រៃមួយ​នេះ​ គឺ​ការ​គេច​ឲ្យផុត​ពី​តំបន់​គ្រោះថ្នាក់​ក្នុងក្រប​ខ័ណ្ឌ Premier League ជាមុន​សិន​៕

 

ប្រភព​​ព័ត៌មាន៖ Channel News Asia