ជាមួយ​ទស្សនវិស័យ​អភិវឌ្ឍ​បាល់​ទាត់ ក្នុង​រយៈពេល​វែង​ឆ្ងាយ​រវាង​អ្នក​ចាត់ក្រុម លោក Lee Tae-hoon និង​សមាគម​បាល់​ទាត់កង​យោធពល​ខេមរភូមិន្ទ (ទ័ព) បាន​បញ្ចប់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ខណៈ​ក្លិបមាន​មូល​ដ្ឋាន​នៅ​កីឡដ្ឋានស្តាតចាស់មួយនេះ បាន​ប្រកាសពីការ​បញ្ចប់​កុងត្រា​ជាមួយ​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់នេះ កាល​ពី​ថ្ងៃ​ពុធ  ម្សិលមិញ។

តាម​រយៈ​ការ​បញ្ចប់​កុងត្រា​ជាមួយ​អតីត​គ្រូ​បង្វឹកក្រុមជម្រើសជាតិ​កម្ពុជា លោក Lee Tae-hoon នេះ ​ត្រូវបានគេ​មើល​ឃើញ​ថា ​បាន​ធ្វើ​ឡើង​លឿន​ពេក គឺ​ខុស​ពី​អ្វី​ដែល​ភាគី​ បាន​ប្រកាស នៅ​ក្នុង​សន្និសីទកាសែត ស្តីពីការ​ចុះ​កុង​ត្រា ក្នុង​នាមជា​អ្នកចាត់ការ​ក្រុម លោក Lee Tae-hoon និង​ក្លិប​​មួយនេះ កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១។​

គួរ​រំឭក​ថា នៅ​ក្នុងសន្និសីទកាសែត ពេល​ចុះកុង​ត្រា​នោះ លោក Lee Tae-hoon ត្រូវ​បានប្រកាស​​តែង​តាំង​ជា​អ្នក​ការចាត់​​ក្រុម​ទ័ព ដែល​មាន​រយៈពេល ២ ​ឆ្នាំ ប៉ុន្តែ​​អគ្គលេខាធិការ​ក្លិប​កង យោធ ពល​ខេមរភូមិន្ទ លោក ខូវ ឆាយ បាន​អះអាង​ថា នេះ​គ្រាន់ជា​កិច្ច​សន្យា​ជំហាន​ដំបូង​ប៉ុណ្ណោះ ព្រោះ​​​អ្វី​ដែល​យើង​បាន​ចចារ​​ជាមួយ​គាត់ គឺ​យើង​​មាន​ទិសដៅ​ដើរ​ជាមួយ​គាត់ក្នុង​រយៈ​ពេល​​​យូរ​​អង្វែង។

លោក ខូវ ឆាយ បាន​បញ្ជាក់នាពេល​នោះ​​ថា៖ «​យើង​ចុះ​កិច្ចសន្យាជាមួយគាត់​ (Lee Tae-hoon) ២​ ឆ្នាំ​សិន ប៉ុន្តែ​អ្វី​ដែល​​យើងចចារ​ជាមួយ​គាត់ គឺ​យើង​​មាន​ទិសដៅ​ដើរជាមួយគាត់​យូរ​អង្វែង ដោយសារ​តែ​យើង​បាន​ដឹង និង​យល់​ច្បាស់ពី​បាល់​ទាត់ គឺគ្មាន​នរណា​មួយ​ អាច​​ធ្វើ​ឱ្យ​បាល់​ទាត់​មានការ​ផ្លាស់ប្តូរ​ភ្លាមៗ ក្នុង​រយៈពេល​ខ្លី​នោះទេ អ៊ីចឹង​លោក Lee ក៏​ត្រូវការ​ពេលវេលា​ដូច​គ្នា ​​ដើម្បី​ឱ្យទិសដៅ និង​ទស្សនៈ​ស្រប​គ្នា​របស់យើង និងកីឡាករ​របស់យើង អាច​ធ្វើទៅតាម​អ្វី​ដែល​​គាត់ចង់បាន ហេតុនេះ​យើង​ជឿជាក់ថា យើង​នឹង​ធ្វើការ​ងារជាមួយគាត់ យូរ​ជាង ​២ ​ឆ្នាំ»។

តែ​ទោះបីជា​យ៉ាងណា ការបំពេញ​តួនាទី​របស់ Lee Tae-hoon មិនទាន់ទាំង​បានកន្លះ​ឆ្នាំ​ស្រួលបួល​ផង ក៏​ត្រូវបាន​សមាគម​បាល់​ទាត់កង​យោធពល​ខេមរភូមិន្ទ ប្រកាសបញ្ចប់កុងត្រា​ ជាមួយ​អ្នកចាត់ការ​រូបនេះ ទាំង​ការ​ប្រកួត​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១ នៅ​សល់​១​លើក​ទៀត ប៉ុន្តែ​ភាគីទាំង​១ ពិសេស​ក្រមទ័ព មិនបាន​បង្ហាញពី​មូល​ហេតុ​ច្បាស់​លាស ចំពោះ​ការ​ផ្តាច់កុង​ត្រា មុនពេលកំណត់នេះ​ទេ។

សមាគម​បាល់​ទាត់កង​យោធពល​ខេមរភូមិន្ទ បាន​ត្រឹម​​ប្រកាស​ព័ត៌មានបែបខ្លី ចំពោះការ​បញ្ចប់កុងត្រា​នេះ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖​ «សមាគម​កីឡា​បាល់ទាត់​កង​យោធពល​ខេមរ​ភូមិន្ទ Tiffy Army FC បាន​សម្រេច​បញ្ចប់​កិច្ច​សន្យា ជាមួយលោក Lee Tae-hoon ត្រឹម​ថ្ងៃនេះ​ហើយ។សូមជូនពរ លោក Lee Tae-hoon ជោគជ័យ​ក្នុង​កិច្ច​ការ​ងារ​លើ​វិស័យ​កីឡា​បាល់​ទាត់​មួយនេះ»៕