ក្រុម​កីឡាករ​ជម្រើសជាតិ​កីឡាម៉ូតូ​ទឹក​កម្ពុជា បាន​បន្ត​រក្សា​ការ​ឈ្នះមេដាយមាស នៅ​ក្នុង​ការ​​ប្រកួត​​កីឡាម៉ូតូ​ទឹកជើងឯក​អាស៊ី នៅ​លើកទឹក​ដី​ថៃ ប៉ុន្តែសម្រាប់ការ​ប្រកួតជុំទី​២​នេះ ម្ចាស់​ជយលាភី​មេដាយមាស មិនមែន​ជា​វីរ​កីឡាករ សាលី អ៊ូមើត ដែល​ធ្លាប់​ឈ្នះមេដាយមាស​១ និងសំរឹទ្ធ​១ ពីការ​ប្រកួតកីឡាអាស៊ី នោះ​ទេ។

សម្រាប់​ការ​​ប្រកួត​​កីឡាម៉ូតូ​ទឹកជើងឯក​អាស៊ី នៅ​លើកទឹក​ដី​ប្រទេស​ថៃនេះ កាលពី​ជុំ​១ កន្លងមក កីឡាករ សាលី អ៊ូមើត បាន​ក្លាយជា​បេក្ខភាពតំណែង​ឱ្យ​កម្ពុជា ដែលបាន​ឈ្នះ​មេដាយ​មាស ខណៈ​មិត្ត​រួម​ក្រុម​របស់គេ​​ផ្សេង​ទៀត បាន​ត្រឹម​លេខ​៤ លេខ​៥ លេខ​៦ និង​លេខ​៧ ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ប្រកួត​ជុំទី២ ដែល​ទើប​បាន​បញ្ចប់ ជា​ផ្លូវការ កាលពី​ថ្ងៃ​អាទិត្យ ម្សិល​មិញនេះ វីរកីឡាករ សាលី អ៊ូមើត បាន​ត្រឹម​លេខ​៤​ប៉ុណ្ណោះ ហើយ​កីឡាករ សាលី ហ្វីលីន​ ក៏​បាន​ជាប់ចំណាត់​ថ្នាក់លេខ​៤ សម្រាប់ការ​ប្រកួតនេះ​ជុំទី​២ នេះ​ផងដែរ ហើយ​កីឡាករ​ដែល​ដណ្តើម​បានមេដាយ​មាស​លេខ​១ ឱ្យ​កម្ពុជា មីន ម៉ូសស្តាន​។ នេះ​បើ​តាម​លទ្ធផល​ដែល សាលី អ៊ូមើត បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន កាលពី​ថ្ងៃអាទិត្យ។

ជាមួយ​គ្នានេះកីឡាករ​ជម្រើសជាតិ​កម្ពុជា សាលី អ៊ូមើត ក៏​បាន​អរគុណ​ដល់​អ្នក​គាំ​ទ្រ​នៅ​កម្ពុជា ដែល​តែងតែ​គាំ​ទ្រ និង​លើក​ទឹក​ចិត្ត​ដល់ពួកគេ​ផងដែរ។ អ៊ូមើត បាន​សរសេរ​ថា៖​«បាន​អគុណ ​សម្រាប់​​ការ​​គាំទ្រ ​ផ្ដល់​កម្លាំង​ចិត្ត ​ដល់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា។ ​ពួក​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់បន្ត​ ដើម្បី​​រក​ជ័យជម្នះ​មក​ជូន​ប្រទេស​ជាតិ​កម្ពុជា​យើង ​បន្ត​ទៅ​មុខ​ទៀត»៕