ក្រុម​ភ្នំពេញ​ក្រោន វិសាខា និង​ព្រះខ័នរាជស្វាយរៀង សុទ្ធតែ​រក​បាន​ជ័យជម្នះ នៅលើទឹក​ដី​របស់​ខ្លួន ដើម្បី​ទម្លាក់ក្រុម​មកពី​ខេត្ត ក្នុងការ​ប្រកួត​​បើក​ឆាកវគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់សមម្តេច​ ហ៊ុន សែន (ថ្នាក់ជាតិ) លើកទី​ ១៥ ឆ្នាំ ​២០២១ កាលពី​ថ្ងៃពុធ ប៉ុន្តែភាពល្អឯក​របស់ អ្នកចាំទីក្រុមណាហ្គាវើលដ៍ ស៊ូ យ៉ាទី​ បាន​ធ្វើ​ឱ្យ​ក្រុម​នគរបាលជាតិ (ប៉ូលិស) ​ក្លាយជា​ក្រុម​លីគ​ ដំបូងគេ ដែលបាន​ធ្លាក់ចេញពីការ​ប្រកួតពាន​នេះមុនគេ។

តាម​រយៈការ​ប្រកួត នៅលើទី​លានផ្សេងៗ​គ្នា កាលពី​ម្សិលមិញនេះ ក្រុម​វិសាខា រក​បាន​គ្រាប់​បាល់​បាន​ច្រើនជាងគេ ដោយ​ពួកគេ បាន​​​យក​ឈ្នះ​លេខ ​៣ ​ថ្នាក់​ខេត្ត ខេត្ត​បន្ទាយមានជ័យ រហូត​ដល់ ៨-០ រីឯ ភ្នំពេញ​ក្រោន បានយក​ឈ្នះ​ក្រុម​លេខ ​២ ​ថ្នាក់ខេត្ត ខេត្តត្បូងឃ្មុំ ៧-០ ហើយក្រុមស្វាយរៀង បាន​ឈ្នះ​ក្រុមម្ចាស់ពាន​ថ្នាក់​ខេត្ត កោះកុងអេហ្វស៊ី ៦-១។

ជាមួយ​លទ្ធផលដ៏ល្អ​នេះ ខ្សែ​ប្រយុទ្ធ កែវ សុខផេង ដែល​បាន​ដាក់​ឱ្យ​លេង ក្នុង​នាមជា​កីឡាករ​បម្រុង​របស់​ក្រុម​វិសាខា និងខ្សែ​ប្រយុទ្ធ ប្រាក់ ធីវ៉ា របស់​ក្រុម​ភ្នំពេញ​ក្រោន សុទ្ធតែ​​រក​បាន ​៣ ​គ្រាប់​ដូចគ្នា ហើយ ឃៀង ម៉េងហួរ, ម៉ុន វ៉ានដា របស់​ស្វាយរៀង ព្រមទាំង​ខ្សែការពារ អ៊ុក សុវណ្ណ របស់វិសាខា និង សំអុល ទីណា របស់​ភ្នំពេញក្រោន រកបាន​ម្នាក់ ​២ ​គ្រាប់ ដូចគ្នា ក្នុងជ័យជម្នះដ៏​រំភើប​នេះ។

ផ្ទុយ​ពីនេះក្រុម​នគរបាលជាតិ (ប៉ូលិស) ដែល​ធ្លាប់​ឈ្នះពាននេះ បានម្តង កាលពី​ឆ្នាំ​២០១៤ គឺ​បាន​ក្លាយជា​ក្រុម​លីគកំពូល​កម្ពុជា ដំបូងគេ ដែលបាន​ធ្លាក់ចេញពី​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំ​ឆ្នាំ​២០២១​នេះ មុនគេ បន្ទាប់ពី​ពួកគេ មិនអាច​រក្សា​ការ​មាន​ប្រៀប​លើ​ក្រុមណាហ្គាវើលដ៍ រហូត​ដល់ចប់ការ​ប្រកួត រួច​បានបន្ត​ទៅ​ចាញ់ ណាហ្គា ដោយការ​ទាត់បាល់​ប៉េណាល់​ទី កាត់សេចក្តី​នោះ។

តាម​រយៈ​ការប្រកួត​យ៉ាង​ស្វិតស្វាញ កាលពី​ថ្ងៃពុធ​នោះ កីឡាករ សំ វ៉ាន់និត បាន​ជួយ​ឱ្យក្រុម​ប៉ូលិស នាំ​មុខ ១-០ តាម​រយៈ​ការ​ស៊ុតបាល់​ពិន័យ ១១ ម៉ែត្រ បានសម្រេច​របស់គេ នៅនាទីទី ៥៦ ប៉ុន្តែ​ឱកាស​​ទទួលបានជ័យជម្នះ​របស់​ពួកគេ បាន​ផ្លាស់ប្តូរ នៅពេល​​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ឃីម បូរី ជួយ​ឱ្យ ណាហ្គាវើលដ៍ ឱ្យ​តាមស្មើវិញ នៅនាទីទី ៨២ នោះ។

បន្ថែម​ទៅលើ​ការ​បាត់បង់ឱកាស នៅ​ក្នុងការ​ប្រកួតពេញ​ម៉ោង ដោយការ​ស្មើ​គ្នា ១-១ នេះ ក្រុម​ប៉ូលិស បានជួបការ​ខក​ចិត្ត​ខ្លាំង នៅ​ក្នុង​ការទាត់បាល់ប៉េណាល់​ទី កាត់សេចក្តី ព្រោះ​ភាព​ល្អឯក ក្នុង​ការ​ជួយ​សង្រ្គោះ​គ្រាប់បាល់​របស់​អ្នកចាំទី ស៊ូ យ៉ាទី ពីការស៊ុត​របស់​ សាយ ពិសដ្ឋ និង នួន បូរី បាន​ធ្វើ​ឱ្យក្រុមប៉ូលិស ចាញ់​ក្រុមណាហ្គាវើលដ៍ ៤-២ នៅក្នុង​ដំណាក់កាល​ដ៏​រន្ធត់​នេះ។

ជាមួយ​លទ្ធផលនេះ ក្រុម​ភ្នំពេញ​ក្រោន វិសាខា ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ ត្រូវ​ឡើង​ទៅកាន់ការ​ប្រកួត​វគ្គ​៨​ក្រុម ឬ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ដោយ​ត្រូវ​រង់ចាំ​ការ​ប្រកួត​រវាងក្រុមចំនួន​៨​ទៀត ដែល​ត្រូវ​ធ្វើ​នៅថ្ងៃ​ពុធនេះ ដើម្បី​រក​ក្រុម​ឈ្នះចំនួន​៤​ទៀត ឡើង​មក​កាន់ការ​ប្រកួត​វគ្គ​៨ក្រុម​នេះដែរ៕