បរទេស៖ គ្រូបង្វឹកមួយចំនួនបានបាត់បង់តួនាទីនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះមានដូចជាលោកNuno Espirito Santoនិងលោក Ronald Koeman និង Dean Smith ។ ព្រោះតែតម្រូវការចាំបាច់សម្រាប់លទ្ធផលក្រុមដែលទាមទារសម្រាប់បាល់ទាត់សម័យទំនើបគឺធ្វើយ៉ាងណាគឺដឹកនាំក្រុមទទួលបានជ័យជំនះផ្ទុយទៅវិញវាក៏ជាការងារប្រឈមនិងហានិភ័យបាត់បង់តួនាទី ប្រសិន ដឹកនាំក្រុមមិនបានល្អ។ ឧទាហរណ៏ដូចជាលោក Sir Alex Ferguson ដែលបានដឹកនាំក្លឹបអស់ជាច្រើនទសវត្សក្តី យ៉ាងណាក៏ដោយ សូម្បីតែលោក Ferguson ក៏ធ្លាប់ត្រូវបានក្លឹបស្កុតឡេន St. Mirren ធ្លាប់ចែកផ្លូវគ្នាជាមួយរូបលោកផងដែរ។
ដូច្នេះខាងក្រោមនេះគឺជាគ្រូបង្វឹក ៥ រូបដែលមិនធ្លាប់ត្រូវបានបណ្តេញចេញនោះទេៈ
១.Didier Deschamp
Didier Deschamps គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សបីនាក់ប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់ FIFA World Cup ក្នុងនាមជាកីឡាករ និងអ្នកចាត់ការទូទៅ។ ពេលចាប់ផ្តើមអាជីពជាមួយក្លឹបអាជីពAS Monaco គាត់បានដឹកនាំក្លឹបឱ្យឈ្នះពាន French League Cup និងនាំ Monaco ដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០០៤ តែបានបានលាលែងពីតំណែងនៅរដូវក្តៅឆ្នាំ ២០០៥ ។ ក្រោយមករូបលោកបានជួយJuventus ត្រលប់ពី Serie B មកលេងនៅលីកកំពូលអ៊ីតាលីវិញ មុនពេលដឹកនាំMarseille អោយឈ្នះពាន៣រួមទាំងពានLigue-១ផងដែរ។ លោក Deschampsស្ទើរតែត្រូវបានក្លឹបបណ្តេញចេញពេលដែលដឹកនាំ Marseille បញ្ចប់ចំណាត់ថ្នាក់លេខ១០នៅរដូវកាល២០១១-២០១២ តែបានសម្រេចចែកផ្លូវគ្នាក្នុងកិច្ចព្រមព្រៀងទៅវិញទៅមក។ បច្ចុប្បន្នលោក Deschamps គឺជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំងហើយត្រូវបានគេរំពឹងថានឹងបន្តតួនាទីនេះរហូតដល់ចុងឆ្នាំ២០២២។

២.Zinedine Zidane
ចាប់ផ្តើមអាជីពជាគ្រូបង្វឹកឈុតធំ Zinedine Zidane បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្លាយជាគ្រូបង្វឹកដ៏ ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Real Madrid ក្រោយចូលមកកាន់តួនាទី២ដងផ្សេងគ្នា។ជាមួយនឹងការឈ្នះពានសរុបចំនួន ១១ ដែលក្នុងនោះបុរសសញ្ជាតិបារាំងរូបនេះបានឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុតរបស់ពិភពលោក IFFHS ក្រោយជួយReal Madridឈ្នះពានក្របខណ្ឌ Champion League បីឆ្នាំជាប់គ្នា។ក្រោយសម្រេចចែកផ្លូវគ្នាជាមួយក្លឹបគ្រូបង្វឹកវ័យ៤៩ឆ្នាំបច្ចុប្បន្នអាចនឹងត្រលប់មកដឹកនាំក្រុមវិញក្នុងពេលឆាប់ៗនេះ ខណៈMan.Utd គឺជាក្លឹបដែលចង់បានរូបលោកមកដឹកនាំដើម្បីជួបជុំជាមួយ Cristiano Ronaldo និង Raphael Verane ឡើងវិញ។

៣.Diego Simeone
Diego Simeone គឺជាគ្រូបង្វឹកឆ្នើមម្នាក់ទៀតដែលបានកាន់កាប់តួនាទីរយៈពេល១០ឆ្នាំជាមួយក្រុម Atletico Madrid ។គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបង្អាក់ដំណើរការគ្រប់គ្រងពានLa Ligaរយៈពេលវែងរបស់ Real Madrid-Barcelona ដោយបានឈ្នះពានLa Liga ចំនួនពីរដងនិងបានជួយអោយ Atletico Madrid ដល់វគ្គផ្តាច់ព្រ័ត្រនៃយុទ្ធនាការ UEFA Champions Leagueរដូវកាល២០១៣-២០១៤ និង ២០១៥-២០១៦។

៤.Jurgen Klopp
Kloppគឺជាបុគ្គលតែម្នាក់គត់ដែលបានដឹកនាំ ក្រុមប្រជែងជាមួយ Bayern Munich កំឡុងពេលគាត់នៅ Borussia Dortmund ។ គាត់បានបង្អាក់ដំណើរការកាន់កាប់ពានលីគកំពូលរបស់Bayern Munich ក្នុងរយៈពេល ១១ ឆ្នាំ និងបានឈ្នះពាន Bundesliga ២ឆ្នាំជាប់ៗគ្នា(២០១០-២០១២)អំឡុងពេលប្រាំពីរឆ្នាំនៅទឹកដី Signal Iduna Park ។ក្រោយចូលមកដឹកនាំក្លឹបរយៈពេល៦ឆ្នាំ លោកKloppបានដឹកនាំ Liverpool ឈ្នះជើងឯកលីគកំពូល Premier League និង Champions League ជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំ។

៥.Pep Guardiola
Pep Guardiola គឺជាអ្នកចាត់ការជោគជ័យបំផុតនៅសតវត្សទី ២១នេះ ជាមួយនឹងពានរង្វាន់ជាង៣០ដែលរូបលោកបានឈ្នះ ។ លោក Guardiola បានទទួលការងារដឹកនាំឈុតធំដំបូងរបស់គាត់ក្នុងឆ្នាំ ២០០៨ ។គាត់បានបង្វឹកកីឡាករឆ្នើមៗមានដូចជា Lionel Messi, Xavi និង Andres Iniesta នៅក្នុងក្រុមដោយនាំក្លឹបឈ្នះពាន La Liga ៣ដង និង Champion League ២ដង មុនពេលផ្លាស់ទៅដឹកនាំBayern Munichនៅឆ្នាំ២០១៣ដោយជួយពួកគេ ឈ្នះពាន៣រដូវកាលជាប់ៗគ្នាផងដែរ។បច្ចុប្បន្នបុរសវ័យ ៥០ ឆ្នាំរូបនេះ កំពុងដឹកនាំ Man. City ចាប់តាំងពីឆ្នាំ២០១៦ និងបានឈ្នះពានលីកកំពូលចំនួន ៣ ក្នុងរយៈពេល ៤រដូវកាលចុងក្រោយនេះជាមួយពានLeague Cup ៣ឆ្នាំចុងក្រោយជាប់គ្នាផងដែរ។
:focal(1538x403:1540x401)/origin-imgresizer.eurosport.com/2021/08/12/3200218-65559628-2560-1440.jpg)
