ក្រុមប្រតិភូ គ្រូបង្វឹក និង​កីឡាការិនី​ជម្រើស​ជាតិកីឡា​​ប៉េតង់ សរុបន​ចំនួន​​៧នាក់ ​បាន​ចេញ​​ដំណើរ​​ពី​មាតុប្រទេស​​របស់ខ្លួន ហោះបោះពួយ ទៅ​កាន់​ទឹក​ដីប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ ដើម្បី​ចូល​រួមការ​ប្រកួតកីឡាប៉េតង់​​ជើងឯកពិភពលោក ដែល​នឹង​ចាប់ដំណើរ​ការ​ពី​ថ្ងៃទី​១២ ដល់​ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទី​នោះ។

ក្រុមជម្រើសជាតិ​កីឡាប៉េតង់កម្ពុជា ដែលបានចាកចេញ​មាតុ​ប្រទេស​នេះ គឺ​ក្រុម​ជម្រើស​ជាតិ​​នារី ​ចំណែក​ក្រុមជម្រើសជាតិ​បុរស ដែលនឹង​ត្រូវទៅ​ចូល​រួម​ក្នុងការ​ប្រកួតនេះ​ដែរ នឹង​ចេញ​ដំណើរ​ទៅតាម​ក្រោយ ព្រោះ​ការ​ប្រកួត​ជើងឯក​ពិភព​លោក នៅ​ទីក្រុង Santa Susanna ប្រទេស​អេស្ប៉ាញនេះ មាន៣​ផ្នែក គឺ​ក្រុមនារី ក្រុមបុរស និងក្រុមយុវជន ដោយ​កំណត់ពេល​វេលា​ប្រកួត​ខុសគ្នា ប៉ុន្តែកម្ពុជា មិន​បាន​បញ្ជូន​ក្រុមយុវជន​របស់ខ្លួន ឱ្យ​ទៅចូល​រួមការ​ប្រកួត​នេះ​ទេ។

បើតាម​មន្ត្រី​ជំនាញ​របស់សហព័ន្ធកីឡា​ប៊ូល និងប៉េតង់កម្ពុជា បានឱ្យ​ដឹង​ថា បេក្ខភាព​ជម្រើស​ជាតិ​ប៉េតង់​ ផ្នែក​នារីទាំង​៤នាក់ ដែលត្រូវបាន​ជ្រើស​រើស​ឱ្យ​ទៅ​ចូល​រួម​ការ​ប្រកួតជើង​ពិភពលោក លើក​នេះ រួម​មានកីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម និង​កីឡាការិនី ឃួន យ៉ារី ចំណែកប្រតិភូដឹកនាំ​ រួម​មាន លោក សុខ សប្បាយណា ជាអគ្គលេខាធិការ សហព័ន្ធ លោក អ៊ិន គឹមស្រ៊ុន ទីប្រឹក្សាសហព័ន្ធ និង​លោក សុខ ម៉ុង ជា​គ្រូ​បង្វឹក។

ចំពោះ​កីឡាការិនី​ជម្រើសជាតិប៉េតង់​កម្ពុជា​​ទាំង​៤នាក់នេះ គឺ​មានតែ​កីឡាការិនី​វ័យក្មេង ឃួន យ៉ារី ម្នាក់ទេ ដែលមិនទាន់ធ្លាប់​ឈ្នះបានមេដាយ​ ពីការ​ប្រកួត​ជើងឯក​ពិភពលោក​នេះ ប៉ុន្តែ​បេក្ខភាព​៣នាក់ទៀត សុទ្ធ​តែ​ធ្លាប់បាន​សាងស្នាដៃ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ក្នុង​នោះ​កីឡា​ការិនី​ជើង​ចាស់ អ៊ុក ស្រីមុំ ធ្លាប់​ឈ្នះ​បាន​មេដាយមាស ១ និងមេដាយសំរឹទ្ធ ៣ រីឯ​ អ៊ុន ស្រីយ៉ា ធ្លាប់ឈ្នះមេដាយសំរឹទ្ធ ៣ និង​កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ធ្លាប់​ឈ្នះ​បាន​មេដាយប្រាក់១ និងមេដាយសំរឹទ្ធ១។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ចេញ​ដំណើរ​ទៅ​ចូល​រួមការ​ប្រកួត​ជើង​ឯក​ពិភព​លោក នៅ​ប្រទេស​អេស្ប៉ាញ លើកនេះ គេ​នៅមិនទាន់​ដឹង​ថា ក្រុម​នារី​ជើងខ្លាំង​របស់កម្ពុជា ទាំង​៤​នាក់នេះ អាច​នឹងបន្ត​ដណ្តើមបានមេដាយជូនជាតិ ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះវិបត្តិ​នៃជំងឺ​កូវីដ​១៩ ធ្វើឱ្យ​ការ​ហ្វឹកហាត់ត្រៀម​​របស់​ក្រុម​កម្ពុជា លើកនេះ មិន​សូវ​បានពេញ​លេញ​ដូចការ​ចេញ​ទៅ​ប្រកួត​​មុនៗ​នោះទេ៕