ក្រុម​​អគ្គិសនីកម្ពុជា បានបង្ហាញ​ឱ្យឃើញកាន់តែ​ច្បាស់ថា ពួកគេ​ជា​ក្រុមខ្លាំង នៅលើ​វាលស្មៅ ចំពោះ​ការ​ប្រកួត​ ដែលប្រើ​ប្រាស់កីឡាករ​ក្នុងស្រុកសុទ្ធ បន្ទាប់ពី​ក្រុមមាន​គោលការណ៍ មិន​ប្រើប្រាស់កីឡាករ​បរទេស​មួយនេះ បាន​យក​ឈ្នះក្រុមកងយោធពល​ខេមរភូមិន្ទ (ទ័ព) ៤-០ ក្នុងការ​ប្រកួត​ជម្រុះ​វគ្គ​១៦​ក្រុម​ពាន​រង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ជាតិ) ប្រចាំ​ឆ្នាំ​២០២១ កាល​​ពីថ្ងៃពុធ ប៉ុន្តែសូល​ទីឡូអង្គរ  គិរីវង់សុខសែនជ័យ និង​ខេត្ត​ព្រៃវែង បាន​ធ្លាក់ចេញពីការ​ប្រកួតនេះដូចគ្នា។

ការ​រក​បានម្នាក់​១​គ្រាប់ របស់កីឡាករល្អ សា ទី, យ៉ាន សុខា, អ៊ឹម វីនុន និង ទ្រី ប៊ុនស៊ាងយ៉ាលិន្ធ ដើម្បី​​យក​ឈ្នះក្រុមទ័ព ៤-០ កាលពី​ម្សិលមិញនេះ វា​បានក្លាយជា​លទ្ធផល​ដ៏​ល្អបំផុត ដែលគេមិននឹកស្មាន​ថា អគ្គិសនីកម្ពុជា អាច​ធ្វើបាន​នោះទេ ព្រោះ​ក្រុមទ័ព ក៏មាន​កីឡាករ​ក្នុងស្រុក​ ដែលមានគុណ​ភាពលេង ច្រើន​ផងដែរ។

ចំណែកខ្សែ​ប្រយុទ្ធ ម៉ាត នូរុណ បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង និងត្រូវ​បានជ្រើស​រើស​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត បន្ទាប់ពី​រូបគេ រកបាន​៣​គ្រាប់តែ​ម្នាក់ឯង ដើម្បី​ជួយ​ឱ្យក្រុម​បឹងកេត​យក​ឈ្នះក្រុមសូលទីឡូអង្គរ ៤-០ កាលពី​ថ្ងៃពុធ​នោះ​ដែរ ខណៈ ១ គ្រាប់ទៀត រក​បាន​ដោយ សឿត ណាវ៉ា។

ផ្ទុយ​ពីនេះ ​​គីរីវង់សុខសែន​ជ័យ បាន​ក្លាយ​ជា​ក្រុម​ ដែលមានការ​ឈឺចាប់​ខ្លាំង​ជាង​គេ សម្រាប់ការ​ធ្លាក់ចេញពីការប្រកួត​ពានរង្វាន់សម្តេច ហ៊ុន សែន ត្រឹម​វគ្គ​១៦​ក្រុមនេះ ព្រោះ​ពួកគេ បាន​ចាញ់ក្រុម​អាស៊ីអឺរ៉ុប ដោយ​ការពិន័យ​បាល់ ១១ម៉ែត្រ នៅ​នាទីទី ៩០+៦ ដែល​ស៊ុត​បានសម្រេច​ដោយ​កីឡាករ ព្រីង ចិត្រា។ ១ គ្រាប់​ចុងក្រោយនេះ បាន​ធ្វើ​ឱ្យ ការព្យាយាមវាយ​បក​តាម​បាន​ស្មើ ២-២ របស់​ គិរីវង់ បានប្រែ​ក្លាយ​ជាគ្មានន័យ និងបាន​ធ្លាក់ចេញពីការ​ប្រកួតនេះ ដ៏​ឈឺចាប់បំផុត។

យ៉ាង​ណា​មិញ ក្រុមអង្គរថាយហ្គឺរ អាច​សម្រេច​ការ​សងសឹក ទៅ​លើ​ក្រុមខេត្តព្រៃវែង បាន​វិញ​ហើយ។ អង្គរថាយហ្គឺរ ធ្លាប់បាន​ធ្លាក់ចេញពីការ​ប្រកួតនេះ ក្រោមស្នាដៃ​ក្រុមខេត្តព្រៃវែង យ៉ាងអាម៉ាស កាលពី​ឆ្នាំ​២០២០ ក្នុង​វគ្គជម្រុះ​១៦​ក្រុមនេះតែម្តង​ ប៉ុន្តែ​​ការ​រក​​បាន​ម្នាក់​១​គ្រាប់ របស់ កីឡាករ ឡុង ភារ៉ាត និង សុវណ្ណ ដូណា កាលពីម្សិមិញ​នេះ បានជួយ​ឱ្យ​ អង្គរថាយហ្គឺរ អាច​​យក​ឈ្នះលើក្រុម​ខេត្ត​ព្រៃវែង ២-០ បាន​វិញ ដើម្បីឡើង​ទៅកាន់​វគ្គ៨​ក្រុម​ចុងក្រោយ សាជាថ្មី។

ជាមួយគ្នានេះ ក្រុម​ភ្នំពេញក្រោន  វិសាខា ណាហ្គាវើលដ៍ និង​ព្រះខ័នរាជស្វាយរៀង ក៏​បាន​ទម្លាក់គូប្រកួតរៀងៗ​ខ្លួន កាលពី​ថ្ងៃអង្គារ ដើម្បី​ឡើងទៅ​កាន់ការ​ប្រកួត​វគ្គ​៨ក្រុមចុងក្រោយ ជាមួយ​​ក្រុមបឹងកេត អគ្គិសនីកម្ពុជា អង្គរថាយហ្គឺរ និងក្រុមអាស៊ីអឺរ៉ុប ផងដែរ៕