Newcastle United បានបញ្ជាក់ពីការតែងតាំងលោក Eddie Howe ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេនៅថ្ងៃច័ន្ទម្សិលមិញនេះ។បុរសវ័យ ៤៣ ឆ្នាំរូបនេះបានចូលមកស្នងតំណែងអតីតគ្រូបង្វឹកលោក Steve Bruce នាឯកីឡាដ្ឋាន St James’ Park បន្ទាប់ពីរូបលោកបានចាកចេញពីអតីតក្លឹប Bournemouth នៅចុងបញ្ចប់នៃយុទ្ធនាការរដូវកាល២០១៩ -២០២០កន្លងមក។

លោក Howe បានច្រានចោលឪកាសដឹកនាំក្លឹបយក្សស្កុកឡេន Celtic កាលពីដើមឆ្នាំនេះដើម្បីមកដឹកនាំក្លឹបដែលមានមូលដ្ឋានៅភាគខាងជើងឈៀងខាងកើតចក្រភពអង់គ្លេសមួយនេះ ខណៈក្រុមសារិកាព្រៃ Newcastle ដែលធ្លាប់មានទំនាក់ទំនងចង់បានអតីតគ្រូបង្វឹក Arsenal លោក Unai Emery បានបរាជ័យនាំយកអ្នកចាត់ការទូទៅដ៏មានបទពិសោធន៏សញ្ជាតិអេស្បាញរូបនេះ ក្រោយពីរូបលោកសម្រេចនៅដឹកនាំក្លឹប Villarreal បន្តទៀត។

ថ្លែងទៅកាន់ nufc.co.uk លោក Howe បានបញ្ជាក់យ៉ាងដូច្នេះថាៈ គឺជាកិត្តិយសដ៏អស្ចារ្យក្នុងការក្លាយជាគ្រូបង្វឹករបស់ក្លឹបដែលមានកម្រិតខ្ពស់ និងប្រវត្តិដ៏យូរអង្វែង ហើយវាជាថ្ងៃដ៏មោទនភាពសម្រាប់ខ្ញុំ និងគ្រួសារ
នេះគឺជាឱកាសដ៏ល្អ ប៉ុន្តែក៏មានការងារជាច្រើននៅចំពោះមុខដែលត្រូវធ្វើ ខ្ញុំពិតជាមិនអាចរង់ចាំ ចូលទីលានហ្វឹកហាត់ដើម្បីចាប់ផ្តើមធ្វើការជាមួយកីឡាករយើងនោះឡើយ។

បុរសសញ្ជាតិអង់គ្លេសរូបនេះមានប្រវត្តិដឹកនាំក្លឹប Bournemouth ទទួលជ័យជំនះ១៤៤ ប្រកួតក្នុងចំណោម ៣៥៥លើកក្រោយចូលមកដឹកនាំក្រុមជាលើកទីពីរមុនពេលមកដឹកនាំ Newcastle បច្ចុប្បន្នដែលកំពុងឈរនៅ លេខរៀងទី ១៩ ក្នុងតារាង Premier League ។

ប្រភព spportmole