កីឡាករជម្រើសជាតិប្រដាល់សកល ម៉ាង ព្រហ្មម៉ាញ និង វី សម្ភស្ស សុទ្ធតែត្រូវប្រឈមការប្រកួតដ៏លំបាក ព្រោះពួកគេ ត្រូវបានកំណត់ឱ្យប្រកួតចំនួន២ដង ក្នុងថ្ងៃតែមួយ ដើម្បីរកអ្នកឈ្នះម្នាក់ទៀត ក្នុងចំណោមអ្នកទាំង២ ឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី Ultimate Boxing Championship និងដណ្តើមប្រាក់លាន។
សម្រាប់ការប្រកួត ដែលត្រូវធ្វើនៅថ្ងៃអាទិត្យនេះ អាចចាត់ទុកថា ជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ និងប្លែកខុសពីរៀងដងផងដែរ ខណៈបេក្ខភាព ម៉ាង ព្រហ្មម៉ាញ និង វី សម្ភស្ស ត្រូវដាក់ឱ្យប្រកួត២ដង ក្នុងថ្ងៃតែមួយនោះ ដោយក្នុងនោះ អ្នកទាំង២នេះ ត្រូវប្រកួតគ្នាសិន ហើយបន្ទាប់មក វី សម្ភស្ស ត្រូវបន្តទៅជួប ទូច ដេវីដ រីឯ ម៉ាង ព្រហ្មម៉ាញ ត្រូវប្រកួតជាមួយ សែត សារឹត។
ការកំណត់លក្ខខណ្ឌឱ្យប្រកួតបែបនេះ ក៏ព្រោះថា គណៈកម្មការ ចង់បញ្ចប់ការប្រកួតវគ្គជម្រុះ មានត្រឹម៤នាក់នេះ ឱ្យចប់ទៅតាមកាលវិភាគ បានកំណត់ ដើម្បីរកអ្នកមានពិន្ទុខ្ពស់ជាងគេ២នាក់ ឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ហើយគិតត្រឹមពេលនេះ ទូច ដាវីដ ដែលបានឈ្នះ សែត សារឹត និង ម៉ាញ ព្រហ្មម៉ាញ នោះ បានកក់កៅអី នៅវគ្គផ្តាច់ព្រ័ត្រ ដោយស្វ័យវត្តិហើយ ចំណែកបេក្ខភាព អាចជា វី សម្ភស្ស ឬ ម៉ាង ព្រហ្មម៉ាញ។
យ៉ាងណាក៏ដោយ ម៉ាង ព្រហ្មម៉ាញ ហាក់មិនសង្ឃឹមនោះទេ ក្នុងការប្រជែងជាមួយ វី សម្ភស្ស។ ព្រហ្មម៉ាញ បាននិយាយថា៖ «ខ្ញុំមិនសូវសង្ឃឹមច្រើនទេ ពេលប៉ះជាមួយ វី សម្ភស្ស។ ទោះ ខ្ញុំធ្លាប់ឈ្នះ វី សម្ភស្ស ប៉ុន្តែសព្វថ្ងៃនេះ គេល្អជាមុន និងវ៉ៃចេញបានលឿន ដៃធ្ងន់ណាស់ ហើយបើ ចាញ់ វី សម្ភស្ស ខ្ញុំនឹងធ្លាក់ចេញពីការប្រកួតនេះ ទៅខ្ញុំ អាចយកឈ្នះ សែត សារឹត ក្នុងជំនួបចុងក្រោយក៏ដោយ»។
ចំណែក វី សម្ភស្ស ក៏បានបង្ហាញការបារម្ភខ្លាំងផងដែរ សម្រាប់ការប្រកួត២ដង ក្នុងថ្ងៃតែមួយនេះ។ «ខ្ញុំមានការព្រួយបារម្ភខ្លាំង ពីបញ្ហាកម្លាំង ពិសេសក្រោយប្រកួតជាមួយ ម៉ាង ព្រហ្មម៉ាញ ខ្ញុំត្រូវបន្តទៅជួប ទូច ដេវីដ ក្នុងថ្ងៃតែមួយ ដែលមិនមែនងាយស្រួលនោះឡើយ។ ទោះយ៉ាងណា បើខ្ញុំឈ្នះ ម៉ាង ព្រហ្មម៉ាញ គឺអាចបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ បានហើយ ហើយខ្ញុំសង្ឃឹមថា អាចធ្វើបាន»។
ទាក់ទងការដាក់ឱ្យ វី សម្ភស្ស និង ម៉ាង ព្រហ្មម៉ាញ ប្រកួត២ដង ក្នុងថ្ងៃតែមួយនេះ លោក ប៊ុយ សុភ័ណ្ឌ អ្នកគ្របគ្រងកម្មវិធីប្រកួតនេះ បាននិយាយថា៖ «ការធ្វើបែបនេះ ដើម្បីបង្គ្រប់តាមរូបមន្តវិលជុំ ឱ្យបាន៣ប្រកួត ក្នុងកីឡាករម្នាក់ៗ ដើម្បីសរុបពិន្ទុ រកអ្នកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅសប្តាហ៍ទី៤ តែម្តង ហើយការប្រកួតនេះ មិនខុសច្បាប់ ឬខុសលក្ខខណ្ឌនោះទេ ព្រោះប្រដាល់សកល ក្នុងកម្មវិធីនេះ ក្នុងមួយប្រកួត មានតែ៣ទឹក អ៊ីចឹង២ប្រកួត ស្មើ៦ទឹកប៉ុណ្ណោះ»៕