បរទេស៖ ខ្សែ​​ប្រយុទ្ធ Harry Kane បាន​កោតសរសើរ «ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស» ក្រោយ​ពី​ពួក​គេ​បាន​កក់​កៅអី​របស់​ពួក​គេ​ក្នុង​ព្រឹត្តិ​ការណ៍ World Cup នៅ​ឆ្នាំក្រោយ ក្រោយពី​បាន​លត់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សាំង​ម៉ា​រ៉ាំង​យ៉ាងចាស់​ដៃ​ក្នុងលទ្ធផល ១០-០ កាលពីថ្ងៃ​ចន្ទ​។

ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​អង់​គ្លេស Kane បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់ នៅ​តង់​ទី​១ ក្រោយពី​ការ​រក​បាន​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែ​ការ​ពារ Harry Maguire និង​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Filippo Fabbri​។ កីឡាករ Emile Smith, Tyrone Mings, Tammy Abraham និង Bukayo Saka បានបំពេញ​ជ័យ​ជម្នះ​ដ៏​ធំ​នេះ ក្រោយពី​ពីសម្រាក​តង់​ទី​១ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​បញ្ចប់​ដោយ​ស្ថិត​នៅលើ​កំពូល​តារាងនៃ​ពូល I ដើម្បី​ឈ្នះកៅអី​របស់​ពួក​គេ​ក្នុង​ព្រឹត្តិការណ៍កីឡា​បាល់​ទាត់​ពិភព​លោក​នៅ​ប្រទេស​កា​តា ក្នុង​រយៈ​ពេល​១២​ខែ​ទៀត​។

នេះគឺ​ជា​ជ័យ​ជម្នះ​ជា​កំណត់ត្រា​​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ការ​ប្រកួត​អន្តរ​ជាតិ ហើយ Kane ពិត​ជា​រីក​រាយ​ណាស់​ជាមួយនឹងសមិទ្ធ​ផល​ដែល​ក្រុម​របស់​លោក Gareth Southgate ធ្វើ​បាន​សម្រេច​គោល​ដៅ​ឆ្លង​ផុត​វគ្គ​ជម្រុះ​របស់​ពួក​គេ​។ Kane បាន​ប្រាប់​ទូរ​ទស្សន៍ ITV ថា៖ «យើង​ពិត​ជា​លេងបាន​យ៉ាង​អស្ចារ្យ​។ យើង​ត្រូវ​លេង​រហូត​ដល់​ការ​ប្រកួត​ចុងក្រោយ ហើយ​យើង​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ឈ្នះ ប៉ុន្តែ យើង​បាន​ធ្វើ​ការ​ងារ​ដ៏ល្អ​។​ ពិត​ជា​អស្ចារ្យ​ណាស់​ដែល​បាន​ទៅ​វគ្គ​បន្ត​»៕

ប្រភព​ព័ត៌មាន៖ Channel News Asia