ក្រុមដែលទើបបង្កើតប្រវត្តិការឈ្នះពានលីគកំពូលកម្ពុជា ជាលើកទី៧ ភ្នំពេញក្រោន និងក្រុមជើងឯករង ព្រះខ័នរាជស្វាយរៀង នឹងវិលមកជួបគ្នា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២១ នៅល្ងាចថ្ងៃចន្ទនេះ គឺមុនពេលការជួបគ្នារវាងក្រុមម្ចាស់ផ្ទះបឹងកេត និងវិសាខា ដែលត្រូវធ្វើចាប់ពីម៉ោង៣រសៀលតទៅ ដើម្បីរកក្រុមឈ្នះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ការយកឈ្នះក្រុមបឹងកេត ១-០ តាមរយៈគ្រាប់បាល់ដ៏មានតម្លៃរបស់កីឡាករជប៉ុន Yudai Ogawa ក្នុងការប្រកួតបិទរដូវកាល លីគកំពូលកម្ពុជា ឆ្នាំ ២០២១ កាលពីថ្ងៃសុក្រកន្លងមកនេះ បានជួយឱ្យ ភ្នំពេញក្រោន វិលមករកការឈ្នះពាននេះជាថ្មី បន្ទាប់ពីពួកគេបានលើកពាននេះ លើកចុងក្រោយ និងជាលើកទី៦ កាលពីឆ្នាំ ២០១៥។
ជាមួយគ្នានោះ លោកឧកញ៉ា ឫទ្ធី សំណាង ជាប្រធានក្លិប បានចាត់ទុកការឈ្នះពានលើកនេះថា ជាការបង្កើតនូវរឿងដ៏អស្ចារ្យ ជាប្រវត្តិសាស្ត្រសម្រាប់ក្លិប។ «ជ័យជម្នះ នៅថ្ងៃនេះ គឺជាការខិតខំ និងការសាមគ្គីរួមគ្នា ដើម្បីបង្កើតបានរឿងដ៏អស្ចារ្យ សម្រាប់ជាប្រវត្តិសាស្ត្ររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងការគ្រងជើងឯកលីគកំពូលកម្ពុជា លើកទី៧! អរគុណអ្នកទាំងគ្នា សម្រាប់ការប្រឹងប្រែងកន្លងមក»។
ក្រុមសិង្ហក្រហម និងអ្នកគាំទ្រ មានការសប្បាយរីករាយខ្លាំងណាស់ សម្រាប់ការឈ្នះពាន លីគកំពូលកម្ពុជា ជាលើកទី៧នេះ ហើយការរកឃើញជ័យជម្នះដ៏មានតម្លៃនេះ ត្រូវបានគេមើលឃើញថា ភ្នំពេញក្រោន កំពុងមានកម្លាំងចិត្តកាន់តែខ្លាំង ក្នុងការឈានទៅរកការសម្រេចគោលដៅទី២ គឺការប្រជែងយកពានសម្តេចហ៊ុនសែន ដើម្បីរំឭកពីភាពខ្លាំងឡើងវិញ ដូចពេលពួកគេឈ្នះពាននេះ ចំនួន២ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចម៉ោង៦ ថ្ងៃចន្ទនេះ ភ្នំពេញក្រោន អាចចាញ់ប្រៀប ក្រុមស្វាយរៀង បន្តិចព្រោះ នេះជាជំនួបនៅក្នុងទឹកដីរបស់ក្រុមស្វាយរៀង ខណៈធនធានកីឡាករក្នុងស្រុក គឺក្រុមទាំង២នេះ មានភាពសម្បូរបែបដូចគ្នា។
តែទោះបីជាយ៉ាងណា សម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន នេះ ក្រុមព្រះខ័នរាជស្វាយរៀង សាងបានកំណត់ត្រាល្អជាង ភ្នំពេញក្រោន ព្រោះស្វាយរៀង បានក្លាយជាក្រុម ដែលធ្លាប់ឈ្នះពានមួយនេះ បានច្រើនជាងគេ គឺចំនួន៤ដង រួមទាំងការឈ្នះជើងឯករងចំនួន៣ដងទៀត ប៉ុន្តែកម្លាំងចិត្ត នឹងភាពល្អជាងឯករបស់ក្រុមភ្នំពេញក្រោន បាននឹងកំពុងធ្វើឱ្យអ្វីៗមានការប្រែប្រួល ហើយគ្រូបង្វឹកក្រុមស្វាយរៀង ក៏បានសរសើរពីភាពខ្លាំងរបស់ភ្នំពេញក្រោន នៅរដូវកាលនេះផងដែរ។
តាមរយៈក្លិបព្រះខ័នរាជស្វាយរៀងផ្ទាល់ លោក Conor Nestor ជាគ្រូបង្គោល បាននិយាយថា៖ «ខ្ញុំសូមអបអរសាទរដល់បុគ្គលិក និងអ្នកគាំទ្រក្លិបភ្នំពេញក្រោន ទាំងអស់។ ក្រុមរបស់អ្នកលេងបានល្អណាស់ នៅឆ្នាំនេះ ហើយអ្នកសមនឹងក្លាយជាជើងឯក(លីគកំពូលកម្ពុជា ឆ្នាំ២០២១នេះ)»។
យ៉ាងណាមិញ ការជួបគ្នារវាងក្រុមបឹងកេត និងណាហ្គាវើល ក៏ជាការប្រកួតដែលមានភាពទាក់ទាញខ្លាំងផងដែរ ព្រោះក្រុមទាំង២នេះ សុទ្ធតែត្រូវការឈ្នះ ខ្លាំងដូចគ្នា ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងឈានទៅរកការឈ្នះពាន ដើម្បីបំពេញការខកចិត្ត នៅក្នុងការប្រកួតលីគកំពូលកម្ពុជា ដែលវិសាខា បានត្រឹមលេខ៣ និងក្រុមការពារតំណែងជើងឯង បឹងកេត បានលេខ៥។ ចំណែកប្រវត្តិល្អ ក្នុងពានរង្វាន់សម្តេចហ៊ុនសែននេះ ក្រុមវិសាខា ជាម្ចាស់ជើងឯក កាលពីឆ្នាំ២០២០ ហើយបឹងកេត ធ្លាប់ឈ្នះជើងឯក កាលពីឆ្នាំ២០១៩៕